ជាតិ
សម្ដេច ស ខេង៖ មន្ត្រីនគរបាលណា ដែលមិនឆ្លងកាត់វគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈនគរបាល សូមដើរចេញពីក្របខណ្ឌ
26, Jul 2022 , 7:59 pm        
រូបភាព
មន្ត្រីនគរបាលពីកម្រិតអគ្គនាយកដ្ឋានចុះក្រោម ត្រូវឆ្លងកាត់វគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈនគរបាល ។ ប៉ុន្តែបើសិនមិនព្រមរៀនវគ្គបណ្ដុះបណ្ដាលវគ្គនេះទេ ត្រូវដើរចេញពីក្របខណ្ឌនគរបាលជាតិ។ សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងបែបនេះ ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។


សម្ដេច ស ខេង សង្កត់ធ្ងន់ថា ការងាររៀនសូត្រវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាលនេះ មានសារៈសំខាន់ចំពោះការតែងតាំង និងការដំឡើងតួនាទី ឬការផ្ទេរក្របខណ្ឌផ្សេងៗមកចូលក្របខណ្ឌនគរបាលជាតិនេះ ។ បើតាមសម្ដេច ស ខេង ក្នុងករណីដែលមិនបានចូលរៀនវគ្គបណ្តុះបណ្តាលនេះ វាជាកំហុសរបស់នគរបាល ។
 
ក្រសួងមហាផ្ទៃ បានស្រងសម្តីរដ្ឋមន្រ្តី មកសរសេរលើហ្វេសប៊ុកនៅថ្ងៃទី ២៦ កក្កដា ដូច្នេះថា៖«គ្រប់មន្ត្រីប៉ូលីសដែលមានតួនាទីចាប់ពីអគ្គនាយកដ្ឋានចុះ គឺមិនទុកឱ្យនរណាម្នាក់មិនបានរៀនសូត្រវិជ្ជាជីវៈនគរបាលនោះទេ ហើយបើនរណាមិនព្រមមករៀននោះ សូមដើរចេញពីនគរបាល»។
 
រដ្ឋមន្រ្តីមហាផ្ទៃ ប្រាប់អង្គភាពក្រោមចំណុះក្រសួងអនុវត្តវិធានការបែបនេះ ឱ្យបានម៉ត់ចត់ ដោយពុំមានការយោគយល់ និងផ្អែកលើមនោសញ្ចេតនា ចំពោះមន្រ្តីដែលខ្ជិលរៀនវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈនគរបាលឡើយ ពោលគឺត្រូវអនុវត្តផ្អែកទៅលើគោលការណ៍ដែលបានរៀបចំ។ 
 
«ក្នុងករណីដែលមន្ត្រីមានការមមាញឹកក្នុងការងារនៅក្នុងអង្គភាព អាចរៀនព្រឹក ធ្វើការល្ងាចបានតាមភាពជាក់ស្តែងក្នុងអង្គភាពរបស់ខ្លួន ការធ្វើបែបនេះគឺ ដើម្បីឱ្យមន្ត្រីគ្រប់រូបអាចទទួលបានចំណេះដឹង និងបំពេញការងារនៅតាមអង្គភាពបាន»។ នេះបើតាមសម្ដេច ស ខេង៕
 
 
 

Tag:
 ស ខេង
  នគរបាល
© រក្សាសិទ្ធិដោយ thmeythmey.com