អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិនដាក់ការតវ៉ា បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន ផ្ញើសារគោរពវិញ្ញាណក្ខន្ធទៅវិហារយ៉ាស៊ូគូនី
16, Aug 2022 , 10:29 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin។ រូបភាពយកពីក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin។ រូបភាពយកពីក្រសួងការបរទេសចិន
ក្រសួងការបរទេសចិន នៅថ្ងៃទី១៥ ខែសីហា បានប្រកាសថា រដ្ឋាភិបាលក្រុងប៉េកាំងបានដាក់ការតវ៉ាទៅភាគីជប៉ុន បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកគីស៊ីដា ហ្វូមីអូបានផ្ញើសារគោរពទៅវិហារយ៉ាស៊ូគូនី។ ត្រង់ចំណុចនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានទទូចឱ្យជប៉ុនទាញមេរៀនពីប្រវត្តិសាស្រ្ត និងផ្តាច់ខ្លួនឱ្យស្អាតពីរបបយោធានិយម ដើម្បីបញ្ចៀសការបាត់បង់ទំនុកចិត្តពីប្រទេសជិតខាង។

 
ជារៀងរាល់ឆ្នាំ មេដឹកនាំជប៉ុនតែងបញ្ជូនសារគោរពទៅវិហារយ៉ាស៊ូគូនី ដែលតម្កល់ឈ្មោះទាហានជប៉ុនស្លាប់ក្នុងសម័យសង្រ្គាម។ យ៉ាងណាមិញ វិហារមួយនេះ ក៏បានតម្កល់ឈ្មោះឧក្រិដ្ឋជនសង្រ្គាមលើកទីពីរចំនួន ១៤រូបផង។ ក្នុងថ្ងៃទី១៥ ខែសីហា ខួបលើកទី៧៧ នៃការចុះចាញ់សង្គ្រាមលោកលើកទី២ របស់ជប៉ុន នាយករដ្ឋមន្ត្រីជប៉ុន លោកគីស៊ីដា ហ្វូមីអូ បានផ្ញើសារមួយច្បាប់ទៅវិហារមួយនេះ ដើម្បីគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងសម័យសង្រ្គាម។ សមាជិកគណៈរដ្ឋមន្រ្តីមួយចំនួន ក៏បានបង្ហាញវត្តមាននៅវិហារនោះដែរ។ 
 
បញ្ហានេះ បានធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំងមិនពេញចិត្តយ៉ាងខ្លាំង និងដាក់ការតវ៉ាជាថ្មីជាមួយរដ្ឋាភិបាលក្រុងតូក្យូ។ មិនតែប៉ុណ្ណោះ ចិនបានចាត់ទុកការគោរពម្តងហើយម្តងទៀតរបស់ថ្នាក់ដឹកនាំជប៉ុន នៅវិហារយ៉ាស៊ូគូនីជាកាយវិការមិនត្រឹមត្រូវ។ 
 
«ភាគីចិនបានដាក់ការតវ៉ាជាមួយភាគីជប៉ុនរួចហើយ»។ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៥ ខែសីហា ដោយបន្តថា កាលពី៧៧ឆ្នាំមុន ប្រជាជនពិភពលោក បានយកឈ្នះរបបយោធានិយម និងជាជ័យជម្នះដ៏សំខាន់រវាងយុត្តិធម៌លើអំពើអាក្រក់។
 
អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ បានពន្យល់ថា ប្រទេសដែលចង់ឱ្យដុំប្រវត្តសាស្រ្តវិលជាថ្មី នឹងដើរលើផ្លូវខុស ហើយមានតែមាគ៌ាសន្តិភាពប៉ុណ្ណោះ ដែលជួយឱ្យជប៉ុនដើរលើផ្លូវត្រូវ។​
 
នៅចំពោះមុខអ្នកសារព័ត៌មានផ្សេងទៀត មន្រ្តីក្រសួងការបរទេសចិនរូបនេះ បានជំរុញឱ្យរដ្ឋាភិបាលក្រុងតូក្យូទាញមេរៀនពីប្រវត្តិសាស្រ្ត ផ្តាច់ខ្លួនឱ្យស្អាតចេញពីរបបយោធានិយម ដើម្បីរក្សាទំនុកចិត្តពីប្រទេសជិតខាងនៅក្នុងតំបន់អាស៊ី។ 
 
គួររំឭកថា ចិន ជាប្រទេសមួយក្នុងតំបន់អាស៊ី ដែលធ្លាប់ត្រូវបានជប៉ុនឈ្លានពានក្នុងសម័យសង្រ្គាម ហើយស្រ្តីជនជាតិចិនជាច្រើន ត្រូវបានបង្ខំឱ្យបម្រើផ្លូវភេទទៅក្នុងបន្ទាយយោធាជប៉ុន៕ 
 

Tag:
 ចិន
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com