អន្តរជាតិ
នយោបាយអន្តរជាតិ
តួកគីថា អ៊ុយក្រែន រុស្ស៊ី និង UN អាចជួបជុំគ្នាម្ដងទៀតដើម្បីជជែកការបើកសមុទ្រខ្មៅសម្រាប់ដឹកគ្រាប់ធញ្ញជាតិ រដ្ឋមន្រ្តីការពារជាតិតួកគី Hulusi Akar ។ រូបថត AFP
× រដ្ឋមន្ត្រីការពារជាតិតួកគីលោក Hulusi Akar នៅថ្ងៃទី១៨ ខែកក្កដា អះអាងថា តំណាងរុស្ស៊ី, អ៊ុយក្រែន, តួកគី និងអង្គការសហប្រជាជាតិ (UN) ទំនងជានឹងជួបប្រជុំគ្នានៅក្នុងសប្ដាហ៍នេះដើម្បីពិភាក្សាគ្នាពីការបើកផ្លូវសមុទ្រខ្មៅអ៊ុយក្រែនឡើងវិញសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ។
សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនធ្វើឱ្យតម្លៃគ្រាប់ធញ្ញជាតិ, ប្រេងឆា, ប្រេងឥន្ទនៈ និងជីកសិកម្មដោយសារតែផ្លូវសមុទ្រខ្មៅអ៊ុយក្រែនត្រូវបានបិទក្នុងវិបត្តិអ៊ុយក្រែន។ កប៉ាល់រាប់សិបគ្រឿងក៏បានជាប់គាំង ហើយគ្រាប់ធញ្ញជាតិប្រហែលជាង២០លានតោនជាប់នៅទីក្រុង Odesa របស់អ៊ុយក្រែន។ អ៊ុយក្រែន និងរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ស្រូវសាលីដ៏សំខាន់នៅលើពិភពលោក ហើយរុស្ស៊ីក៏ជាអ្នកនាំចេញជីកសិកម្មដ៏ធំផងដែរ ខណៈដែលអ៊ុយក្រែនជាអ្នកនាំចេញពោត និងប្រេងផ្កាឈូករ័ត្នដ៏សំខាន់មួយ។
ដើម្បីបំបែកភាពជាប់គាំង តួកគី បានសម្របសម្រួលជំនួបជាមួយអង្គការសហប្រជាជាតិ រុស្ស៊ី និងអ៊ុយក្រែនកាលពីសប្ដាហ៍មុន ដោយភាគីទាំងអស់សុទ្ធតែបង្ហាញជំហរវិជ្ជមាន។ ជំនួបលើកទី២ អាចធ្វើនៅសប្ដាហ៍នេះ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីការពារជាតិតួកគី Hulusi Akar ។
លោក Akar និយាយនៅថ្ងៃទី១៨ ថា ភាគីទាំងបួនប្រហែលជានឹងជួបគ្នាក្នុងសប្ដាហ៍នេះដើម្បីពិភាក្សាលម្អិតពីការបើកច្រករបៀងនាំចេញគ្រាប់ធញ្ញជាតិខាងលើឡើងវិញ បន្ទាប់ពីភាគីទាំងបួនបានព្រមព្រៀងគ្នាលើផែនការ និងគោលការណ៍ទូទៅរួចហើយ។ លោក Akar ក៏សង្កត់ធ្ងន់ថា បញ្ហាបច្ចេកទេសដូចជាការបង្កើតមជ្ឈមណ្ឌលត្រួតពិនិត្យនៅអ៊ីស្តង់ប៊ុល ការកំណត់ផ្លូវសុវត្ថិភាព និងប៉ុស្តិ៍ត្រួតពិនិត្យនៅច្រកចេញចូល ស្ថិតនៅក្នុងរបៀបវារៈក្នុងការពិភាក្សាគ្នាលើកមុខ។
បើតាមរដ្ឋមន្ត្រីការពារជាតិតួកគីរូបនេះ តួកគីនឹងជួយធានាសុវត្ថិភាពនៃផ្លូវនាំចេញសមុទ្រខ្មៅ ដោយនឹងជួយបង្កើតមជ្ឈមណ្ឌលសម្របសម្រួលជាមួយអ៊ុយក្រែន រុស្ស៊ី និង UN សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិទៅទីផ្សារពិភពលោកឡើងវិញ៕
Tag:
អ៊ុយក្រែន
រុស្ស៊ី
UN
តួកគី
© រក្សាសិទ្ធិដោយ thmeythmey.com