អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកពូទីន សរសើរថា សព្វាវុធជំនាន់ថ្មីរបស់រុស្សីខ្លាំងជាងសព្វាវុធរបស់លោកខាងលិច
16, Aug 2022 , 1:50 pm        
រូបភាព
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព៖ AFP
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព៖ AFP
ដោយ៖ ហ៊ួយ ស៊ីវលី

សព្វាវុធរបស់ទីក្រុងមូស្គូ គឺខ្លាំង និងមានបច្ចេកវិទ្យានាំមុខសព្វាវុធរបស់គូប្រជែងរុស្សីជាច្រើនឆ្នាំ។ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន ក្នុងកម្មវិធីដាក់បង្ហាញអាវុធ នៅក្រៅក្រុងមូស្គូ ក្នុងថ្ងៃទី១៥ ខែសីហា។

វេទិកាកងទ័ពឆ្នាំ ២០២២ ជាពិព័រណ៍យោធារបស់រុស្សី ដែលបានប្រារព្ធឡើងនៅថ្ងៃទី១៥ ខែសីហា នៅឧទ្យាន Patriot ដោយមានការ​តាំងបង្ហាញកន្លែងហ្វឹកហាត់យោធា និងផលិតផលរបស់គម្រោង ERA technopolis រួមទាំងអាវុធផលិតដោយរុស្ស៊ីផ្សេងទៀត។ ការដាក់តាំងនេះ  មានគោលបំណងបង្ហាញពីឧត្តមភាពនៃអាវុធ ដែលត្រូវបានផលិតក្នុងស្រុករបស់រុស្សី។

ក្នុងសុន្ទរកថានៅពិធីបើកវេទិកាកងទ័ពឆ្នាំ ២០២២ នេះ លោកប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន បានថ្លែងថា រុស្សីបានត្រៀមខ្លួនរួចជាស្រេចក្នុងការលក់សព្វាវុធទំនើបរបស់ខ្លួនទៅកាន់សម្ព័ន្ធមិត្ត និងការសហការក្នុងការអភិវឌ្ឍបច្ចេកវិទ្យាយោធាជាមួយពួកគេផងដែរ។

មេដឹកនាំរូបនេះ បានលើកសសើរអាវុធរបស់រុស្សីទៅកាន់សម្ព័ន្ធមិត្តរបស់ខ្លួន ដោយបានបញ្ជាក់ថា អាវុធជំនាន់ថ្មីរបស់រុស្សី មានភាពខ្លាំងជាងឆ្ងាយពីអាវុធរបស់លោកខាងលិច។ ប្រធានាធិបតីរុស្ស៊ី បានបន្តថា អាវុធរបស់រុស្សីជាអាវុធដែលអាចជឿជាក់បាន ហើយអាវុធទាំងអស់ត្រូវបានវាយតម្លៃដោយអ្នកជំនាញយោធាសម្រាប់​ ភាពជឿជាក់ គុណភាព និងប្រសិទ្ធភាពខ្ពស់។ បើតាមលោកពូទីន អាវុធស្ទើរតែទាំងអស់ ត្រូវបានសាកល្បងប្រើយ៉ាងតិចមួយដងនៅក្នុងប្រតិបត្តិការជាក់ស្តែងរួចហើយ។

ក្នុងសុន្ទរកថាដដែល លោក​ ពូទីន បានបង្ហាញការគោរពចំពោះទំនាក់ទំនងដ៏រឹងមាំជាមួយបណ្តាប្រទេសនៅអាមេរិកឡាទីន អាស៊ី និង អាហ្រិ្វក ហើយលោកបានបន្ថៃមថារុស្សីនឹងផ្តល់ជូនអាវុធទំនើបជាងគេបង្អស់គ្រប់ប្រភេទរាប់ចាប់ពីអាវុធធុនតូច រហូតដល់រថពាសដែក និងកាំភ្លើងធំ យន្តហោះប្រយុទ្ធ និងយន្តហោះគ្មានមនុស្សបើក ដល់ដៃគូ និងសម្ព័ន្ធមិត្តរបស់រុស្សី។

គួរបញ្ជាក់ថា រុស្សីជាប្រទេសនាំចេញសព្វាវុធធំជាងគេលំដាប់ទី២នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាម៉េរិក ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោសយនេះ តួលេខនាំចេញរបស់ខ្លួនបានធ្លាក់ចុះជាលំដាប់។ នេះបើតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខុល (SPIRI)៕

Tag:
 រុស្ស៊ី
  អាវុធ
© រក្សាសិទ្ធិដោយ thmeythmey.com