អន្តរជាតិ
UN អាចជួយជ្រោមជ្រែង IAEA ក្នុងការទៅត្រួតពិនិត្យរោងចក្រនុយក្លេអ៊ែរអ៊ុយក្រែន តែរុស្ស៊ីកំណត់លក្ខខណ្ឌ
16, Aug 2022 , 7:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី១៥ ខែសីហា បានលើកឡើងថា UNមានសិទ្ធិក្នុងការជួយ ជ្រោមជ្រែងផ្នែកដឹកជញ្ជូន និងសន្តិសុខ ចំពោះអ្នកត្រួតពិនិត្យរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដើម្បីមើលរោងចក្រថាមពលដើរដោយនុយក្លែអ៊ែររបស់អ៊ុយក្រែនZaporizhzhia។ ប៉ុន្តែ អ្នកតំណាងរុស្ស៊ីបានដាក់ចេញលក្ខខណ្ឌមួយចំនួនថា បេសកកម្មឆ្លងកាត់ក្រុងកៀវ គឺមានគ្រោះថ្នាក់ខ្លាំង។

 
អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stephane Dujarric នៅថ្ងៃទី១៥ ខែសីហា បានប្រកែកនឹងការចោទរបស់រុស្ស៊ី ដោយបានអះអាងថា អគ្គលេខាធិការមិនមានអំណាចក្នុងការរារាំង ឬលុបចោលសកម្មភាពណាមួយរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ទៅកាន់រោងចក្រថាមពលដើរដោយនុយក្លេអ៊ែររបស់អ៊ុយក្រែនឡើយ។ 
 
បន្ថែមពីនេះ លោកបានសង្កត់ធ្ងន់ថា ដើម្បីធ្វើការជិតស្និទ្ធជាមួយ IAEA អង្គការ សហប្រជាជាតិមានតែសមត្ថភាពដឹកជញ្ជូន និងសន្តិសុខ ដើម្បីគាំទ្របេសកកម្មរបស់ IAEA ណាមួយ ទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ពីទីក្រុងកៀវ។
 
ប៉ុន្តែអ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ទាំងរុស្ស៊ី និងអ៊ុយក្រែន ត្រូវយល់ព្រមចំពោះសកម្មភាព ចុះទៅត្រួតពិនិត្យដោយIAEA។ ប្រធាន IAEA លោក Rafael Grossi ធ្លាប់បានលើកឡើងថា លោកបានត្រៀមខ្លួនជាស្រេច ដើម្បីដឹកនាំបេសកកម្ម ហើយបានអំពាវនាវឱ្យរុស្ស៊ី និង អ៊ុយក្រែនសហការជាមួយទីភ្នាក់ងារអន្តរជាតិមួយនេះ។
 
ក្រោយការលើកឡើងរបស់អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ អនុ​ប្រធាន​នាយកដ្ឋាន​រីកសាយ​អាវុធ​នុយក្លេអ៊ែរ និង​គ្រប់គ្រង​អាវុធ​របស់​ក្រសួងការបរទេស​រុស្ស៊ី លោក  Igor Vishnevetsky បានសង្កត់ធ្ងន់ថា គ្មានបេសកកម្មណាមួយ អាចឆ្លងកាត់តាម​ក្រុងកៀវនោះឡើយ ដោយសារតែមានគ្រោះថ្នាក់ខ្លាំង។ នេះបើតាមការស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរុស្ស៊ី  RIA។ 
 
«ស្រមៃមើលថាតើវាមានន័យយ៉ាងណាក្នុងការឆ្លងកាត់ទីក្រុងកៀវ។ វាមានន័យថាពួកគេទៅ ដល់រោងចក្រនុយក្លេអ៊ែរ តាមរយៈជួរមុខ។ នៅទីនោះមានហានិភ័យខ្លាំងណាស់»។ លោក Vishnevetsky បានសង្កត់ធ្ងន់បែបនេះ រួចលើកហេតុផលថា កង​កម្លាំង​ប្រដាប់​អាវុធ​អ៊ុយក្រែន​បែងចែកជាក្រុមផ្សេងៗគ្នា។ ដូច្នេះពួកគេអាចនឹងបង្កហេតុផ្សេងៗដល់បេសកកម្មនោះ។
 
លោកបានរំលឹកថា រុស្ស៊ីបានស្នើសុំផ្លូវសុវត្ថិភាពផ្សេងមួយទៀតសម្រាប់ការធ្វើដំណើររបស់ IAEA ដោយមានការផ្ដល់សន្តិសុខពេញលេញដោយកងកម្លាំងយោធារុស្ស៊ី៕ 
 

Tag:
 UN
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com