កីឡាអន្តរជាតិ
អន្តរជាតិ
ដោយសារបញ្ហា​អាជ្ញាកណ្តាល​កើតមានញឹកញាប់ VFF ស្នើ​ប្រើ VAR នៅលីគកំពូលវៀតណាម
16, Aug 2022 , 4:46 pm        
រូបភាព
សហព័ន្ធអាជ្ញាកណ្តាលប្រទេសវៀតណាម (VFF) កាលពី​ថ្ងៃទី១៥សីហា បានស្នើឱ្យសហព័ន្ធបាល់ទាត់ប្រទេសនេះ ​ប្រើប្រាស់ប្រព័ន្ធអាជ្ញាកណ្តាលកាត់សេចក្តី តាមវីដេអូ(VAR) ក្នុងការប្រកួត ដើម្បីដោះស្រាយកំហុសរបស់ក្រុមអាជ្ញាកណ្តាលគ្រប់គ្រងការប្រកួត ដែលតែងកើតមានជារឿយៗ។



កាលពីថ្ងៃទី១៤ សីហា អំឡុងការប្រកួតរវាងក្រុម Hanoi ទទួលក្រុមភ្ញៀវ ​Hoang Anh Gia Lai (HAGL) នៅនាទី៣៣ នៃការប្រកួតបញ្ហាបច្ចេកទេស របស់អាជ្ញាកណ្តាលកាត់សេចក្តីការប្រកួត លោក Ngo Duy Lan បានកើតមាន ព្រោះលោកមិនបានពិន័យ ពេលកីឡាករ Do Duy Manh ក្រុម Hanoi ជាន់ជើងកីឡាករ Bruno Henrique ក្រុម HAGL ក្នុងតំបន់គ្រោះថ្នាក់។

លោក DuyLan ជាអាជ្ញាកណ្តាល បានឃើញការប៉ះគ្នានោះផ្ទាល់ភ្នែក តែលោកមិនបានពិន័យអ្វីឡើយ ហើយកីឡាករ ក្រុម HAGL ហាក់មិនមានការតវ៉ាអំពីរឿងនេះ ពេលការប្រកួតនោះដូចគ្នា។ លទ្ធផលការប្រកួតក្រុម ​Hanoi ឈ្នះ ក្រុម HAGL លទ្ធផល ២-១។
 
កំហុសនោះ ត្រូវបាន VFF ចាក់ទុកថា ជាការសម្រេចចិត្តខុស របស់អាជ្ញាកណ្តាល ដែលនាំឱ្យមានការរអាក់រអួល ត្រង់ផ្នែកបច្ចេកទេសកាត់សេចក្តី។ ​ប្រធានគណៈកម្មាធិការ VFF លោក Doung Van Hien បានប្រាប់កាសែត VnExpress ​ថាលោកបានហៅអាជ្ញាកណ្តាលការប្រកួតគឺ លោក Duy Lan ​ មកសួរនាំអំពីបញ្ហាកើតមាននោះ ហើយលោក ​Duy lan ផ្ទាល់អះអាងថា ពេលនោះជាការសម្រេចចិត្តខុស និងលឿនពេក ហើយលោកក៏បានលើកហេតុផលថា កីឡាករពាក់ស្បែកជើងពណ៌សដូចគ្នា ធ្វើឱ្យលោកពិបាកកំណត់សម្គាល់។ 

ដោយសារតែមានបញ្ហាផ្នែកបច្ចេកទេស នៃក្រុមអាជ្ញាកណ្តាលកាត់សេចក្តីក្នុងលីគកំពូលវៀតណាម ឬ V-League លោក Van Hien ប្រធាន ​VFF ជាថ្មីម្តងទៀត ស្នើឱ្យមានការប្រើប្រាស់ប្រព័ន្ធ VAR ក្នុងការប្រកួត ដើម្បីដោះស្រាយបញ្ហាបច្ចេកទេសទាំងនេះ។ 
 
«យើងបានស្នើទៅកាន់ស្ថាប័នគ្រប់គ្រងនៃលីគកំពូលជាច្រើនដងហើយ ចំពោះការបំពាក់ VAR ប៉ុន្តែមិនទាន់មានការឆ្លើយតបអ្វីមួយឡើយ។ ដោះស្រាយបញ្ហាដូចក្នុងការប្រកួតទាំងនេះ ក្រុមអាជ្ញាកណ្តាលនៃ VFF ត្រូវការប្រើ ​VAR ជាចាំបាច់ ហើយរឿងរ៉ាវពីក្រោយនៅទីនេះ ពិតណាស់ គឺជាសេដ្ឋកិច្ច មិនមែនមកពីមនុស្សមិនចង់ដាក់ការប្រើប្រាស់ VAR ឡើយ។»។ លោក Van Hien បាននិយាយប្រាប់កាសែត VnExpress បែបនេះ។
 
ក្រៅពីការប្រកួតនេះ ការប្រកួតរវាងក្រុម Ho Chi Minh City ជាម្ចាស់ផ្ទះ ទល់ក្រុម Binh Dinh កាលថ្ងៃទី១២ សីហា ក៏កើតមានបញ្ហាបច្ចេកទេស នៃអាជ្ញាកណ្តាលកាត់សេចក្តី​ដែរ។ នៅនាទី៨៩ នៃការប្រកួតនោះ កីឡាករ Nguyen Xuan Nam ក្រុម ​Binh Dinh បានប្រើដៃប៉ះបាល់ បញ្ជូនទៅឱ្យកីឡាករ Jermie Lynch ជាមិត្តរួមក្រុមស៊ុតបញ្ជូលទី លើក្រុមម្ចាស់ផ្ទះ។

អាជ្ញាកណ្តាលកាត់សេចក្តីការប្រកួតនោះ គឺលោក Truong Hong Vu មិនបានពិន័យឡើយចំពោះករណីនេះ ហើយការប្រកួតនោះ ក្រុមភ្ញៀវ ឈ្នះក្រុមម្ចាស់ផ្ទះលទ្ធផល ២-១។
 
ក្រោយការប្រកួតបានបញ្ចប់ នាយកប្រតិបត្តិក្រុម Ho Chi Minh City លោក Nguyen Huu Thang បានបង្ហាញអារម្មណ៍មិនពេញចិត្ តចំពោះទង្វើររបស់អាជ្ញាកណ្តាល ដែលសម្រេចចិត្ត រហូតធ្វើឱ្យក្រុមគូប្រកួត អាចទទួលបានលទ្ធផលឈ្នះលើក្រុមលោក៕
 

Tag:
 VFF Referee
  V-League
© រក្សាសិទ្ធិដោយ thmeythmey.com