កីឡាអន្តរជាតិ
អន្តរជាតិ
Ferdinand ៖ Ten Hag ជ្រុលខ្លួនមកដឹកនាំក្លិបមានបញ្ហាកីឡាករ និងការគ្រប់គ្រង
16, Aug 2022 , 8:29 am        
រូបភាព
ចាប់ផ្តើមរដូវកាលមិនល្អរបស់ Manchester United មិនអាចបន្ទោសលើការដឹកនាំរបស់អ្នកចាត់ការ​ Erik ten Hag ឡើយ ព្រោះកីឡាករក្នុងក្រុមពេលនេះមិនមានភាពស្តង់ដាដែលក្លិបត្រូវការនោះទេ។ បើតាមការលើកឡើងអតីតខ្សែការពារ Rio Ferdinand ថ្ងៃទី១៤ ខែសីហា។

 
ជំនួបសប្តាហ៍ទីពីរ ​Premier League បិសាចក្រហមក្រោមការដឹកនាំរបស់លោក Ten Hag បានចាញ់ការប្រកួតក្រោមថ្វីជើងក្រុម Brentford លទ្ធផល ៤-០ យ៉ាងម៉ាស់បំផុតហើយធ្លាក់ទៅឈរបាត់តារាង។ លទ្ធផលនេះបានបង្ហាញថាលោក Ten Hag បានក្លាយជាអ្នកចាត់ការដំបូងក្នុងរយៈពេល ១០០ឆ្នាំនៃប្រវត្តិសាស្ត្រក្លិបដែលចាញ់ការប្រកួត២លើកជាប់គ្នា នៅសប្តាហ៍ដំបូងនៃក្របខណ្ឌកំពូលអង់គ្លេស និងការដឹកនាំប្រកួតផ្លូវការរបស់ក្រុម។ កាលឆ្នាំ ១៩២១ លោក John Chapman ជាគ្រូបង្វឹក Man United ដែលដឹកនាំក្រុមចាញ់២ប្រកួតដំបូងនៃរដូវកាលថ្មី។
 
ការចាញ់របស់ Man United ធ្វើឱ្យមជ្ឈដ្ឋានជុំវិញពិភពបាល់ទាត់មានការភ្ញាក់ផ្អើលខ្លាំ ហើយក្លាយជាប្រធានបទក្តៅប្រចាំលីគកំពូលអង់គ្លេស ខណៈដែលអ្នកវិភាគបាល់ទាត់នៅអង់គ្លេសជាច្រើនបាននិយាយបន្ទោសលើកីឡាករ ព្រមទាំងការគ្រប់គ្រងរបស់ក្រុមគ្រួសារ Glazer។ 
 
Rio Ferdinand អតីតខ្សែការពារ Man United លើកឡើងពីបញ្ហាក្រុមបិសាចក្រហមក្នុងកម្មវិធីជជែក ​VIBE With FIVE ដោយនិយាយថាលោក Ten Hag មកដឹកនាំក្រោមការក្លែងបន្លំរបស់គណៈគ្រប់គ្រង ហើយលោករំពឹងថានឹងអាចចុះកុងត្រានាំកីឡាករថ្មីមកពង្រឹងក្រុមតាមអ្វីដែលចង់បាន។
 
«ពេលនេះខ្ញុំមិនអាចបន្ទោស Ten Hag ឡើយ បើសិនអ្នកវិញអ្នកអាចជ្រើសរើសក្រុម ឬកីឡាករណាក៏បាន ប៉ុន្តែនេះហើយគឺជាបញ្ហាដ៏ធំនៃបិសាចក្រហមពេលនេះ ហើយក៏មានបញ្ហាផ្សេងក្រៅពីនេះទៀត។ ខ្ញុំមិនអាណិតកីឡាករទេ ផ្ទុយទៅវិញខ្ញុំអាណិតលោក Ten Hag ខ្ញុំពិតជាមានអារម្មណ៍សុំទោសចំពោះបញ្ហាពេលនេះ លោកមកដឹកនាំក្រោមការក្លែងបន្លំ និងលោករំពឹងថាអាចបានចុះកិច្ចសន្យាកីឡាករតាមអ្វីដែលលោកចង់បាន។»។ Ferdinand និយាយបែបនេះ។
 
មិនត្រឹមតែប៉ុណ្ណោះអតីតកីឡាករវ័យ ៤៣ឆ្នាំរូបនេះបានអះអាងបន្ថែមថា បញ្ហាក្រុមបិសាកក្រហមមិនមែនត្រឹមតែរយៈពេល ២ឬ៣ខែនៃការមកដឹកនាំពីសំណាក់ Ten Hag នោះ គឺលទ្ធផលនេះមានតាំងពីពេលមុនមកម្ល៉េះគឺច្រើនឆ្នាំមកហើយ។ និយាយថាឱ្យចំៗទៅការគ្រប់គ្រងគ្រួសារ Glazer អតីតខ្សែការពារធ្លាប់ឈ្នះពាន Premier League ៦លើកជាមួយ Man United រូបនេះបានបញ្ជាក់ថា ពេលមានបញ្ហាគណៈគ្រប់គ្រងក្លិបមិនហ៊ានមកប្រឈមមុខរឺការក៏ការពិភាក្សាណាមួយឡើយ ជាហេតុគ្មានដំណោះស្រាយចំពោះបញ្ហាដែលកើតមាន។
 
សូមជម្រាបថាការប្រកួតសប្តាហ៍ទីបី Man United នឹងត្រូវបើកទ្វារកីឡដ្ឋាន Old Trafford ស្វាគមន៍ក្រុម ​Liverpool នៅថ្ងៃទី២៣ ខែសីហាវេលាម៉ោង ២យប់រំលងអាធ្រាត្រ៕
 

Tag:
 Rio Ferdinand
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com