អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកវ៉ាង យី សង្កត់ធ្ងន់ថា ចិន​ត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើការជាមួយ​ប្រទេស​កំពុងអភិវឌ្ឍ
16, Aug 2022 , 8:29 pm        
រូបភាព
លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេស និងជាទីប្រឹក្សារដ្ឋចិន។ រូបភាពយកពីក្រសួងការបរទេស
លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេស និងជាទីប្រឹក្សារដ្ឋចិន។ រូបភាពយកពីក្រសួងការបរទេស
ចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការរួមគ្នាជាមួយបណ្ដាប្រទេសកំពុងអភិវឌ្ឍ ក្នុងសាមគ្គី​ភាព និងការសម្របសម្រួល។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃទី១៥ ខែសីហា ក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយប្រេសិតនៃបណ្តា​ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងអាហ្រ្វិក រួមនិងការិយាល័យអង្គការសហប្រជា​ជាតិ (UN) នៅទីក្រុងហ្សឺណែវផងដែរ។

 
ក្នុងជំនួបមួយតាមប្រព័ន្ធអនឡាញនៅថ្ងៃទី១៥ ខែសីហា ប្រមុខការទូត និងជាទីប្រឹក្សារដ្ឋចិន លោក វ៉ាង យី បានលើកឡើងថា ចិនបានត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចសហប្រតិបត្តិការរួម​គ្នាជាមួយបណ្ដា​ប្រទេសកំពុងអភិវឌ្ឍជុំវិញពិភពលោកប្រកបដោយសាមគ្គីភាព និងការសម្រប​សម្រួល។ 
 
រដ្ឋមន្ត្រីការបរទេសចិនរូបនេះបានសង្កត់ធ្ងន់ផងដែរថា វត្តមាន និងសំឡេងរបស់បណ្ដាប្រ​ទេសកំពុងអភិវឌ្ឍ គួរតែពង្រឹងឱ្យបានល្អប្រសើរឡើង ហើយស្ថាប័នកិច្ចការពហុភាគីទាំង​ឡាយ មិនគួរក្លាយទៅជាឧបករណ៍សម្រាប់ប្រទេសមួយ ឬក្រុមនៃប្រទេសមួយចំនួនដើម្បី​រៀបចំ និងសម្រេចកិច្ចការអន្តរជាតិឡើយ។
 
ជាមួយគ្នានោះ លោក វ៉ាង បានបង្ហាញពីសមិទ្ធិផលមួយចំនួនរបស់ចិន ដូចជាចូលរួមក្នុង​សកម្មភាពរក្សាសិទ្ធិមនុស្ស ដោយ​និយាយថា ចិនមានឆន្ទៈអនុវត្តកិច្ចសហប្រតិបត្តិការ និង​ផ្លាស់ប្ដូរគំនិតលើបញ្ហាសិទ្ធិមនុស្ស​ជាមួយប្រទេស​ដទៃទៀត ផ្អែកលើសមភាព និងការគោរព​គ្នាទៅវិញទៅមកដោយការបើក​ចំហ ដើម្បីរៀនសូត្រពីគ្នា និងរីកចម្រើនរួមគ្នា។ បើតាមទូរ​ទស្សន៍ CGTN កិច្ចប្រជុំនោះចូលរួមដោយប្រេសិតបណ្ដាប្រទេសកំពុងអភិវឌ្ឍទាំងនៅ​អាស៊ី និងអាហ្វ្រិក​រួមទាំង​ការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវផង។
 
ឆ្លៀតក្នុងឱកាសនោះ រដ្ឋមន្ត្រីការបរទេសចិនក៏មិនភ្លេចលើកឡើងពីគោលការណ៍ចិនតែមួយ ដោយសារបញ្ហាតៃវ៉ាន់កំពុង​ក្ដៅកគុកដែរ។ បើតាមលោកវ៉ាង ចិនត្រូវតែឆ្លើយតបជាចាំបាច់ និងស្របច្បាប់ទៅរាល់​ការបង្ករឿងមិនញញើត​ដៃរបស់អាម៉េរិកទៅលើបញ្ហាតៃវ៉ាន់។ 
 
លើសពីនេះ បញ្ហាសិទ្ធិមនុស្សនៅស៊ីនជាំងក៏ត្រូវបានលើកឡើងក្នុងអង្គប្រជុំដែរ ដោយចាត់​ទុកជាបញ្ហា​ផ្ទៃក្នុងចិន ហើយវាមិនគួរជ្រៀតជ្រែកពីប្រទេសក្រៅឡើយ។ គោលការណ៍នៃ​ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យគួរតែត្រូវបានគោរពទៅវិញទៅមករវាង​ប្រទេសពីរ។ ប្រេសិតមួយចំនួនបានយល់ស្របថា បញ្ហាសិទ្ធិមនុស្សមិនគួរទាក់ទងនឹងនយោ​បាយឡើយ ហើយវិធានការចិនដែលការពារសិទ្ធិស្របច្បាប់របស់ខ្លួនគួរតែត្រូវបានគាំទ្រយ៉ាង​រឹងមាំពីសហគមន៍អន្តរជាតិ៕ 
 

Tag:
 ចិន
  UN
© រក្សាសិទ្ធិដោយ thmeythmey.com