ជាតិ
អត្ថបទពាណិជ្ជកម្ម
ERA Cambodia នឹងបង្កើនភ្នាក់ងារលក់ដល់៥ពាន់នាក់សម្រាប់ទីផ្សារខុនដូកម្ពុជា
24, Jul 2022 , 11:08 am        
រូបភាព
ដោយ: ថ្មីៗ
ក្រុមហ៊ុន ERA Cambodia ដែល ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯកទេសផ្នែកទិញ លក់ និងជួល ខុនដូ មានយីហោដើមពីសហរដ្ឋអាមេរិក នឹងបង្កើនភ្នាក់ងារលក់ដល់ប្រមាណ ៥ ០០០ នាក់នៅរយៈពេល៥ឆ្នាំខាងមុខ ដែលកើនពី ១ ៥០០ នាក់នាពេលបច្ចុប្បន្ន។ នេះបើតាមការលើកឡើងរបស់លោក ខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia។

ចំណុចសំខាន់៖

ខុនដូផ្គត់ផ្គង់នៅភ្នំពេញរំពឹងកើនដល់ជិត៨ម៉ឺន យូនីតនៅឆ្នំា២០២៥
ពលរដ្ឋខ្មែរទិញខុនដូភាគច្រើនមានវ័យចន្លោះពី ២៥ ទៅ ៣៥ ឆ្នាំ
ការរំពឹងងើបឡើងវិញនៃរំហូរវិនិយោគផ្ទាល់ពីបរទេស នឹងជួយបង្កើនតម្រូវការខុនដូនៅកម្ពុជា
ERA Cambodia កំពុងត្រៀមខ្លួនដើម្បីចាប់យកចំណែកទីផ្សារ ដោយបង្កើនភ្នាក់ងារលក់ពី ១ ៥០០នាក់ នាពេលបច្ចុប្បន្ន ដល់ទៅ៥០០០ នាក់នៅ៥ឆ្នាំខាងមុខ

«អតិថិជនចាប់ផ្តើមយល់ដឹងកាន់តែច្រើនលើការប្រើប្រាស់ក្រុមហ៊ុនដែលផ្តល់សេវាកម្មស្តង់ដារ មានភ្នាក់ងាររាប់រយពាន់នាក់ មានការទទួលស្គាល់ពីស្ថាប័នជាតិ និងអន្តរជាតិ ដែលតែងតែផ្តល់ទំនុកចិត្តខ្ពស់សម្រាប់អតិថិជន ក៏ដូចជាម្ចាស់គម្រោង»។

ក្រុមហ៊ុន ERA Cambodia ដែលជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯកទេសផ្នែកទិញ លក់ និងជួល ខុនដូ មានយីហោដើមពីសហរដ្ឋអាមេរិក នឹងបង្កើនភ្នាក់ងារលក់ដល់ប្រមាណ ៥០០០ នាក់នៅរយៈពេល៥ឆ្នាំខាងមុខ ដែលកើនពី ១ ៥០០ នាក់នាពេលបច្ចុប្បន្ន។ នេះបើតាមការលើកឡើងរបស់លោក ខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia។

បើតាមអ្នកជំនាញរូបនេះ  ការពង្រីកភ្នាក់ងារលក់គឺដើម្បីបង្កើនប្រសិទ្ធិភាពទីផ្សារ ដែលនឹងឆ្លើយតបកំណើនតម្រូវការទិញ-លក់ខុនដូនៅកម្ពុជានាពេលខាងមុខ។ ខណៈដែលបច្ចុប្បន្ន លោកបញ្ជាក់ថា ប្រតិបត្តិការទិញ-លក់ខុនដូតាមរយៈ ERA Cambodia បានបង្ហាញការកើនឡើងច្រើនរយៈពេលពាក់កណ្តាលឆ្នាំ ២០២២ ហើយការទិញ-លក់នេះ នឹងកើនបន្ថែមទៀតនៅចុងឆ្នាំនេះ ដោយសារការរំពឹងទុកនៃរំហូរវិនិយោគពីបរទេស និងកំណើនពលរដ្ឋវ័យក្មេងក្នុងស្រុកដែលមានជីវភាពធូរធា។

