អន្តរជាតិ
នាយករដ្ឋមន្ត្រីជប៉ុន ផ្ញើសារគោរពទៅវិហារយ៉ាស៊ូគូនី ខណៈសមាជិកគណៈរដ្ឋមន្ត្រីទៅដោយផ្ទាល់
15, Aug 2022 , 10:59 pm        
រូបភាព
នាយករដ្ឋមន្ត្រីជប៉ុន លោកគីស៊ីដា ហ្វូមីអូ (រូបក្នុងរង្វង់) និងវិហារយ៉ាស៊ូគូនី ដែលជាកន្លែងតម្កល់ឈ្មោះឧក្រិដ្ឋជនសង្រ្គាមលើកទីពីរ រួមទាំងទាហានជប៉ុនដែលពលីក្នុងសង្រ្គាម។ រូបភាព៖ AFP
នាយករដ្ឋមន្ត្រីជប៉ុន លោកគីស៊ីដា ហ្វូមីអូ (រូបក្នុងរង្វង់) និងវិហារយ៉ាស៊ូគូនី ដែលជាកន្លែងតម្កល់ឈ្មោះឧក្រិដ្ឋជនសង្រ្គាមលើកទីពីរ រួមទាំងទាហានជប៉ុនដែលពលីក្នុងសង្រ្គាម។ រូបភាព៖ AFP
នាយករដ្ឋមន្ត្រីជប៉ុន លោកគីស៊ីដា ហ្វូមីអូ នៅថ្ងៃទី១៥ ខែសីហា បានផ្ញើសារគោរពទៅវិហារយ៉ាស៊ូគូនី (Yasukuni) ដ៏ចម្រូងចម្រាស ដើម្បីឧទ្ទិសវិញ្ញាណក្ខន្ធបុព្វបុរស និងមេដឹកនាំជប៉ុនក្នុងសម័យសង្គ្រាម ក្នុងថ្ងៃរំឭកខួបលើកទី៧៧ នៃការចុះចាញ់សង្គ្រាមលោកលើកទី២ របស់ជប៉ុន។ សមាជិកគណៈរដ្ឋមន្ត្រីមួយចំនួន បានទៅគោរពផ្ទាល់នៅវិហារតែម្ដង។ ការណ៍នេះ អាចនឹងបង្កការមិនពេញចិត្តពីកូរ៉េខាងត្បូង និងចិន។

 
ព្រះវិហារយ៉ាស៊ូគូនី ជាកន្លែងដ៏ចម្រូងចម្រាសមួយរវាងជប៉ុនជាមួយកូរ៉េខាងត្បូង និងចិន ដោយ សារតែវិហារមួយនេះ ជាកន្លែងតម្កល់ឈ្មោះឧក្រិដ្ឋជនសង្រ្គាមលើកទីពីរចំនួន ១៤រូប រួមទាំងឈ្មោះទាហានជប៉ុនដែលពលីក្នុងសង្រ្គាម។ 
 
ទោះបីកន្លងមកមានការខឹងសម្បារពីភាគីចិន និងកូរ៉េខាងត្បូងក្ដី នាយករដ្ឋ​មន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអូ នៅថ្ងៃទី១៥ ខែសីហា នៅតែបានផ្ញើសារ​គោរព​ដល់​វិញ្ញាណក្ខន្ធ​ អ្នក​ស្លាប់​ដោយសារសង្គ្រាមទាំងនោះដដែល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Kyodo។ 
 
ទន្ទឹមនេះ វីដេអូនៅលើទូរទស្សន៍រដ្ឋជប៉ុន NHK បានបង្ហាញទីសក្ការបូជា នៅព្រឹកថ្ងៃទី១៥​ ខែសីហា ដោយមានវត្តមានរបស់សមាជិកគណៈរដ្ឋមន្ត្រីជប៉ុនជាច្រើនរូប ដែលរួមមានទាំងរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ច លោកស្រី Sanae Takaichi។ មុននេះបន្តិច ប្រធានក្រុមប្រឹក្សាស្រាវជ្រាវ គោលនយោបាយរបស់គណបក្សប្រជាធិបតេយ្យសេរី (LDP) លោក Koichi Hagiuda ក៏បាន ទៅគោរពដល់វិហារផ្ទាល់ដែរ។
 
«ខ្ញុំ​មិន​ដឹង​ថា​តើ​នាយក​រដ្ឋមន្ត្រី​នឹង​ទៅ​ទីសក្ការ​យ៉ាស៊ូគូនីឬ​អត់​ទេ ហើយ​ខ្ញុំ​ជឿ​ថាលោក​នឹង​សម្រេច​ចិត្ត​ដោយសមរម្យ»។ ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន លោក Hirokazu Matsuno បានលើកឡើងបែបនេះអំឡុងសន្និសីទកាសែតមួយនៅថ្ងៃដដែលនោះ រួចបន្តថា​ការគោរពវិញ្ញាណក្ខន្ធដូនតា ជារឿងធម្មតាដែលត្រូវធ្វើតាំងពីដើមមក។
 
យ៉ាងណាមិញ លោកក៏បានសង្កត់ធ្ងន់ថា​ ជប៉ុននឹងបន្តពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយ ប្រទេសជិតខាងដែលរួមមានចិន និងកូរ៉េខាងត្បូង។
 
គួរបញ្ជាក់ថា លោកគីស៊ីបានផ្ញើសារគោរពនេះម្ដងដែរកាលពីថ្ងៃទី២១ ខែមេសា ដែលបានធ្វើ ឱ្យកូរ៉េខាងត្បូងខកចិត្តយ៉ាងខ្លាំង ហើយក៏បានស្នើឱ្យរដ្ឋាភិបាលជប៉ុនត្រួតពិនិត្យឡើងវិញពីប្រវត្តិសាស្ត្រដែល​បាន​ឆ្លុះ​បញ្ចាំងពីការឈឺចាប់របស់ជនរងគ្រោះ ដោយសារតែអតីតមេដឹកនាំជប៉ុនទាំងនោះ។ លោក អាបេ ស៊ិនហ្សូ ជានាយករដ្ឋមន្ត្រីចុងក្រោយគេដែលបានទៅគោរព ដល់វិហារផ្ទាល់ អំឡុងពេលកាន់តំណែងក្នុងឆ្នាំ២០១៣ ដែលបានធ្វើឱ្យមានការខឹងសម្បារទាំងចិន និងកូរ៉េខាងត្បូង ហើយថែមទាំងបានទទួលការស្ដីបន្ទោសពីអាម៉េរិកដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ៕
 

Tag:
 ជប៉ុន
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com