អន្តរជាតិ
អ្នកជំនាញជំងឺ​ឆ្លង Fauci គ្រោងចូលនិវត្តន៍នៅចុងអាណត្តិលោក បៃឌិន ក្រោយបម្រើការឱ្យប្រធានាធិបតី៧នាក់
19, Jul 2022 , 8:29 pm        
រូបភាព
អ្នកជំនាញជំងឺឆ្លងអាម៉េរិក វេជ្ជបណ្ឌិត Anthony Fauci ។ រូបថត Xinhua
អ្នកជំនាញជំងឺឆ្លងអាម៉េរិក វេជ្ជបណ្ឌិត Anthony Fauci ។ រូបថត Xinhua
មន្ត្រីជាន់ខ្ពស់អាម៉េរិកខាងជំងឺឆ្លង វេជ្ជបណ្ឌិត Anthony Fauci បានបញ្ជាក់ថា លោកនឹងចូលនិវត្តន៍​នៅត្រឹមចុងអាណត្តិប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ។​ ក៏ប៉ុន្តែការចូលនិវត្តន៍ អាចនឹងកើតឡើងលឿន​ជាងនេះដែរ។

 
ក្នុងបទសម្ភាសតាមទូរស័ព្ទជាមួយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៨​ ខែកក្កដា លោកវេជ្ជបណ្ឌិត Anthony Fauci វ័យ៨១ឆ្នាំ បានបញ្ជាក់ថា លោកនឹងចូលនិវត្តន៍នៅពេលអាណត្តិរបស់ លោក ចូ បៃឌិន បញ្ចប់ដែរ។
 
«ខ្ញុំមិនទាន់បានប្រកាសជាផ្លូវការពីការចូលនិវត្តន៍របស់ខ្ញុំនោះឡើយ ក៏ប៉ុន្តែខ្ញុំនឹងអាចនឹងចូលនិវត្តន៍​ចាប់ពីពេលនេះរហូតដល់ពេលដាច់អាណត្តិរបស់លោក ចូ បៃឌិន ក្នុងនាមជាប្រធានាធិបតី»។ លោក Fauci បានបញ្ជាក់បែបនេះ។
 
យ៉ាងណាក្ដី លោក Fauci ក៏មិនទាន់ច្បាស់នឹងឈប់បម្រើការងារ​នៅ​ពេល​ជាក់​លាក់​ណា​មួយ​នោះ​ឡើយ ព្រោះលោកនៅចង់បន្តការងារដោយសារតែនៅមានកម្លាំង និង​មានចំណង់​ចំណូលចិត្តបម្រើ​ការងារ​ចំពោះសុខភាពសាធារណៈអាម៉េរិក និងសុខភាពសាធារណៈសកល។
 
លោក Fauci បានក្លាយជានាយកវិទ្យាស្ថានជាតិនៃអាលែកហ្សី និងជំងឺឆ្លង (NIAID) ចាប់តាំងពីឆ្នាំ ១៩៨៤ មកដល់បច្ចុប្បន្ន ដោយលោកបម្រើការងារឱ្យប្រធានាធិបតីអាម៉េរិក៧នាក់មកក្និងតំណែង។ នៅឆ្នាំ២០២០ វេជ្ជបណ្ឌិតរូបនេះ បានដើរតួយ៉ាងសំខាន់បំផុតនៃកិច្ចខិតខំរបស់រដ្ឋាភិបាលអាម៉េរិកក្នុង​ការទប់ស្កាត់ជំងឺកូវីដ-១៩ ក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ ទោះប្រទាំងប្រទើសគ្នាលើវិធានការជាច្រើនក្ដី៕
 
 
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com