អន្តរជាតិ
តុលាការមីយ៉ាន់ម៉ា កាត់ទោសលោកស្រីស៊ូជី ឱ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំទៀតពីបទអំពើពុករលួយ
16, Aug 2022 , 10:29 am        
រូបភាព
លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា។ រូបភាព៖ AFP
លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា។ រូបភាព៖ AFP
 តុលាការមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយរបបយោធា នៅថ្ងៃទី១៥ ខែសីហា បានកាត់ទោសអតីតមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី ឱ្យជាប់ពន្ធនាគារ រយៈពេល ៦ ឆ្នាំទៀត ក្រោយរកឃើញថា លោកស្រីមានពិរុទ្ធលើសំណុំរឿងពុករលួយ ចំនួន៤ករណី។

 
តុលាការពិសេសក្នុងពន្ធនាគារក្នុងរដ្ឋធានី ណៃពិដោ មីយ៉ាន់ម៉ា បានរកឃើញថា លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា មានទោសពីបទប្រព្រឹត្តអំពើពុករលួយចំនួន ៤​ ករណី ដែលពាក់ព័ន្ធនឹងអង្គការសប្បុរសធម៌មួយ ក្នុងឈ្មោះ​ម្តាយលោកស្រី។ ​នេះបើយោងតាមប្រភព ដែលដឹងពីបញ្ហានេះ និយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែដំណើរការកាត់ទោសនេះ មិនបានដំណើរការជាសាធារណៈ។
 
គួរបញ្ជាក់ថា នេះជាសាលក្រមលើកទី ៤ហើយ ប្រឆាំងនឹងលោកស្រី ស៊ូជី ចាប់​តាំងពីរបបយោធា បានធ្វើរដ្ឋប្រហារយោធានៅឆ្នាំ ២០២១ កន្លងទៅ។ សាលក្រមទាំង ៤ នេះ បានធ្វើឱ្យលោកស្រី ជាប់ពន្ធនាគារសរុបជាង ១៧ឆ្នាំ ខណៈរបបយោធា នៅកាន់អំណាចយ៉ាងពេញលេញ។
 
តាមប្រភពដែលដឹងច្បាស់ពីបញ្ហានេះ និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ចៅក្រម Myint San នៅតំបន់ Mandalay បានបញ្ជាក់ថា លោកស្រី ស៊ូជី បានធ្វើឱ្យរដ្ឋខាតបង់ប្រាក់ ជាង១៣លានដុល្លារ​ ដោយការជួលដី ក្នុងទីក្រុងណៃពីដោ ដើម្បីសាងសង់ទីស្នាក់ការកណ្តាល និងគម្រោងពាក់ព័ន្ធ នៃមូលនិធិ Daw Khin Kyi ដែលជាអង្គការសប្បុរសធម៌ គាំទ្រសុខភាពសាធារណៈ និងការអប់រំ។ 
 
របបយោធាបានចោទប្រកាន់លោកស្រី ស៊ូជី ​ពីបទប្រើប្រាស់មូលនិធិបរិច្ចាគសាធារណៈ ខុសគោលដៅ ដើម្បីសាងសង់លំនៅដ្ឋានផ្ទាល់ខ្លួនរបស់លោកស្រី នៅទីក្រុង ណៃពិដោ និងទទួលយកសំណូកពីពាណិជ្ជករ ម្នាក់ចំនួន ៥៥ ម៉ឺនដុល្លារ ដោយដាក់បញ្ចូលក្នុងមូលនិធិសប្បុរសធម៌ ក្នុងឆ្នាំ២០១៩ និង ២០២០។​ យ៉ាងណាមិញ លោកស្រី ស៊ូជី បានបដិសេធការចោទប្រកាន់ទាំងអស់ ហើយបានអះអាងថា លោកស្រីគ្មានកំហុស។ 
 
ក្រៅតែពីលោកស្រី ស៊ូជី មន្ត្រីជាន់ខ្ពស់បីរូបផ្សេងទៀត រួមមានអភិបាលក្រុងណៃពិដោ​ លោក Myo Aung និងអភិបាលរងក្រុង លោក Ye Min ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ៣ ឆ្នាំ ក្រោមបទចោទដូចគ្នានេះដែរ។​
 
កន្លងមក លោកស្រី ស៊ូជី ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារសរុបចំនួន ១១ឆ្នាំរួចទៅហើយ ដោយតុលាការដដែល លើបទចោទចំនួន ៦ រួមមានចូលដោយខុសច្បាប់ និងកាន់កាប់ឧបករណ៍ទំនាក់ទំនងដោយមិនមានអាជ្ញាប័ណ្ណ បំពានច្បាប់កូវីដ-១៩ និងញុះញង់ឱ្យមានការប្រឆាំងនឹងរបបយោធាជាដើម។
 
លើសពីនេះ លោកស្រី ស៊ូជីក៏កំពុងប្រឈមមុខ នឹងការចោទប្រកាន់ចំនួន ៩ បន្ថែមទៀត​ រួមមានបញ្ហាទាក់ទងនឹងការបោះឆ្នោតឆ្នាំ ២០២០ ជាដើម។ លោកស្រី អាចនឹងត្រូវជាប់ពន្ធនាគារអតិបរមាដល់ទៅ ១២២ ឆ្នាំបន្ថែមទៀត ប្រសិនបើគេរកឃើញថា លោកស្រីមានពិរុទ្ធ លើការចោទប្រកាន់ទាំងនេះ៕ 
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com