កីឡាអន្តរជាតិ
អន្តរជាតិ
Suarez ត្រឡប់ទៅលេងឱ្យក្លិបចាស់ Nacional នៅប្រទេសកំណើតវិញ
27, Jul 2022 , 5:29 pm        
រូបភាព
Luis Suarez អតីតខ្សែប្រយុទ្ធឆ្នើម Liverpool និង Barcelona ព្រមព្រៀងត្រឡប់ទៅចូលរួមជាមួយក្រុមចាស់ដំបូងបំផុត Nacional ក្នុងប្រទេសកំណើតអ៊ុយរ៉ូហ្គាយវិញ ក្រោយចប់កិច្ចសន្យាជាមួយ Atletico Madrid។

 
ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំសញ្ចាតិអ៊ុយរ៉ូហ្គាយ បានក្លាយជាកីឡាករទំនេរគ្មានតម្លៃផ្ទេរ បន្ទាប់ពីចាកចេញពី Atletico Madrid ដោយកិច្ចសន្យាផុតកំណត់នៅរដូវកាលថ្មីនេះ។
 
បើតាមការផ្សាយរបស់កាសែត BBC កីឡាករ Suarez នឹងវិលត្រឡប់ទៅក្លិបចាស់ក្នុងអាជីពរបស់ខ្លួន Nacional នៃលីគកំពូលអ៊ុយរ៉ូហ្គាយ Primera División ដែលស្ថិតក្នុងប្រទេសកំណើត។
 
តាមរយៈវីដេអូឃ្លីបមួយដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Suarez និយាយថា៖«យើងសង្ឃឹមថានឹងឈានដល់កិច្ចព្រមព្រៀងជាមួយ Nacional ដែលយើងទាំងអស់គ្នាចង់បាន។ ខ្ញុំសូមអរគុណចំពោះក្តីស្រលាញ់ដ៏អស្ចារ្យចំពោះខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំប៉ុន្មានថ្ងៃចុងក្រោយនេះ»។
 
នាការប្រកួតនៅ Primera División ថ្មីៗនេះ អ្នកគាំទ្រ Nacional ប្រហែល២ម៉ឺននាក់បានពាក់ម៉ាស់ដែលមានរូប Suarez ដោយជឿជាក់ថាខ្សែប្រយុទ្ធរូបនេះទៅជួយក្រុមចាស់ឆាប់ៗ។
 
Suarez បង្ហាញខ្លួនក្នុងអាជីពជាកីឡាករបាល់ទាត់ដំបូងជាមួយ Nacional នៅអាយុ១៨ឆ្នាំ ក្នុងឆ្នាំ២០០៥ ដោយជួយក្រុមឈ្នះពានរង្វាន់លីគអ៊ុយរ៉ូហ្គាយ មុនពេលផ្លាស់ទៅកាន់ក្រុមនៅទ្វីបអឺរ៉ុប Groningen នៅលីគកំពូហូឡង់នៅឆ្នាំ២០០៦។
 
នៅ Groningen មួយរដូវកាល Suarez បានផ្លាស់ទៅ Ajax នៅឆ្នាំ២០០៧ មុនបន្តទៅចូលរួមជាមួយ Liverpool នៅឆ្នាំ២០១១។ នៅហង្សក្រហមបាន៣រដូវកាល ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំនេះ ត្រូវបាន Barcelona ទិញយកទៅរួមក្រុមនៅឆ្នាំ២០១៤។

Barcelona ជាក្រុមជោគជ័យបំផុតសម្រាប់ Suarez ក្នុងអាជីពបាល់ទាត់ ដោយឈ្នះពាន La Liga រួមគ្នាចំនួន៤សម័យ Copa del Rey ៤សម័យ និង Champions League មួយលើកផង។ ឆ្នាំ២០២០ រូបគេបានចូលរួមជាមួយ Atlético Madrid ដោយរួមរស់បាន២រដូវកាល និងជួយក្រុមនេះឈ្នះជើងឯក La Liga នៅរដូវកាល ២០២០-២១៕
 

Tag:
 Luis Suarez
© រក្សាសិទ្ធិដោយ thmeythmey.com