ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន ម៉ានី៖ ពិតណាស់ជាកូននាយករដ្ឋមន្រ្តី តែមិនបានន័យថា មិនត្រូវខំប្រឹងធ្វើអ្វីនោះទេ
11, Aug 2022 , 1:59 pm        
រូបភាព
លោក ហ៊ុន ម៉ានី នៅតែចង់ឱ្យគេស្គាល់ខ្លួន តាមរយៈសកម្មភាពនានា ជាជាងត្រឹមតែគិតថា លោកគឺជាកូនប្រុសពៅរបស់សម្ដេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ។ តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺនៃគណបក្សប្រជាជនកម្ពុជារូបនេះ ព្យាយាមពន្យល់ឱ្យគេស្គាល់ខ្លួនថែមទៀត ពីលើព័ត៌មានលម្អិតនៃសៀវភៅ«ក្តីសង្ឃឹម ហ៊ុន ម៉ានី » ដែលនិពន្ធដោយលោក លាង ដឺលុច សហស្ថាបនិក និងជាចាងហ្វាងការផ្សាយរបស់សារព័ត៌មានថ្មីៗ។

 
«ភាគច្រើនគេដឹងហើយថា ខ្ញុំជាកូនរបស់សម្ដេច ហ៊ុន សែន ។ តែក្រៅពីចំណុចនេះ តើអាចដឹងបានថា អ្វីខ្លះដែលខ្ញុំបានធ្វើកន្លងមក? អាចនិយាយបានថា រយៈពេល១០ឆ្នាំចុងក្រោយ ជាពិសេសនៃការចាប់ផ្ដើមធ្វើជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា»។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី ពីពិធីកិច្ចពិភាក្សាគ្នា ពីសៀវភៅ«ក្តីសង្ឃឹម ហ៊ុន ម៉ានី » នៅលើទឹកដីសៀមរាប កាលពីថ្ងៃទី១០ សីហា។
 
តួអង្គនៃសាច់រឿងផ្ទាល់រូបនេះ បានព្យាយាមពន្យល់ថា រាល់សកម្មភាពកន្លងមក គឺលោកចង់ផ្លាស់ប្ដូរការគិតរបស់មនុស្សទូទៅ កុំឱ្យមើលឃើញ និងគិតរូបលោកត្រឹមតែពាក្យថា «ជាកូននាយករដ្ឋមន្រ្តី»។ សម្រាប់ផ្នត់គំនិតលោក ហ៊ុន ម៉ានី គឺចង់បានការគោរព និងឱ្យតម្លៃពីសំណាក់ពលរដ្ឋ និងសាធារណជន តាមរយៈសកម្មភាពការងារខ្លួន ជាជាងទទួលតម្លៃថា «ជាកូននាយករដ្ឋមន្រ្តី» ហើយអ្វីគ្រប់យ៉ាងសុទ្ធតែបានមកពីឪពុកខ្លួន។
 
«ពិតណាស់ជាកូននាយករដ្ឋមន្រ្តី តែមិនបានមានន័យថា មិនត្រូវខំប្រឹងមានគំនិត មានឆន្ទៈ ហើយជាពិសេសធ្វើសកម្មភាព ដើម្បីសម្រេចគោលដៅអ្វីនោះទេ។ ត្រូវ! អាចនិយាយបានថា ខ្ញុំអាចមិនចាំបាច់ជ្រើសរើសធ្វើសកម្មភាពអ្វីនោះទេ ប៉ុន្តែវាមិនមែនជាអ្វីដែលខ្ញុំចង់បាន»។ នេះជាការបន្ថែមរបស់លោក ហ៊ុន ម៉ានី។
 
កន្លងមកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារូបនេះ បានដឹកនាំក្រុមយុវជនរាប់ពាន់នាក់ រៀបចំអង្គរសង្ក្រាន្ត ចាប់តាំងពីឆ្នាំ២០១៣មក រហូតដល់ទទួលបានការគាំទ្រពីពលរដ្ឋទូទាំងប្រទេស។ តាមរយៈសកម្មភាពអង្គរសង្ក្រាន្តនេះ លោកក៏បាននាំបរទេសឱ្យស្គាល់វប្បធម៌ ប្រពៃណីខ្មែរថែមទៀត ដូចជាធ្វើនំអន្សមយក្ស មួកត្នោតយក្ស អង្រុត​យក្ស កន្ត្រង់​ប្រហុក​យក្ស និង​បំពង់​ទឹកត្នោត​យក្ស , ការរាំម៉ាឌីសុន ត្បាញក្រមា និងធ្វើទូក «ង» វែងជាងគេលើពិភពលោក និងបំបែកឯតទគ្គកម្មពិភពលោក និងជាការបំផុសស្មារតីឱ្យពលរដ្ឋស្រលាញ់ជាតិផង។
 
