កីឡាអន្តរជាតិ
អន្តរជាតិ
កីឡដ្ឋាន Lusail ដែលសង់អស់៧៦៧លានដុល្លារ ត្រូវដឹកនាំវគ្គផ្តាច់ព្រ័ត្រ World Cup នៅកាតា
13, Aug 2022 , 11:29 pm        
រូបភាព
កាតាបានត្រៀមខ្លួនរួចរាល់ស្រេច ដើម្បីដំណើរការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២២ ដែលព្រឹត្តិការណ៍ទៅចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា។ កាតា នឹងប្រើប្រាស់កីឡដ្ឋានចំនួន៨ ទទួលក្រុមទាំង៣២ ខណៈកីឡដ្ឋានទើបសាងសង់រួចក្រោយគេ និងធំជាងគេ Lusail តម្លៃ៧៦៧លានដុល្លារ ត្រូវជ្រើសរើសសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ។


 
ការប្រកួតកីឡាបាល់ទាត់ពិភពលោកលោកទី២២ នឹងត្រូវធ្វើឡើងដំបូងបំផុតនៅលើទឹកដីមជ្ឈិមបូព៌ា។ បន្ទាប់ពីដឹងថាខ្លួនបានឈ្នះការដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup 2022 កាលពីឆ្នាំ២០១០ កាតា បានបើកការសាងសង់ហេដ្ឋារចនាសម្ព័ន និងកីឡដ្ឋានមួយចំនួនក្នុងចំនួនទឹកប្រាក់រាប់ពាន់លានដុល្លារ។
 
ស្របពេលព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនឹងចូលមកដល់នៅរយៈពេលជាង៣ខែទៀត ម្ចាស់ផ្ទះកាតាបានប្រកាសយកកីឡដ្ឋានចំនួន៨ដើម្បីដំណើរការការប្រកួត។ ចំណោមកីឡដ្ឋានទាំង៨ កីឡដ្ឋាន Lusail ដែលសាងសង់រួចក្រោយគេអស់ទឹកប្រាក់ ៧៦៧លានដុល្លារ នឹងត្រូវជ្រើសយកធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០២២។
 
កីឡដ្ឋាន Lusail មានទីតាំងស្ថិតក្នុងទីក្រុង Lusail ប្រទេសកាតា និងជាកីឡដ្ឋានធំជាងគេចំណោមកីឡដ្ឋានទាំង៨ ដោយអាចផ្ទុកអ្នកទស្សនាសរុប៨០០០០នាក់។ Lusail នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ពោលគឺនៅមុនពិធីបើកការប្រកួតផ្លូវការរវាងកាតា និងអេក្វាទ័រ ក្នុងពូល A នាកីឡដ្ឋាន Al Bayt ជាង២ខែ។
 
កីឡដ្ឋានទាំង៨ដែលកាតាយកមកដំណើរការប្រកួត World Cup 2022 រួមាន៖
 
- កីឡដ្ឋាន Lusail ផ្ទុកអ្នកទស្សនាបាន ៨០០០០នាក់
- កីឡដ្ឋាន Al Bayt ផ្ទុកអ្នកទស្សនាបាន ៦០០០០នាក់
- កីឡដ្ឋាន Ahmad Bin Ali ផ្ទុកអ្នកទស្សនាបាន ៤០០០០នាក់
- កីឡដ្ឋាន Al Janoub ផ្ទុកអ្នកទស្សនាបាន ៤០០០០នាក់
- កីឡដ្ឋាន Khalifa International ផ្ទុកអ្នកទស្សនាបាន ៤០០០០នាក់
- កីឡដ្ឋាន Qatar Foundation ផ្ទុកអ្នកទស្សនាបាន ៤០០០០នាក់
- កីឡដ្ឋាន Ras Abu Aboud ផ្ទុកអ្នកទស្សនាបាន ៤០០០០នាក់
- កីឡដ្ឋាន Al Thumama ផ្ទុកអ្នកទស្សនាបាន ៤០០០០នាក់៕
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com