អត្ថបទពាណិជ្ជកម្ម
កម្មវិធី«អាហ្វធើ»របស់អង្គការយូនីដូកម្ពុជា បានបិទបញ្ចប់ក្រោយគាំទ្រការស្ដារសហគ្រាសធុនមីក្រូ តូច និងមធ្យមក្នុងស្រុក អស់ពេល២០ខែ
22, Jul 2022 , 4:30 pm        
រូបភាព
ភ្នំពេញថ្ងៃទី២១​ ខែកក្កដា ឆ្នាំ២០២២៖ សហគ្រាសមីក្រូធុន តូច និងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចប្រទេសកម្ពុជា។ សហគ្រាសភាគច្រើន បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារជំងឺរាតត្បាតកូវីដ-១៩ ដែលបណ្ដាលឱ្យពួកគេមួយចំនួន បានបិទទ្វារ កាត់បន្ថយការងារ និងសមត្ថភាពនៃការផលិត ជាហេតុដែលនាំឱ្យបាត់បង់ប្រាក់ចំណូល និង​ប៉ះពាល់ដល់ជីវភាពផងដែរ។
 
កម្មវិធីការ​ស្ដារឡើងវិញ ក្នុងវិស័យកសិ-អាហារ និងវិស័យទេសចរណ៍ (ហៅកាត់ថា- អាហ្វធើ) ជាគំនិតផ្ដួចផ្ដើមរបស់អង្គការយូនីដូកម្ពុជា។ កម្មវិធីអាហ្វធើ មានគោលបំណងបង្កើនភាពធន់ និងការស្តារឱ្យប្រសើរឡើង នូវសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងវិស័យវិស័យ​កសិ-អាហារ និងវិស័យទេសចរណ៍ ក្នុងបរិការណ៍កូវីដ-១៩។ កម្មវិធីនេះ មានធាតុសំខាន់​ៗចំនួន៣៖ 
  


១. គាំទ្រសហគ្រាសក្នុងវិស័យកសិ-អាហារ និងវិស័យទេសចរណ៍ ដើម្បីបង្កើនគុណភាពផលិតផល និងសេវាកម្មរបស់ពួកគាត់។ 
២. គាំទ្រសហគ្រាសក្នុងវិស័យកសិ-អាហារ និងវិស័យទេសចរណ៍ ក្នុងការអនុវត្តវិធានការសុវត្ថិភាព និងអនាម័យក្នុងផលិតកម្ម និងសេវាកម្មទេសចរណ៍។ 
៣. គាំទ្រដល់ការអភិវឌ្ឍគោលនយោបាយជាតិ ដើម្បីជំរុញការស្តារឡើងវិញនូវសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងវិស័យកសិ-អាហារ និងទេសចរណ៍។
 
ក្នុងពិធីដ៏អធិកអធមនេះដែរ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ ក្រសួងទេសចរណ៍មានប្រសាសន៍ថា៖«ក្នុងទិសដៅគាំទ្រ ជំរុញ និងស្តាវិស័យទេសចរណ៍ឡើងវិញ ក្នុងក្របខណ្ឌនៃការកសាងគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ ក្រសួងទេសចរណ៍ក៏បានរៀបចំឯកសារគោលសំខាន់ៗ រួមមាន៖ (ទី១) ផែនទីចង្អុលផ្លូវស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ (ទី២) ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ (ទី៣) ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២១-២០៣៥ និង (ទី៤) កំពុងបញ្ចប់ “ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប ឆ្នាំ២០២២-២០៣៥”។»
 




«លក្ខខណ្ឌអំណោយផលទាំងនេះ បានធ្វើឲ្យការធ្វើដំណើរ និងទេសចរមកកម្ពុជា មានកំណើនគួរឲ្យកត់សម្គាល់ ដោយត្រឹមឆមាសទី២ ឆ្នាំ២០២២នេះ ទេសចរអន្តរជាតិចូលមកទស្សនាកម្ពុជា មានចំនួនប្រមាណជាង ៥០ម៉ឺននាក់ កើនឡើងក្នុងអត្រា ៣៩៤% ធៀប រយៈពេលដូចគ្នាឆ្នាំ២០២១ ដោយទេសចរអន្តរជាតិចូលមកប្រមាណ ៥ ០០០ ទៅ៥ ៦០០នាក់ ក្នុងមួយថ្ងៃ។ តាមការប៉ាន់ស្មាន ពេញមួយឆ្នាំ២០២២នេះ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១លាននាក់ ឬអាចច្រើនជាងនេះ ហើយនឹងប្រមាណ ២លាននាក់ នៅក្នុងឆ្នាំ២០២៣ ជាឆ្នាំដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម។» លោកបានបន្ថែមដូច្នេះ។
 
កម្មវិធីអាហ្វធើ ត្រូវបានផ្តល់មូលនិធិដោយប្រទេសស្វីស តាមរយៈទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (ហៅកាត់ - អេសឌីស៊ី) និងអនុវត្តដោយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (ហៅកាត់ - យូនីដូ) ក្នុងភាពជាដៃគូជាមួយរដ្ឋាភិបាលកម្ពុជា។ ភាគីពាក់ព័ន្ធសំខាន់ៗរបស់រដ្ឋាភិបាលរួមមាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រីឯភាគីពាក់ព័ន្ធផ្សេងទៀត រួមមានវិស័យឯកជន និងសមាគមនានាតំណាងឱ្យវិស័យឯកជន ឬអាជីវកម្មក្នុងខ្សែសង្វាក់កសិ-អាហារ និងទេសចរណ៍​។ តំបន់គោលដៅរបស់កម្មវិធីរួមមាន រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង។ គម្រោងនេះមានថវិកាសរុបចំនួន ១ ០០០ ០០០ ដុល្លារអាម៉េរិក ជាមួយនឹងទឹកប្រាក់ជំនួយសរុបចំនួន ១ ៤៧៥ ០០០ ដុល្លារអាម៉េរិក សរុបទាំងការសហការរបស់ដៃគូ។ កម្មវិធីនេះបានចាប់ផ្តើមពីខែធ្នូ ឆ្នាំ ២០២០ និងបញ្ចប់នៅខែកក្កដា ឆ្នាំ ២០២២។ 


 
អំពីអង្គការយូនីដូកម្ពុជា និង កម្មវិធីអាហ្វធើ 
កម្មវិធី​ការស្ដារសហគ្រាស ក្នុងវិស័យកសិ-អាហារ និងវិស័យទេសចរណ៍(ហៅកាត់ថា- អាហ្វធើ) ជាគំនិតផ្ដួចផ្ដើមរបស់អង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (ហៅកាត់ថា - យូនីដូ) ដែលជាភ្នាក់ងារ​ឯកទេសរបស់អង្គការសហប្រជាជាតិ ដែលជួយលើកកម្ពស់ការអភិវឌ្ឍន៍ឧស្សាហកម្ម ដើម្បីសម្រេចបានការកាត់បន្ថយភាពក្រីក្រ សកលភាវូបនីយកម្មដែលប្រកបដោយបរិយាប័ន្ន និងនិរន្តភាពបរិស្ថាន។ សម្រាប់ព័ត៌មានបន្ថែមស្ដី ពីគម្រោងអាហ្វធើ និងអង្គការយូនីដូ សូមចូលទៅកាន់គេហទំព័រ៖ 
 









(អត្ថបទពាណិជ្ជកម្ម)
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com