ជាតិ
៦ខែ មូលនិធិគន្ធបុប្ផា ទទួលបានថវិកាបរិច្ចាគ៤លានដុល្លារ
05, Aug 2022 , 7:59 am        
រូបភាព
មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគសរុបចំនួន ៤៩,៧១៨,០៤៨,៧០០រៀល និង៣,៩០៥,២៩៦ដុល្លារអាមេរិក ដោយរួមទាំងថវិកាបរិច្ចាគចំនួន ៩៦០,៥២៩ ដុល្លារអាមេរិក ដែលសប្បុរសជនបានបរិច្ចាគផ្ទាល់ នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (ឬមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប) នៅក្នុងឆមាសទី១ ២០២២។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់មូលនិធិគន្ធបុប្ផាកម្ពុជា។



មូលនិធិគន្ធបុប្ផាកម្ពុជា បានផ្ទេរថវិកាចំនួន ៣,០៥៣,០៩២ ដុល្លារអាមេរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យ ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់កុមារនៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។

សម្រាប់ខែមិថុនាកន្លងមក មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគសរុបចំនួន ៦,៩៧៤,៦២៤,២០០រៀល និង១,៣៤៧,៦៨៥ដុល្លារអាមេរិក ពីសប្បុរសជនសរុបចំនួន ២៨ ៧៨០ រូប និងពីការកាត់កម្រៃសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ក្នុងត្រីមាសទី១ ឆ្នាំ២០២២ ។

ចំពោះសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ដែលបរិច្ចាគថវិកាចូលមូលនិធិគន្ធបុប្ផាកម្ពុជា ចាប់ពី២០លានរៀល (៥ពាន់ដុល្លារ) ទទួលសិទ្ធិជាសមាជិក និងសមាជិកគាំទ្រ បរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់) រៀល ក្នុងមួយខែ ឬ ៦ម៉ឺន រៀល ក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ» តាមរយៈមធ្យោបាយបរិច្ចាគដោយឥតគិតថ្លៃសេវា ជាមួយបណ្តាធនាគារដៃគូដែលរួមមាន ធនាគារ ABA, ACLEDA, Canadia, Chip Mong, Sathapana, Wing, Vattanac, J Trust Royal, ARDB, Cambodian Public និង ភ្នាក់ងារ True Money ឬ តាមរយៈលេខទូរសព្ទ ០៦១ ៧០ ១១១១៕

Tag:
 គន្ធបុប្ផា
  កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com