ការថ្លែងបែបនេះរបស់លោក ខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia បានធ្វើឡើងក្នុងកម្មវិធីទទួលស្គាល់សមិទ្ធិផល និងអាជីពការងារ ឬហៅថា Career Advancement Day នៅឯភោជនីយដ្ឋានទន្លេបាសាក់ II។ ក្រុមហ៊ុនតែងរៀបចំកម្មវិធីនេះឡើងជារៀងរាល់ឆ្នាំ ក្នុងការជំរុញលើកទឹកចិត្ត និងតម្រង់ទិសដៅក្រុមការងារ និងភ្នាក់ងារលក់ ដើម្បីបង្កើនស្មារតីនៃការខិតខំ និងបន្តផ្តល់សេវាកម្មប្រកបដោយគុណភាព និងវិជ្ជាជីវៈខ្ពស់ក្នុងទីផ្សារដែលកំពុងមានភាពប្រកួតប្រជែង។

លោកថ្លែងថា៖ «ទោះឋិតក្នុងស្ថានភាពដែលបង្កឡើងដោយបញ្ហាកូវីដ-១៩ ក៏ភ្នាក់ងារលក់របស់យើងនៅតែបន្តការខិតខំ និងបោះជំហានឥតឈប់ឈ ដើម្បីជួយសម្រួលការទិញ លក់ ដល់អតិថិជន។ ហើយទាំងនេះក៏ព្រោះតែអតិថិជនចាប់ផ្តើមយល់ដឹងកាន់តែច្រើនលើការប្រើប្រាស់ក្រុមហ៊ុនដែលផ្តល់សេវាកម្មស្តង់ដារ មានភ្នាក់ងាររាប់រយពាន់នាក់ មានការទទួលស្គាល់ពីស្ថាប័នជាតិ និងអន្តរជាតិ ដែលតែងតែផ្តល់ទំនុកចិត្តខ្ពស់សម្រាប់អតិថិជន ក៏ដូចជាម្ចាស់គម្រោង»។

បុគ្គលិក និងភ្នាក់ងារលក់ឆ្នើមចំនួន ៧១នាក់ទទួលបានពានរង្វាន់លើកទឹកចិត្តសម្រាប់សមិទ្ធិផលសម្រេចបានរយៈពេលពាក់កណ្តាលឆ្នាំ២០២២នេះ ដោយបែងចែកជាបួនប្រភេទផ្សេងគ្នា។ ក្នុងនោះ ភ្នាក់ងារលក់ទទួលបានកម្រៃជើងសារខ្ពស់ជាងគេមានចំនួន ៣២នាក់, ភ្នាក់ងារលក់សម្រេចប្រតិបត្តិការលក់ច្រើនជាងគេមានចំនួន ១០នាក់, ភ្នាក់ងារដែលសម្រេចការលក់ខុនដូដែលមានតម្លៃ១លានដុល្លារចំនួន ១៩នាក់ ព្រមទាំងអ្នកគ្រប់គ្រង និងអ្នកជ្រើសរើសចំនួន១០នាក់។

កម្មវិធី Career Advancement Day របស់ក្រុមហ៊ុន ERA Cambodia ទទួលបានការចូលរួមសហការគាំទ្រពីគម្រោងអភិវឌ្ឍន៍ខុនដូធំៗដូចជាគម្រោង Morgan EnMaison, La Vista, R&F និងគម្រោងខុន Time Square ហើយម្ចាស់គម្រោងខុនដូទាំងនេះក៏បានប្រកាសបញ្ចុះតម្លៃពិសេស ខណៈដែលក្រុមហ៊ុន Z1 FINANCIAL ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ថ្នាលបច្ចេកវិទ្យាវិនិយោគដោយផ្តោតលើវិស័យអចលនទ្រព្យតាមបែបបច្ចេកវិទ្យា Blockchain ក៏បានបង្ហាញវត្តមានជាអ្នកគាំទ្រដ៏សំខាន់នៅក្នុងកម្មនេះផងដែរ។

ERA Real Estate ជាក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧២ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ បច្ចប្បន្នក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកមួយនេះមានភ្នាក់ងារអាជីពប្រមាណ ៤០ ០០០នាក់ ជាមួយការរិយាល័យប្រតិបត្តិការដល់ទៅ ២ ២០០ ការិយាល័យ នៅទូទាំង ៣៧ ប្រទេសលើពិភពលោក។