មិនតែប៉ុណ្ណោះលោក ហ៊ុន ម៉ានី ក៏បានដឹកនាំយុវជនរៀបចំព្រឹត្តិការណ៍៤០គីឡូម៉ែត្រ រំឮកប្រវត្តិសាស្រ្ត និងចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈការបង្កើតវគ្គបណ្ដុះបណ្ដាលបំប៉នបន្ថែមដល់សិស្សថ្នាក់ទី១២ មុនពេលប្រឡងមធ្យមសិក្សាទុតិយភូមិ ។ ជាពិសេសនាពេលថ្មីៗនេះ បង្កើតកម្មវិធី E-Learning ឱ្យស្របតាមសភាពការណ៍អប់រំ តាមបែបឧស្សាហកម្ម៤.០។ ប្រធានស.ស.យ.ក រូបនេះ ក៏បានបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យា ៤.០ ផងដែរ ដើម្បីពង្រឹងសមត្ថភាពយុវជនឱ្យឆ្លើយតបនឹងការវិវត្តថ្មីៗនៅក្នុងពិភពលោក។
 
បើនិយាយពីការងារមនុស្សធម៌វិញលោក ហ៊ុន ម៉ានី បានដឹកនាំក្រុមយុវជន និងសមាជិក ស.ស.យ.ក ចុះផ្ដល់ឈាមស្ម័គ្រចិត្ត និងជួយសង្គ្រោះ និងចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់។ បច្ចុប្បន្នភាពចុងក្រោយនេះ ក្រុមការងារស.ស.យ.ក បានចុះជួយសម្រួល និងចែកអំណោយ ជាស្បៀងអាហារ សម្ភារៈប្រើប្រាស់ចាំបាច់ដល់គ្រួសារក្រីក្រ និងគ្រួសារដែលមានសមាជិកវិជ្ជមានជំងឺកូវីដ-១៩ រួមទាំងផ្ដល់អំណោយដល់សាស្ត្រាចារ្យ និងព្រឹទ្ធាចារ្យសិល្បៈផងដែរ។
 
ដោយឡែកការអភិវឌ្ឍ៍នៅក្នុងខេត្តកំពង់ស្ពឺវិញ តំណាងរាស្រ្តបក្សប្រជាជនរូបនេះ បានរកជំនួយមកសាងសង់បណ្ណាល័យពហុមុខងារនៅក្នុងក្រុងច្បារមន និងអគារស្នាក់នៅរបស់គ្រូ និងសិស្សនៃសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈការងារក្នុងខេត្ត រួមទាំងអគារសម្ភពសម្រាប់ស្រីមានគ័ត៌ នៅក្នុងមន្ទីរបង្អែកខេត្ត។ លោក ហ៊ុន ម៉ានី ក៏បានផ្ដួចផ្ដើមគំនិតកសាងកីឡដ្ឋានមួយលើផ្ទៃដី៤ហិកតា នៅក្នុងខេត្តកំពង់ស្ពឺ ដើម្បីគាំទ្រវិស័យកីឡាជាតិ និងសម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ទៀតផង។ នេះជាសកម្មភាពប្រធានស.ស.យ.ក នៅក្នុងសៀវភៅ«ក្តីសង្ឃឹម ហ៊ុន ម៉ានី»។
 
សកម្មភាពទាំងអស់នេះហើយ ដែលលោក ហ៊ុន ម៉ានី ចង់បានការគោរព និងឱ្យតម្លៃពីសំណាក់ពលរដ្ឋ និងសាធារណជន ជាជាងការស្គាល់រូបលោកត្រឹមតែ «ជាកូននាយករដ្ឋមន្រ្តី» ៕
 

Tag:
 ហ៊ុន ម៉ានី
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com