ជាតិ
រដ្ឋបាលខេត្តព្រះសីហនុ បើកការប្រឡងរចនាប្លង់ខ្លោងទ្វារច្រកចេញចូលបុណ្យសមុទ្រឆ្នាំ២០២២
08, Aug 2022 , 2:48 pm        
រូបភាព
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ រូបពី រដ្ឋបាលខេត្តព្រះសីហនុ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ រូបពី រដ្ឋបាលខេត្តព្រះសីហនុ។
ដោយ ៖ ធន់ សេងហុង
 
រដ្ឋបាលខេត្តព្រះសីហនុ សម្រេចរៀបចំឲ្យមានការចូលរួមប្រឡងប្រណាំងលើការរចនាខ្លោងទ្វារច្រកចេញ-ចូល ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ ដើម្បីជាការសម្គាល់ទីតាំងប្រារព្ធពិធីបុណ្យ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ចុះហត្ថលេខាដោយ​លោក គួច ចំរើន កាល​ពី​ថ្ងៃទី៥ សីហា។


ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំសាងសង់ខ្លោងទ្វារចំនួន ២ទីតាំង នៅដើមផ្លូវនិងចុងផ្លូវសម្រាប់ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២។ ដើម្បីឱ្យមានការចូលរួមពីមហាជនទូទៅ ដែលមានគំនិតច្នៃប្រឌិត និងទេពកោសល្យក្នុងការរចនាប្លង់ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចរៀបចំឲ្យមានការចូលរួមប្រឡងប្រណាំងលើការរចនាខ្លោងទ្វារច្រកចេញ-ចូល ពិធីបុណ្យសមុទ្រនេះ។
 
បើតាមរដ្ឋបាលខេត្តព្រះសីហនុ បេក្ខជន បេក្ខនារី ឬក្រុមការងារ  ត្រូវរចនាខ្លោងទ្វារដោយបញ្ជាក់អំពីអត្តសញ្ញាណជាតិខ្មែរ ដែលមានទំហំខ្លោងទ្វារទទឹង ១៦ម៉ែត្រ កម្ពស់ ១២ម៉ែត្រ​ ព្រមទាំងរំលេចដោយគំនិតច្នៃប្រឌិតឆ្លុះបញ្ចាំងពីធនធានសមុទ្រ ជីវៈចម្រុះ និងការអភិវឌ្ឍខេត្តព្រះសីហនុ។ ជាពិសេសការរចនាលម្អដោយភ្លើងរចនាតាមលក្ខណៈទំនើប និងសាមញ្ញ និងមានខ្លឹមសារបញ្ជាក់ពីអត្ថន័យនៃគំរូខ្លោងទ្វារ។ 
 
ប្រសិនបើបេក្ខជន បេក្ខនារី ឬក្រុមការងារមានចំណងចង់ចូលរួមប្រឡងប្រណាំង សូមយកស្នាដៃគម្រោងរចនាខ្លោងទ្វាររបស់ខ្លួន មកដាក់នៅមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរយោដីខេត្តព្រះសីហនុ ឬទំនាក់ទំនងលោក ហង្ស ភិរម្យ តារមរយៈលេខទូស័ព្ទ ០១២ ៥០៥ ១៦៨ ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី១វិច្ឆិកា ឆ្នាំ២០២២។ 
 
ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ និងចេញលិខិតបញ្ជាក់អំពីស្នាដៃ នឹងមានរង្វាន់លើកទឹកចិត្ត ចំពោះបេក្ខជន បេក្ខនារី ឬក្រុមណា ដែលទទួលបានជ័យលាភី។
 
សូមជម្រាបផងដែរថា ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩-១១ វិច្ឆិកា ឆ្នាំ២០២២ នៅទីលានតេជោ (ពយតាមូង) ក្នុងក្រុងព្រះសីហនុ៕
 

Tag:
 ព្រះសីហនុ បុណ្យសមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com