ជាតិ
រដ្ឋបាលខេត្តក្រចេះ ជំរុញឱ្យពលរដ្ឋខិតខំស្វែងរកផលិតផលសក្ដានុពល ដើម្បីដាក់បញ្ចូលទៅជាចលនា ភូមិ១ ផលិតផល១
07, Aug 2022 , 9:59 pm        
រូបភាព
លោក គង់ គីមនី អភិបាលរងខេត្តក្រចេះ រូបភាពពី រដ្ឋបាលខេត្តក្រចេះ
លោក គង់ គីមនី អភិបាលរងខេត្តក្រចេះ រូបភាពពី រដ្ឋបាលខេត្តក្រចេះ
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ រដ្ឋបាលខេត្តក្រចេះ បានជំរុញឱ្យប្រជាពលរដ្ឋនៅតាមបណ្ដាស្រុកនានាខិតខំស្វែករកផលិតផលផ្សេងទៀត ដែលមានសក្ដានុពលក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីដាក់បញ្ចូលទៅជាចលនា ភូមិ១ ផលិតផល១។ លោក គង់ គីមនី អភិបាលរងខេត្តក្រចេះ អះអាងថា តាមរយៈសកម្មភាពនេះ នឹងធ្វើឱ្យមានឱកាសចូលរួមប្រកួតប្រជែងលើទីផ្សារក្នុងស្រុក និងក្រៅស្រុក  ខណៈផលិតផលរបស់ខ្លួនមានគុណភាពល្អ មិនចាញ់ផលិតផលនៅក្រៅស្រុកឡើយ។


 
លោក គង់ គីមនី អភិបាលរងខេត្តក្រចេះ ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទដៃថា ចលនាភូមិ១ ផលិតផល១នេះ កំពុងដំណើរការបានល្អ តាមរយៈយុទ្ធសាស្ត្ររបស់រដ្ឋបាលខេត្តក្រចេះ ក្នុងការស្វែងរកលក្ខណៈពិសេសរបស់ផលិតផល ឬសេវាកម្មដែលលេចធ្លោរបស់ខេត្ត ដើម្បីចូលរួមប្រកួតសមត្ថភាព។ បើតាមលោក គង់ គីមនី ចលនាភូមិ១ ផលិតផល១នេះ គណៈអភិបាលខេត្ត បានខិតខំប្រឹងប្រែង និងអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការលើកកម្ពស់សេដ្ឋកិច្ចនៅក្នុងខេត្ត និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក គង់ គីមនី  តំណាងគណកម្មាធិការជាតិភូមិ១ ផលិតផល១ ខេត្តក្រចេះ
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទដៃ លោក គង់ គីមនី ពន្យល់ថា៖ «គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ បានពិនិត្យ និងវាយតម្លៃ ក្នុងការកំណត់ផលិតផលខ្មែរ ដែលមានសក្តានុពលក្នុងខេត្តក្រចេះ ជាភូមិ១ ផលិតផល១ ដោយត្រួតពិនិត្យ និងវាយតម្លៃ ផលិតផលទាំងនោះ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យសំខាន់ចំនួន៤គឺ  ទីតាំងផលិតកម្មច្បាស់លាស់, ការឆ្លុះបញ្ចាំងនូវអត្តសញ្ញាណភូមិឋានដែលឆ្លើយតបទៅនឹងនិយមន័យចលនាភូមិ១ ផលិតផល១, ការកែច្នៃដោយបានបង្កប់គំនិតច្នៃប្រឌិត និងផលិតផលប្រមូលផ្តុំគ្នាជាសហគមន៍ ឬជាសមាគម»។

លោក គង់ គីមនី តំណាងគណកម្មាធិការភូមិ១ ផលិតផល១ ខេត្តក្រចេះ
 
ជាមួយគ្នានេះ អភិបាលរងខេត្តរូបនេះ ជំរុញដល់ពលរដ្ឋនៅតាមបណ្ដាស្រុកទាំងអស់ ត្រូវខិតខំស្វែងរកនូវផលិតផលផ្សេងទៀតដែលមានសក្ដានុពលក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីដាក់បញ្ចូលផលិតផលនោះ ទៅជាចលនា ភូមិ១ ផលិតផល១ ដែលអាចយកទៅប្រកួតប្រជែងក្នុងទីផ្សារក្នុងស្រុក និងក្រៅស្រុក៕


ក្រូចថ្លុងកោះទ្រង់ រូបភាពពី  ឡារ៉ែន


Tag:
 ភូមិ១ ផលិតផល១
 កសិកម្ម
 ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com