ជាតិ
ដើម្បីធានាតម្លៃស្រូវ-អង្ករ ក្រសួងពាណិជ្ជកម្ម នឹងបង្កើតឃ្លាំងស្តុក និងឡសម្ងួត
21, Jul 2022 , 8:59 pm        
រូបភាព
លោក ប៉ែន សុជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី«សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងពាណិជ្ជកម្ម» នៅព្រឹកថ្ងៃទី២១ កក្កដា។ រូបពី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
លោក ប៉ែន សុជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី«សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងពាណិជ្ជកម្ម» នៅព្រឹកថ្ងៃទី២១ កក្កដា។ រូបពី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម មានផែនការបង្កើតឃ្លាំងស្តុក និងឡសម្ងួត ដើម្បីដោះស្រាយបញ្ហាស្រូវខូចរបស់កសិករ និងធានាស្ថេរភាពតម្លៃស្រូវ-អង្ករក្នុងស្រុក។ នេះជាលើកឡើងរបស់ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ក្នុងសន្និសីទសារព័ត៌មានស្ដីពី«សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងពាណិជ្ជកម្ម» នៅថ្ងៃទី២១ កក្កដានេះ។


លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម មានគោលនយោបាយបង្កើតឃ្លាំងស្តុក និងឡសម្ងួតស្រូវ ដើម្បីឆ្លើយតបនឹងការរអ៊ូទាំរបស់ពលរដ្ឋទាក់ទងនឹងស្រូវធ្លាក់ថ្លៃ។ កិច្ចការនេះ នឹងត្រូវសិក្សាជាមួយ រដ្ឋបាលស្បៀងអាហារខេត្តហ៊ើណាន (Henan) របស់ចិន។
 
លោក ថ្លែងដូច្នេះថា៖«កិច្ចការនេះ យើងបានសិក្សា ជាមួយរដ្ឋបាលស្បៀងអាហារខេត្តហ៊ើណាន របស់ប្រទេសចិន ក្នុងការជំរុញការរៀបចំឃ្លាំង និងឡសម្ងួត ដើម្បីទទួលស្ដុកស្រូវ និងទុកឱ្យប្រជាពលរដ្ឋយើង ប្រើប្រាស់។ កុំឱ្យនៅពេលស្រូវធ្លាក់ថ្លៃទៅ យើងចេះតែជំរុញលក់»។
 
ក្រសួងពាណិជ្ជកម្ម ក៏មានគម្រោងលក់រាយ និងលក់ដុំអង្ករក្នុងស្រុក ដែលតម្លៃសមរម្យ ក្នុងករណីទីផ្សារស្រូវ-អង្ករឡើងថ្លៃខ្ពស់។ លើសពីនេះ ក្រសួង បានព្យាយាមទំនាក់ទំនងជាមួយប្រទសផ្សេងទៀតដែលមានតម្រូវការអង្ករខ្ពស់ដូចជា ឥណ្ឌូនេស៊ី ហ្វីលីពីន  បង់ក្លាដេស និងចិន ដើម្បីពង្រីកការនាំចេញអង្ករកម្ពុជាបន្ថែម។
 
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆមាសទី១ឆ្នាំ២០២២នេះ កម្ពុជា បាននាំចេញអង្ករជាង ៣២ម៉ឺនតោនទៅកាន់សហភាពអឺរ៉ុប ចិន អាស៊ាន និងប្រទេសគោលដៅ២៣ទៀត កើនឡើង១៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ចំណែក ការនាំចេញស្រូវមានជាង ១៧៣ម៉ឺនតោន ទៅកាន់វៀតណាម កើនឡើង២ភាគរយ នឹងរយៈពេលដូចគ្នាឆ្នាំ២០២១៕
 
 
 

Tag:
 ក្រសួងពាណិជ្ជកម្ម
  ឃ្លាំងស្តុកស្រូវ
  ឡសម្ងួត
© រក្សាសិទ្ធិដោយ thmeythmey.com