កីឡាអន្តរជាតិ
អន្តរជាតិ
អាវ Maradona លក់បាន ៨,៧លានដុល្លារ ថ្លៃជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់ ឯអាវ Pele ថ្លៃ២០ម៉ឺនដុល្លារ
14, Aug 2022 , 9:59 am        
រូបភាព
អាវដែល Diego Maradona ពាក់ក្នុងការប្រកួតពានរង្វាន់កីឡាបាល់ទាត់ពិភពលោកឆ្នាំ១៩៨៦ អាចលក់បានក្នុងតម្លៃមិនគួរឱ្យជឿ ៨,៧ លានដុល្លារ និង​ជា​​តម្លៃថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។ អាវរបស់ស្តេចបាល់ទាត់ប្រេស៊ីល Pele ស្ថិតក្នុងចំណាត់ថ្នាក់ទី២ បន្ទាប់ពីលក់បានតម្លៃ២០ម៉ឺនដុល្លារ​ តាមពីក្រោយដោយអាវរបស់ Geoff Hurst កីឡាករអង់គ្លេសដែលលក់បាន១២ម៉ឺនដុល្លារ។


 
Maradona ដែលបានលាចាកលោកទៅហើយ ជាកីឡាករបាល់ទាត់ដ៏ល្បីល្បាញ អំឡុងពេលលេងឱ្យក្រុមជម្រើសជាតិអាហ្សង់ទីន និងក្លិប Napoli។ Maradona សាងកេរ្តិ៍ឈ្មោះល្បីរន្ទឺពេញពិភពលោក ក្រោយបង្ហាញខ្លួនក្នុងការប្រកួតបាល់ទាត់ពិភពលោក World Cup ឆ្នាំ១៩៨៦ តាមរយៈការយកដៃទះបាល់បញ្ចូលទីក្នុងជំនួបវគ្គ៨ក្រុមចុងក្រោយទល់អង់គ្លេស។
យ៉ាង​ណា​មិញ គ្រាប់​បាល់​នោះ​បាន​ជួយ​អាហ្សង់ទីន​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ រហូត​ពួក​គេ​បានគ្រងតំណែង​ជើងឯក World Cup ឆ្នាំ១៩៨៦នោះតែម្តង។ អាវដែល Maradona បានពាក់ក្នុងការប្រកួតនោះត្រូវបានគេប្រសិទ្ធនាមថា «អាវ​ដៃ​ព្រះ​» និងត្រូវបានលក់ក្នុងតម្លៃ ៨,៧ លានដុល្លារ។
 
ខាងក្រោមនេះយើងនឹងបង្ហាញលោកអ្នកអំពីតម្លៃអាវរបស់កីឡាករបាល់ទាត់៥រូបដែលលក់បានថ្លៃបំផុតលើលោកក្នុងប្រវត្តិសាស្ត្របាល់ទាត់៖
១- អាវដែល Diego Maradona «អាវ​ដៃ​ព្រះ​» ពាក់ក្នុងការប្រកួត World Cup ឆ្នាំ១៩៨៦ ក្នុងជំនួបទល់អង់គ្លេសវគ្គ៨ក្រុមចុងក្រោយនោះ លក់បានក្នុងថ្លៃបំផុតលើលោក ៨,៧ លានដុល្លារ។


 
២- អាវរបស់ Pele ពាក់លេងឱ្យក្រុមជម្រើសជាតិប្រេស៊ីល ស្ថិតនៅចំណាត់ថ្នាក់ទី២ ក្នុងបញ្ជីអាវកីឡាបាល់ទាត់ថ្លៃបំផុត។ អាវដែលស្តេចបាល់ទាត់ប្រេស៊ីល វ័យ៨១ឆ្នាំពាក់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup និងស៊ុតបញ្ចូលទីមួយគ្រាប់ដើម្បីជួយប្រេស៊ីលឈ្នះអ៊ីតាលី ៤-១ អាចលក់បានក្នុងតម្លៃ ២០ម៉ឺនដុល្លារ។


 
៣- Geoff Hurst បានបង្ហាញសមត្ថភាពដ៏អស្ចារ្យដើម្បីជួយក្រុមជម្រើសជាតិអង់គ្លេសឈ្នះ World Cup ឆ្នាំ ១៩៦៦។ Hurst ដែលសព្វថ្ងៃវ័យ៨០ឆ្នាំ រកគ្រាប់បាល់ស៊ុតបញ្ចូលទីដ៏ល្អក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រទល់អាល្លឺម៉ង់ខាងលិច ហើយអាវរបស់លោកពាក់កាលនោះលក់បានក្នុងតម្លៃ ១២ម៉ឺនដុល្លារ។
 


៤- អាវរបស់កីឡាករ Boycho Velichkov ដែលពាក់លេងឱ្យក្រុមជម្រើសជាតិប៊ុលហ្គារី ទល់ក្រុមអង់គ្លេសក្នុងការប្រកួតជម្រុះតាមពូលពានរង្វាន់អឺរ៉ុប Euro ឆ្នាំ១៩៨០ ដាក់លក់បានក្នុងតម្លៃ ២៥០០ ដុល្លារ។


 
៥- អាវរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ខាងកើត (សព្វថ្ងៃអាល្លឺម៉ង់) ដែលពាក់ក្នុងការប្រកួតជាមួយស្កុតឡែននៅឆ្នាំ១៩៩០ អាច​​លក់បាន​ក្នុង​តម្លៃ ១៥៥០ ដុល្លារ៕


 

Tag:
 Diego Maradona
  Pele
© រក្សាសិទ្ធិដោយ thmeythmey.com