ម៉ាកយីហោអចលនទ្រព្យ ERA Real Estate ត្រូវបាននាំចូលមកកម្ពុជា ហើយប្រតិបត្តិការក្រោមឈ្មោះ ERA Cambodia ចាប់តាំងពីឆ្នាំ២០១៨ ដែលដឹកនាំដោយលោក ខន គង្គា ជាអគ្គនាយក និងនាយកប្រតិបត្តិ។  ERA Cambodia ជាក្រុមហ៊ុនមានឯកទេសទិញ លក់ និងជួលខុនដូ ដោយផ្ដោតលើតំបន់សំខាន់៣រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ បច្ចុប្បន្នក្រុមហ៊ុនមានភ្នាក់ងារប្រមាណ ១ ៥០០នាក់ សម្រាប់បម្រើសេវាកម្មទិញ លក់ និងជួលខុនដូនៅកម្ពុជា។

រយៈពេលជាង ៤ ឆ្នាំនៃវត្តមានក្រុមហ៊ុន ERA Cambodia បើកដំណើរការនៅក្នុងទីផ្សារកម្ពុជា ក្រុមហ៊ុននេះទទួលបានការសហការដើម្បីលក់គម្រោងខុនដូធំៗជាង៣០គម្រោង ដែលទុនវិនិយោគនៃគម្រោងទាំងនេះបូកបញ្ចូលគ្នាមានតម្លៃខ្ទង់ពាន់លានដុល្លារអាមេរិក។

គិតត្រឹមដំណាច់ឆ្នាំ ២០២១ ការផ្គត់ផ្គង់ខុនដូនៅរាជធានីភ្នំពេញ បានកើនដល់ជាង ២ម៉ឺន៧ពាន់យូនីត (ស្មើនឹង៩៥ អគារ)។ ចំនួននៃការផ្គត់ផ្គង់នេះរំពឹងកើនដល់ជាង ៧ម៉ឺន ៨ពាន់ យូនីត (ស្មើនឹង១៧៥ អគារ) នៅត្រឹមឆ្នាំ២០២៥។ ទីផ្សារខុនដូនៅភ្នំពេញមានតម្លៃជាមធ្យម ១ ៣០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈដែលតម្លៃជួលវិញអាចមានតម្លៃចន្លោះពី ៨ ទៅ ១៤ ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែ។ នេះបើតាមរបាយការស្រាវជា្រវក្នុងវិស័យអចលនទ្រព្យ។

របាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២១ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា គម្រោងសាងសង់ជាច្រើនដែលបានផ្អាក ចាប់ផ្តើមដំណើការសាងសង់ឡើងវិញ ស្របពេលដែលរំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលផ្តោតលើវិស័យសំណង់ក៏បានបង្ហាញការងើបឡើងវិញជាវិជ្ជមានផងដែរ។  របាយការណ៍ធនាគារពិភពលោក បានរកឃើញថា នៅចន្លោះឆ្នាំ ២០១៤ ដល់ខែមិថុនាឆ្នាំ២០២០ ទុនវិនិយោគផ្ទាល់ពីបរទេស ដែលទទួលបានការអនុម័តច្រើនជាងគេគឺចាក់បញ្ចូលទៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ ដោយមានទុនបូកបញ្ចូលគ្នាដល់ទៅ ៥ ពាន់លានដុល្លារអាមេរិក។ ទំហំទុនវិនិយោគនេះ គឺស្មើនឹងមួយភាគបី (1/3) នៃតម្លៃគម្រោងវិនិយោគពី FDI។

បើតាមអគ្គនាយកក្រុមហ៊ុន ERA Cambodia លោក ខន គង្គា បានបញ្ជាក់ថា រយៈពេល៤ឆ្នាំចុងក្រោយនេះ យុវជនកម្ពុជាដែលរស់នៅទីក្រុងភ្នំពេញដែលទិញខុនដូតាមរយៈក្រុមហ៊ុន ERA Cambodia ភាគច្រើនគឺជាយុវជនក្នុងស្រុកដែលមានវ័យចន្លោះពី ២៥ ទៅ ៣៥ឆ្នាំ និងមួយចំនួនទៀតជាពលរដ្ឋខ្មែររស់នៅបរទេស ទិញទុកវិនិយោគ។ លោកបន្ថែមថា អនាគតខុនដូនឹងក្លាយជាតម្រូវការចម្បងរបស់យុវជនកម្ពុជា ហើយរាជធានីភ្នំពេញជាទីតាំងយុទ្ធសាស្រ្តសម្រាប់ការផ្គត់ផ្គង់ខុនដូ៕

អត្ថបទពាណិជ្ជកម្ម




























Tag:
 ERA Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com