អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិនប្រកាសដាក់ទ​ណ្ឌកម្មលើមន្ត្រីតៃវ៉ាន់ ៧នាក់ដែលគាំទ្រឯករាជ្យភាពកោះតៃវ៉ាន់
16, Aug 2022 , 3:56 pm        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
ចិន នៅថ្ងៃទី១៦ ខែសីហា បានប្រកាសដាក់ទណ្ឌកម្មលើ មន្ត្រីតៃវ៉ាន់ ចំនួន៧នាក់ ដែលបានគាំទ្រការទាមទារឯករាជ្យភាពសម្រាប់កោះតៃវ៉ាន់។ ក្នុង នោះមានទាំងអ្នកតំណាងកោះតៃវ៉ាន់ប្រចាំក្រុងវ៉ាស៊ីនតោនផង។ ចំណាត់ការនេះ ធ្វើឡើងក្រោយសមាជិកសភាអាម៉េរិកមួយក្រុមបានធ្វើដំណើរទៅកាន់កោះតៃវ៉ាន់។

 
ទីភ្នាក់ងារព័ត៌មានចិន Xinhua ចុះផ្សាយពីបញ្ជីបុគ្គលដែលរងទណ្ឌកម្មរបស់ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន  ដោយរួមមានអ្នកតំណាងកោះតៃវ៉ាន់ប្រចាំនៅក្រុងវ៉ាស៊ីនតោន លោកស្រី Hsiao Bi-khim, អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិតៃវ៉ាន់ លោក Wellington Koo និងអ្នកនយោបាយមួយចំនួនមកពីបក្សកាន់អំណាចគណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ (DPP)។ 
 
កន្លងមក នាយករដ្ឋមន្ត្រីតៃវ៉ាន់លោក Su Tseng-chang, រដ្ឋមន្ត្រីការបរទេស លោក Joseph Wu និងប្រធានសភាលោក  You Si-kun ក៏បានរងទណ្ឌកម្មបែបនេះដែរ។ 
 
អ្នក​នាំពាក្យ​ការិយាល័យ​កិច្ចការ​តៃវ៉ាន់ ​បាន​បញ្ជាក់​ថា អ្នក​ដែល​រងទណ្ឌកម្មខាងលើ​ នឹង​មិន​អាច​ធ្វើដំណើរទៅចិនដីគោក ហុងកុង និង​ម៉ាកាវ​បាន​ទេ។ ក្រុមហ៊ុន និងអ្នកវិនិយោគដែល ទាក់ទងនឹងបុគ្គលរងទណ្ឌកម្មទោះនោះ ក៏នឹងមិនត្រូវបានអនុញ្ញាតឱ្យរកស៊ីនៅចិនដែរ។ 
 
ការដាក់ទណ្ឌកម្មខាងលើ ធ្វើឡើងក្រោយដំណើរទស្សកិច្ចរបស់សមាជិកសភាអាម៉េរិកជាថ្មីនៅតៃវ៉ាន់។ ចិនចាត់ទុកទស្សនកិច្ចនោះ ជាការគាំទ្រ ឯករាជ្យភាពរបស់កោះតៃវ៉ាន់។ ជាការឆ្លើយតប នៅថ្ងៃដដែលនោះ យោធាចិនបានធ្វើសមយុទ្ធយោធាក្បែរដែនទឹក និងដែន អាកាសកោះតៃវ៉ាន់ជាថ្មីម្ដងទៀត។ យោធាចិនក៏បានសង្កត់ធ្ងន់ថា សមយុទ្ធនេះបង្ហាញពីវិធានដ៏​តឹងរ៉ឹង​ចំពោះ​អាម៉េរិក និង​តៃវ៉ាន់​ដែល​បន្ត​លេង​ល្បិច​នយោបាយ និង​បំផ្លាញ​សន្តិភាព និង​ស្ថិរភាព​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់៕
 

Tag:
 ចិន
 ​ តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com