កីឡាអន្តរជាតិ
អន្តរជាតិ
Simeone គ្រូ AT-Madrid បានថ្លៃឈ្នួល៣,៣៣លានដុល្លារក្នុង១ខែ លើស Guardiola ពាក់កណ្តាល
03, Aug 2022 , 8:29 am        
រូបភាព
លោក Diego Simeone អ្នកចាត់ការទូទៅ Atletico Madrid ទទួលបានប្រាក់ឈ្នួល ៣,៣៣ លានដុល្លារក្នុងមួយខែ។ ប្រាក់ឈ្នួលដ៏ច្រើននេះ បានធ្វើឱ្យលោក Simeone ក្លាយជាអ្នកចាត់ការមានប្រាក់ខែខ្ពស់ដាច់គេ នៅក្នុងលីគកំពូលទាំងប្រាំនៅអឺរ៉ុប ដែលតាមពីក្រោយដោយ Pep Guardiola និង Jurgen Klopp។


ជារឿងគួរភ្ញាក់ផ្អើលបំផុតនៅពេលបានដឹងពីចំនួនថ្លៃពលកម្មរបស់អ្នកចាត់ការសញ្ជាតិអាហ្សង់ទីន ដែលទទួលបានពីក្លិប AT-Madrid។ តើអ្វីទៅដែលធ្វើឱ្យលោក Simone អាចទទួលបានប្រាក់ឈ្នួលរហូតដល់៤០លានដុល្លារក្នុងមួយឆ្នាំបែបនេះ?
 
Simone បានប្រែក្លាយក្រុមអេស្ប៉ាញ AT-Madrid លេចធ្លោនៅអឺរ៉ុប ក្រោមរជ្ជកាលរបស់ខ្លួន ចាប់តាំងពីលោកចូលកាន់តំណែងនៅឆ្នាំ២០១១។ ក្រោមការដឹកនាំរបស់អ្នកចាត់ការវ័យ៥០ឆ្នាំ ជាង១០ឆ្នាំមកនេះ AT-Madrid បានឈ្នះពាន La Liga ពីរសម័យកាល និងក្លាយជាក្រុមជោគជ័យបំផុតទី៣ ក្នុងបាល់ទាត់អេស្ប៉ាញបន្ទាប់ពី Real Madrid និង Barcelona។
 
សម្រាប់ក្របខណ្ឌអឺរ៉ុបវិញ លោក Simone បានដឹកនាំ AT-Madrid បង្ហាញខ្លួនក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League ចំនួនពីរលើក ទោះបានត្រឹមរងជើងឯក និងឈ្នះពានរង្វាន់ Europa League ចំនួនពីរលើកផងដែរ។ 
 
សមិទ្ធផលទាំងអស់នេះហើយ បានធ្វើឱ្យលោក Simone ទទួលបានថ្លៃនឿយហត់ច្រើនជាងគេនៅអឺរ៉ុប ដោយលើសលោក Pep Guardiola អ្នកចាត់ការ Manchester City ដែលស្ថិតនៅលេខ២ ក្នុងនាមអ្នកចាត់ការមានប្រាក់បៀវត្សរ៍ច្រើនជាងគេ ដល់ទៅពាក់កណ្តាលឯណោះ។
 
លោក Guardiola អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ ទទួលបានថ្លៃពលកម្មពីក្លិបអ្នកមានអង់គ្លេស Man City ចំនួន ១,៨៩លានដុល្លារក្នុងមួយខែ ឬ២៣លានដុល្លារក្នុងមួយឆ្នាំ ខណៈលោក Jurgen Klopp អ្នកចាត់ការ Liverpool ស្ថិតនៅចំណាត់ថ្នាក់ទី៣ ទទួលបានប្រាក់ឈ្នួល ១,៤១លានដុល្លារក្នុងមួយខែ ឬ១៧លានដុល្លារក្នុងមួយឆ្នាំ។
 
ប្រាក់បៀវត្សរ៍ដ៏ច្រើនត្រូវបានបង់ទៅឱ្យអ្នកអ្នកចាត់ការនៅក្នុងលីគបាល់ទាត់អាជីព ក្នុងប្រទេសអង់គ្លេស Premier League អេស្ប៉ាញ La Liga និងអ៊ីតាលី Serie A ក្នុងចំណោមលីគកំពូលទាំង៥នៅអឺរ៉ុប ដែលរួមមាន Bundesliga អាល្លឺម៉ង់ និង Ligue 1 របស់បារាំង។
 
ខាងក្រោមនេះយើងនឹងបង្ហាញលោកអ្នកអំពីអ្នកចាត់ការទូទៅដែលមានបៀវត្សរ៍ខ្ពស់នៅតាមលីគនៅអឺរ៉ុបទាំង៥រៀងៗខ្លួន៖
Premier League៖ 
 
១.Pep Guardiola អ្នកចាត់ការ Man City (១,៨៩លានដុល្លារក្នុង១ខែ)
២.Jurgen Klopp អ្នកចាត់ការ Liverpool (១,៤៣លានដុល្លារក្នុង១ខែ)
៣.លោក Antonio Conte អ្នកចាត់ការ Tottenham Hotspur (១,៣៣លានដុល្លារក្នុង១ខែ)
 
La Liga៖
១. Diego Simeone អ្នកចាត់ការ AT-Madrid (៣,៣៣លានដុល្លារក្នុង១ខែ)
២. Carlo Ancelotte អ្នកចាត់ការ Real Madrid (៩១ម៉ឺនដុល្លារក្នុង១ខែ)
៣. Marcelino អ្នកចាត់ការ Athletic Bilbao (៥០ម៉ឺនដុល្លារក្នុង១ខែ)
 
Serie A៖
១. Max Allegri អ្នកចាត់ការ Juventus (១,១៧លានដុល្លារក្នុង១ខែ)
២. Jose Mourinho អ្នកចាត់ការ AS Roma (៧៧ម៉ឺនដុល្លារក្នុង១ខែ)
៣. Simeone Inzaghi អ្នកចាត់ការ Inter Milan (៦២ម៉ឺនដុល្លារក្នុង១ខែ)
 
Bundesliga៖
១. Julian Nagelsmann អ្នកចាត់ការ Bayern Munich (៦៦៦០០០ដុល្លារក្នុង១ខែ)
២. Gerardo Seoane អ្នកចាត់ការ Bayer Leverkusen (៤១៦០០០ដុល្លារក្នុង១ខែ)
៣. Marco Rose អ្នកចាត់ការ Borussia Dortmund (៣៧៥០០០ដុល្លារក្នុង១ខែ)
 
Ligue 1៖
១. Mauricio Pochettino កាលនៅដឹកនាំ PSG (១,១លានដុល្លារក្នុង១ខែ)
២. Jorge Sampaoli អ្នកចាត់ការ Marseille (៣៣ម៉ឺនដុល្លារក្នុង១ខែ)
៣. Christophe Galtier កាលនៅចាត់ការ Nice សព្វថ្ងៃដឹកនាំ PSG (៣៣ម៉ឺនដុល្លារក្នុង១ខែ)៕
 

Tag:
 Diego Simeone
  Atletico Madrid
© រក្សាសិទ្ធិដោយ thmeythmey.com