អន្តរជាតិ
លោក ហ្សេលេនស្គី អំពាវនាវឱ្យចិនជួយបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន
05, Aug 2022 , 11:02 am        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ AFP
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ AFP
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងបទសម្ភាសមួយដែលចេញផ្សាយនៅថ្ងៃទី៤ ខែសីហា បានអំពាវនាវឱ្យមានការពិភាក្សាដោយផ្ទាល់ជាមួយប្រធានាធិបតីចិន ស៊ី ជិនភីង ខណៈដែលលោកជំរុញឱ្យទីក្រុងប៉េកាំងប្រើប្រាស់ឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួនដាក់សម្ពាធលើរុស្ស៊ី ដើម្បីជួយបញ្ចប់សង្គ្រាមឱ្យបានឆាប់។

 
ចាប់តាំងពីរុស្ស៊ីផ្ដើមឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈមក ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី តែងចង់ជួបពិភាក្សាដោយផ្ទាល់ជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនភីង ដើម្បីជំរុញឱ្យចិនជួយដាក់​សម្ពាធលើទីក្រុងមូស្គូ។ នេះបើតាមការលើកឡើងរបស់លោក  ហ្សេលេនស្គី ក្នុងកិច្ចសម្ភាសមួយជាមួយកាសែត South China Morning Post (SCMP)ដែលបានចេញផ្សាយនៅថ្ងៃទី៤ ខែសីហា។ យ៉ាងណាមិញ មកទល់ពេលនេះកិច្ចសន្ទនាជាមួយចិននេះ នៅមិនទាន់បានកើតឡើងឡើយ។
 
«ចាប់តាំងពីការផ្តើមនៃការឈ្លានពានទ្រង់ទ្រាយធំនៅថ្ងៃទី២៤ ខែកុម្ភៈ យើងបានស្នើឱ្យមានការសន្ទនាជាផ្លូវការ ប៉ុន្តែមកទល់ពេលនេះ យើងនៅមិនមានការសន្ទនាណាមួយជាមួយចិនទេ ទោះបីជាខ្ញុំជឿថាវាមានប្រយោជន៍ក៏ដោយ»។ លោក ហ្សេលេនស្គី បានប្រាប់កាសែត South China Morning Post បែបនេះ។ មេដឹកនាំអ៊ុយក្រែន បានបញ្ជាក់ថា លោកធ្លាប់បានសន្ទនាជាមួយលោក ស៊ី ម្តងនៅឆ្នាំមុនតាំងពីមុនផ្ទុះសង្រ្គាមឡើងមកម្ល៉េះ។ 
 
លោក ហ្សេលេនស្គី រួមជាមួយសម្ព័ន្ធមិត្តលោកខាងលិចតែងបានហៅការឈ្លានពានរបស់រុស្ស៊ីថាជាសង្គ្រាមឈ្លានពាន ប៉ុន្តែទីក្រុងប៉េកាំង ទីក្រុងមូស្គូបានអះអាងថាការឈ្លានពានកើតឡើងក៏ដោយសារពង្រីកឥទ្ធិពលណាតូនៅអឺរ៉ុបខាងកើត។ 
 
កន្លងមក លោក ស៊ី ធ្លាប់បានសម្តែងការព្រួយបារម្ភពីជម្លោះនៅអ៊ុយក្រែនម្តងរួចហើយក្នុងអំឡុងកិច្ចប្រជុំកំពូលមួយកាលពីខែមិថុនា។ ទោះ​ជា​យ៉ាង​ណា លោកមិនបានបញ្ជេញយោបល់ទាក់ទងនឹងរបៀបក្នុងការបញ្ចប់សង្គ្រាមឡើយ។ កាលពីដើមខែនេះ លោក ស៊ី ក៏បានសន្ទនាជាមួយលោក ពូទីន ដែលជាមេដឹកនាំដែលលោកធ្លាប់បានហៅជាមិត្តល្អបំផុត ហើយបានអះអាងថាចិននៅតែគាំទ្រចំពោះ អធិបតេយ្យភាព និងសន្តិសុខរបស់រុស្ស៊ី។ ទន្ទឹមនេះដែរ លោក ក៏បានជំរុញឱ្យភាគីទាំងអស់ដោះស្រាយឱ្យបានត្រឹមត្រូវ។ 
 
ពាក់ព័ន្ធនឹងទង្វើរបស់លោក ហ្សេលេនស្គីបានប្រាប់កាសែតដដែលថា លោកយល់ថាចិនចង់រក្សាអាកប្បកិរិយាមានតុល្យភាពក្នុងអំឡុងពេលសង្រ្គាម ប៉ុន្តែលោកបានសង្កត់ធ្ងន់ថាជម្លោះបានចាប់ផ្តើមជាមួយនឹងអ្វីដែលលោកហៅថាការឈ្លានពានដោយមិនញញើតរបស់រុស្ស៊ីលើទឹកដីអធិបតេយ្យភាពអ៊ុយក្រែន។
 
«ចិន ដែលជាប្រទេសធំ និងមានអំណាច អាចដាក់សម្ពាធបន្ថែមលើរុស្ស៊ី។ ហើយពិតណាស់ ខ្ញុំពិតជាចង់ឱ្យចិនពិនិត្យឡើងវិញនូវអាកប្បកិរិយារបស់ខ្លួនចំពោះរុស្ស៊ី»។ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់បែបនេះ។ 
 
គួរបញ្ជាក់ថា ចិន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់រុស្ស៊ី នៅមិនទាន់ថ្កោលទោសចំពោះសកម្មភាពដែលរុស្ស៊ីហៅថាជាប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែននៅឡើយ បើទោះបីជាប្រទេសជាច្រើនបានដាក់ទណ្ឌកម្មលើរុស្ស៊ីរូចហើយក្តី។ ជម្លោះជាង​ប្រាំមួយខែមកនេះ រវាងរុស្ស៊ីនិងអ៊ុយក្រែន បានសម្លាប់ជនស៊ីវិលនៅអ៊ុយក្រែនយ៉ាងហោចណាស់ ៥, ៣២៧ នាក់ និងបានបង្ខំមនុស្សប្រហែល ១២ លាននាក់ចាកចេញពីផ្ទះសម្បែង។ លើសពីនេះ សង្រ្គាមក៏បានរារាំងការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនដែលជាប្រទេសផលិតគ្រាប់ធញ្ញជាតិសំខាន់មួយរបស់ពិភពលោក និងបានធ្វើឱ្យមានកង្វះស្បៀងអាហារ ក៏ដូចជាជំរុញឱ្យតម្លៃកើនឡើងជុំវិញពិភពលោកផងដែរ៕
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com