កីឡាអន្តរជាតិ
អន្តរជាតិ
Nunez បានកាតក្រហមក្រោយឈ្លោះជាមួយ Andersen ខណៈហង្សក្រហម​ខកចិត្ត​ត្រឹមស្មើ​ក្នុងដី
16, Aug 2022 , 2:52 pm        
រូបភាព
 ក្រុមហង្សក្រហម Liverpool ថ្ងៃទី១៦ ខែសីហា បានបញ្ចប់ទៅត្រឹមលទ្ធផលស្មើ ១-១ ជាមួយក្រុមភ្ញៀវ Crystal Palace ក្នុងកីឡដ្ឋាន ​Anfield នៃជំនួប Premier League សប្តាហ៍ទីពីរ។ ចំណែក Darwin Nunez ទើបលេងបាន២ប្រកួតផ្លូវការក្នុងលីគអង់គ្លេស រូបគេបែរជាទទួលបានកាតក្រហម ក្រោយប៉ះទង្គិចកាយវិការ និងពាក្យសម្តីជាមួយកីឡាករ Joachim Andersen។

 
ហង្សក្រហមជាក្រុមម្ចាស់ផ្ទះនៅវគ្គទីមួយត្រូវបានក្រុមភ្ញៀវស៊ុតនាំមុខមុននៅនាទី៣២ ដោយខ្សែប្រយុទ្ធ Wilfried Zaha ហើយការប្រកួតបន្តមិនមានលទ្ធផលប្រែប្រួលរហូតចប់វគ្គ។ ឈានចូលវគ្គទីពីរ ​Liverpool អាចរកគ្រាប់តាមស្មើមកវិញនៅនាទី៦១ ដោយខ្សែប្រយុទ្ធសញ្ជាតិកូឡាំប៊ី Luiz Diaz ក្រោយពេលក្រុមមានត្រឹមគ្នា ១០នាក់។ Liverpool មានគ្នាត្រឹម ១០នាក់ ក្រោយពេលខ្សែប្រយុទ្ធ Darwin Nunez ទទួលបានកាតក្រហមនៅនាទី៥៧។
 
មូលហេតុដែល Nunez ទទួលបានកាតក្រហមអំឡុងពេលក្រុម ​Liverpool បានវាយសម្រុកស្វែងរកគ្រាប់បាល់តាម Crystal វិញ ប៉ុន្តែ Nunez បានទៅប៉ះទង្គិចកាយវិការ និងពាក្យសម្តីគ្នាជាមួយកីឡាករ Andersen ពេលប្រជែងបាល់តែត។ ពេលប្រជែងបាល់តែតនោះ Nunez បានទៅកល់ Andersen អំឡុងពេលរូបគេលោតតែតបាល់ចេញពីតំបន់គ្រោះថ្នាក់ ក្រោយការប្រជែងគ្នានោះអាជ្ញាកណ្តាល Paul Tierney ពិន័យ ការប៉ះពាក្យសម្តីកើតចេញពី Nunez ហើយរូបគេក៏បានយកមុខទៅរុញ Andersen ពេលនោះ។
 
ក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួតលោក Jurgen Klopp ដែលជាគ្រូបង្វឹក Liverpool បាននិយាយផ្តាំទៅ Nunez ថារូបគេគួរតែគ្រប់គ្រងអាកប្បកិរិយាឱ្យបានល្អ មិនគួរបង្កើតកំហុសដែលអាចប៉ះពាល់ដល់ក្រុម។
 
«រូបគេដឹងថារូបគេបានបង្កកំហុស ខ្ញុំនឹងនិយាយជាមួយគេ ហើយរឿងនេះមិនមែនជាបញ្ហាដែលត្រូវលាក់បាំងអ្វីឡើយ។ រឿងនេះទៀតសោតគឺមិនគួរកើតឡើងឡើយ ហើយអ្នកគ្រប់គ្នាក៏មិនចង់ឃើញដែល ព្រោះក្រុមយើងចង់ឈ្នះការប្រកួត បើសិនមានបញ្ហាដូច្នេះវាអាចប៉ះពាល់ដល់ក្រុម។»។ លោក Klopp បាននិយាយបែបនេះ។
 
២ប្រកួតដំបូងនៃ Premier League រដូវកាល ២០២២-២៣ Liverpool បន្តស្មើទាំងពីរប្រកួត ហើយនៅសប្តាហ៍ទីបី Liverpool និងធ្វើដំណើរទៅទឹកដី Old Trafford ដើម្បីប្រកួតទល់ក្រុម​​ Manchester United ថ្ងៃទី២៣ ខែសីហា៕
 
 

Tag:
 Liverpool
 Darwin Nunez
© រក្សាសិទ្ធិដោយ thmeythmey.com