អន្តរជាតិ
ទីម័រខាងកើតសង្ឃឹមចូលជាសមាជិកអាស៊ាននៅឆ្នាំ២០២៣ ពេលឥណ្ឌូណេស៊ីជាប្រធាន
20, Jul 2022 , 9:29 am        
រូបភាព
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ (ឆ្វេងកណ្ដាល) ក្នុងជំនួបជាមួយសមភាគីទីម័រខាងកើត Jose Ramos-Horta (ស្ដាំកណ្ដាល)។
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ (ឆ្វេងកណ្ដាល) ក្នុងជំនួបជាមួយសមភាគីទីម័រខាងកើត Jose Ramos-Horta (ស្ដាំកណ្ដាល)។
ទីម័រខាងកើត ចង់ជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយឥណ្ឌូណេស៊ី ហើយចង់ចូលជាសមាជិក​អាស៊ាននៅឆ្នាំក្រោយ ពេលឥណ្ឌូណេស៊ីក្លាយជាប្រធានអាស៊ាន។ ប្រធានាធិបតីទីម័រខាងកើត Jose Ramos-Horta លើកឡើងបែបនេះ នៅថ្ងៃទី១៩ ខែកក្កដា ក្នុងដំណើរទស្សនកិច្ចនៅ​ឥណ្ឌូណេស៊ី។


ប្រធានាធិបតីទីម័រខាងកើត Jose Ramos-Horta នៅថ្ងៃទី១៩ ខែកក្កដា បានធ្វើដំណើរ​ទៅ​ឥណ្ឌូណេស៊ី ដែលជាទស្សនកិច្ចលើកដំបូង ក្រោយលោកជាប់ឆ្នោតជាប្រធានាធិបតី​កាលពីខែមេសា។ លោក Ramos-Horta បានជាប់ឆ្នោតជាប្រធានាធិបតីទីម័រខាងកើត​ជាលើកទី២ក្នុងឆ្នាំ២០២២ ខណៈអាណត្តិមុនចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១២។ 
 
ទាក់ទិននឹងដំណើរទស្សនកិច្ចនេះ លោក Ramos-Horta បង្ហាញបំណងជំរុញទំនាក់ទំនង​ពាណិជ្ជកម្ម​រវាងប្រទេសទាំងពីរ និងបង្ហាញបំណងចង់ចូលជាសមាជិកអាស៊ាននាឆ្នាំក្រោយ​ពេលឥណ្ឌូណេស៊ី​ធ្វើ​ជាប្រធានអាស៊ានតែម្ដង។ 
 
«ទីម័រខាងកើត ដែលជាផ្នែកមួយនៃតំបន់អាស៊ីអាគ្នេយ៍ បានបំពេញតម្រូវការជាច្រើនដែល​ចាំបាច់​សម្រាប់ដំណើរការសេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យ។ ដូច្នេះទីម័រខាងកើតនឹងក្លាយ​ជាសមាជិក​អាស៊ានដែលបំពេញការងារបានល្អ»។ ប្រធានាធិបតីទីម័រខាងកើតថ្លែងបែបនេះ ក្នុង​ជំនួប​ទ្វេភាគី​ជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ។ 
 
លោក Ramos-Horta ​សង្ឃឹមថា ប្រទេសវ័យក្មេងរបស់លោកអាចចូលជាសមាជិកអាស៊ាន ពេលឥណ្ឌូណេស៊ីធ្វើ​ជាម្ចាស់ផ្ទះកិច្ច​ប្រជុំ​អាស៊ាននៅឆ្នាំក្រោយ។ នេះបើតាមទី​ភ្នាក់ងារព័ត៌មាន Reuters។ ប្រធានាធិបតីទីម័រខាងកើតបានលើកឡើងពីបំណងបង្កើនទំនាក់ទំនង​ពាណិជ្ជកម្មទ្វេ​ភាគីរវាងទីម័រខាងកើត និងឥណ្ឌូណេស៊ីផងដែរ។ 
 
«យើងបានយល់ព្រមបង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ»។ លោក វីដូដូ តប​បែប​នេះ​ក្នុងជំនួបវិមាន​ Istana Bogor ។ ឥណ្ឌូណេស៊ីបាន​វិនិយោគលុយ ៨១៨លានដុល្លារ លើ​វិស័យ​ថាមពល ធនាគារ និងទំនាក់ទំនងអាជីវកម្មនៅ​ទីម័រខាងកើត។​ កាលពីឆ្នាំ ២០២១ ពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរនេះមាន​តម្លៃប្រហែល ២៥០លាន​ដុល្លារ។
 
លោក Ramos-Horta ក៏ស្វាគមន៍ចំពោះការឆ្លើយតបរបស់ទីក្រុងហ្សាការតាស្ដីពី​ការពង្រឹងទំនាក់ទំ​ន​ងពាណិជ្ជកម្ម និងការប្ដេជ្ញាចិត្តដើម្បីឱ្យទីម័រខាងកើតបានចូលជា​សមាជិកអាស៊ាននាពេលខាងមុខ។
 
ទីម័រខាងកើតបានដាក់ពាក្យស្នើសុំចូលជាសមាជិកអាស៊ានតាំងពីឆ្នាំ ២០១១ ​មក។ តែមក​ទល់ពេលនេះប្រទេសនេះនៅមិនទាន់ទទួលបានការព្រមព្រៀងចំពោះសំណើ​នេះនៅឡើយ។ បច្ចុប្បន្ន ទីម័រខាងកើតមានឋានៈជាអ្នកអង្កេតការណ៍។
 
គួរបញ្ជាក់ថា ទីម័រខាងកើតធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់ឥណ្ឌូណេស៊ីចាប់ពីឆ្នាំ១៩៧៦ រហូតដល់ឆ្នាំ១៩៩៩ ហើយទទួលបានឯករាជ្យនៅឆ្នាំ២០០២៕ 
 

Tag:
 ទីម័រខាងកើត
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com