អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រេសិតពិសេសរបស់អគ្គលេខាធិការUN បំពេញទស្សនកិច្ចលើកដំបូងនៅមីយ៉ាន់ម៉ា
16, Aug 2022 , 9:29 pm        
រូបភាព
លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ។ រូបភាព៖ AFP
លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ។ រូបភាព៖ AFP
ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) សម្រាប់មីយ៉ាន់ម៉ា លោកស្រី Noeleen Heyzer ចាប់ផ្តើមធ្វើទស្សនកិច្ចទៅមីយ៉ាន់ម៉ា នៅមួយថ្ងៃបន្ទាប់ពីតុលាការយោធា កាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិល ឱ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំបន្ថែម។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រី Noeleen Heyzer ចាប់តាំងពីទទួលបានតំណែងមួយនេះ។

 
មេដឹកនាំរដ្ឋាភិបាលស៊ីវិល លោកស្រី អ៊ុងសាន ស៊ូជី នៅថ្ងៃទី១៦ ខែសីហា បានកាត់ទោសឱ្យជាប់ពន្ធនាគារ ៦ឆ្នាំបន្ថែមទៀត ពីបទប្រព្រឹត្តអំពើពុករលួយ។ សេចក្តីសម្រេចនេះ បានឱ្យលោកស្រីស៊ូជី ត្រូវជាប់ពន្ធនាគាររយៈពេល ១៧ឆ្នាំ បើបូកជាមួយសេចក្តីសម្រេចមុនៗ។ មួយថ្ងៃបន្ទាប់ពីការកាត់ទោសខាងលើ ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ា លោក Noeleen Heyzer បានចាប់ផ្តើមបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ជាលើកដំបូង ចាប់តាំងពីចូលកាន់តំណែង។ 
 
«លោកស្រី Noeleen Heyzer នឹងផ្តោតលើស្ថានភាពកាន់តែយ៉ាប់យ៉ឺន ក្តីបារម្ភ ក៏ដូចជាបញ្ហាតអាទិភាពផ្សេងៗ»។ អង្គការសហប្រជាជាតិបានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី១៥ ខែសីហា។ យ៉ាងណាមិញ សេចក្តីថ្លែងការណ៍នោះ មិនបានបញ្ជាក់ពីបុគ្គល ដែលប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ត្រូវជួបឡើយ។ 
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោកស្រី Heyzer ត្រូវបានរំពឹងថា នឹងមានជំនួបមួយចំនួននៅក្នុងទីក្រុងណៃពិដោ។
 
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងស្របពេលវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា កំពុងមានភាពស្មុគស្មាញ ដោយក្រុមយោធា តែងប៉ះទង្គិចនឹងកម្លាំងការពារប្រជាជនរបស់រដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា។ បន្ថែមពីនេះ យោធាមីយ៉ាន់ម៉ា​ នាពេលថ្មីៗ បានអនុវត្តទោសប្រហារជីវិតលើសកម្មជនប្រឆាំងចំនួន ៤រូបថែមទៀត ដែលធ្វើឱ្យអាស៊ាន និងសហគមន៍អន្តរជាតិរិះគន់យ៉ាងខ្លាំង។ 
 
លោកស្រី Heyzer ដែលជាអ្នកសង្គមវិទ្យាជនជាតិសិង្ហបុរី ត្រូវបានលោក អាន់តូនីញ៉ូ ហ្គូតេរ៉េស តែងតាំងជាប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅក្នុងឆ្នាំ២០២១ ដោយជំនួសលោកស្រី Christine Schraner Burgener។ នៅក្នុងខែធ្នូ ឆ្នាំ២០២១ សារព័ត៌មានរដ្ឋមីយ៉ាន់ម៉ា បានចុះផ្សាយថា របបសឹកបានបិទការិយាល័យប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ា បន្ទាប់ពីលោកស្រី Christine Schraner Burgener បានបញ្ចប់ការងាររបស់ខ្លួន៕ 
 

Tag:
 មីយ៉ាន់ម៉ា
  UN
© រក្សាសិទ្ធិដោយ thmeythmey.com