អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ស្ថានទូតចិនប្រចាំក្រុងវ៉ាស៊ីនតោនថា អាម៉េរិកមិនចង់ឃើញមានស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់​
16, Aug 2022 , 11:29 am        
រូបភាព
សមាជិកសភាអាម៉េរិកមកដល់តៃវ៉ាន់។ រូបភាព៖ AP
សមាជិកសភាអាម៉េរិកមកដល់តៃវ៉ាន់។ រូបភាព៖ AP
ក្រោយដំណើរទស្សនកិច្ចរបស់សមាជិកសភាអាម៉េរិកជាថ្មី នៅតៃវ៉ាន់ក្នុងថ្ងៃទី១៤ ខែសីហា ស្ថានទូតចិនប្រចាំនៅក្រុងវ៉ាស៊ីនតោន បានចោទអាម៉េរិកថា មិនចង់ឃើញមានស្ថិរភាពនៅច្រកសមុទ្រ​តៃវ៉ាន់នោះទេ ហើយក៏មិនបានប្រឹងប្រែង សម្រួលការប្រឈមមុខគ្នា រវាងចិន និងតៃវ៉ាន់ដែរ។ មិនតែប៉ុណ្ណោះ ចិន អះអាងថា អាម៉េរិក បាន​​លូកដៃចូលកិច្ចការផ្ទៃក្នុងចិនទៀតផង។

 
ជាថ្មីម្ដងទៀត សមាជិកសភាអាម៉េរិក ដែលមកពីបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋ បានទៅដល់កោះតៃវ៉ាន់នៅថ្ងៃទី១៤ ខែសីហា។ នេះជា​ទស្សកិច្ចរបស់សមាជិកសភាអាម៉េរិកលើកទី២ លើទឹកដីតៃវ៉ាន់ ក្នុងខែសីហា ក្រោយដំណើរទស្សនកិច្ច​ដ៏ចម្រូងចម្រាស របស់ប្រធានសភាតំណាង​អាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ត្រឹមរយៈពេល ១២ថ្ងៃប៉ុណ្ណោះ។ 
 
ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនេះ ធ្វើឡើងដើម្បីពិភាក្សាអំពីទំនាក់ទំនង រវាងអាម៉េរិក និងតៃវ៉ាន់ សន្តិសុខក្នុងតំបន់ ពាណិជ្ជកម្ម ការវិនិយោគ ខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក ការប្រែប្រួលអា​កាសធាតុ និងបញ្ហាសំខាន់ៗផ្សេងទៀត ដែលមានផលប្រយោជន៍ទៅវិញទៅមក។
 
តបនឹងដំណើរទស្សនកិច្ចរបស់សមាជិកសភាអាម៉េរិក លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅអាម៉េរិក នៅថ្ងៃទី១៤ ខែសីហា បានអះអាងថា ចិនប្រឆាំង​រាល់ទំនាក់ទំនងផ្លូវការទាំងអស់ រវាងអាម៉េរិក និងតៃវ៉ាន់ ហើយនឹងចាត់វិធានការតបតយ៉ាង​ម៉ឺងម៉ាត់ ចំពោះការបង្ករឿងរបស់អាម៉េរិក។
 
«ជាថ្មីម្តងទៀត (ដំណើរទស្សនកិច្ចសមាជិកសភាអាម៉េរិក) បង្ហាញឱ្យឃើញថា អាម៉េរិកមិន​ចង់ឃើញស្ថិរភាព នៅទូទាំងច្រកសមុទ្រ​តៃវ៉ាន់ឡើយ ហើយមិនបានខិតខំប្រឹងប្រែងកាត់​បន្ថយ ការប្រឈមមុខដាក់គ្នា រវាងចិន និង​តៃវ៉ាន់ទេ ព្រមទាំងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង​ របស់ចិនថែមទៀត»។ ស្ថានទូតចិនប្រចាំនៅក្រុងវ៉ាស៊ីនតោន បានលើកឡើងបែបនេះ។ 
 
នៅលើបណ្ដាញសង្គម Twitter លោក Liu បានរៀបរាប់ថា ទំនួលខុសត្រូវចំពោះភាពតាន​តឹង នៅច្រកសមុទ្រតៃវ៉ាន់នាពេលបច្ចុប្បន្ន គឺស្ថិតនៅលើ​អាម៉េរិកទាំងស្រុង។ អាម៉េរិកគួរតែ​ទទួលផលវិបាកទាំងអស់ ដែលបណ្តាលមកពីដំណើរទស្សនកិច្ចរបស់សមាជិកសភាខ្លួន នៅតៃវ៉ាន់ជាថ្មី។
 
បើតាមប្រភពដដែល សមាជិកសភាអាម៉េរិក គួរតែធ្វើសកម្មភាពគោរពគោលនយោបាយ​ចិនតែមួយ និងលក្ខខណ្ឌនៃសេចក្តី​ថ្លែងការណ៍រួម ទាំង៣ រវាងចិន អាម៉េរិក ហើយបញ្ឈប់​ទំនាក់ទំនងជាផ្លូវការ ជាមួយតៃវ៉ាន់។ 
 
សេចក្ដីថ្លែងការណ៍រួមទាំង៣នោះ ជាកិច្ចព្រមព្រៀង​រវាងចិន និងអាម៉េរិក ដោយគោរពអធិប​តេយ្យភាពជាតិ បូរណភាពទឹកដីគ្នាទៅវិញទៅមក, បង្កើតទំនាក់ទំនងការទូតរវាងគ្នា, និង​ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៌ អប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបន្ថែមទៀត។ 
 
ក្នុងថ្ងៃទី១៥ ខែសីហាដដែល អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បានចាត់ទុកទស្សនកិច្ចនោះ ជាអ្នកបង្កបញ្ហា និងបំផ្លាញសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់។ ត្រង់ចំណុចនេះ ក្រសួងការពារជាតិចិន បានព្រមានជាថ្មី ពីការប្រកាសឯករាជ្យភាពរបស់តៃវ៉ាន់។ 
 
បន្ថែមពីនេះ បញ្ជាការដ្ឋានភូមិភាគខាងកើតចិន បានប្រកាសធ្វើសមយុទ្ធយោធានៅសមុទ្រ និងអាកាសជាថ្មី នៅជុំវិញតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ចខាងលើ៕
 

Tag:
 អាម៉េរិក
  តែវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com