សុខភាព
អន្តរជាតិ
មហាសេដ្ឋី Bill Gates ជំរុញកូរ៉េខាងត្បូងឱ្យបង្កើនជំនួយសម្រាប់វិស័យសុខភាពសកល
16, Aug 2022 , 6:14 pm        
រូបភាព
លោក Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft_ ចាប់ដៃជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល។ រូបភាព៖ Reuters
លោក Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft_ ចាប់ដៃជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល។ រូបភាព៖ Reuters
សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates នៅថ្ងៃទី១៦ ខែសីហា បានអំពាវនាវ​ឱ្យកូរ៉េខាងត្បូងដើរតួនាទីកាន់តែច្រើននៅក្នុងវិស័យសុខភាពពិភពលោក តាមរយៈបង្កើន​ជំនួយ និងធ្វើការជាមួយមូលនិធិរបស់លោក ដើម្បីពង្រឹងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។

 
លោក Bill Gates ដែលត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីមានចិត្តសប្បុរស​ដ៏ល្បីល្បាញម្នាក់ បានទៅដល់កូរ៉េខាងត្បូង នៅថ្ងៃទី១៥ ខែសីហា ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ​ជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូង និងពិភាក្សាពីកិច្ចការសុខភាពជាសកល ពង្រឹងគុណភាព​សុខភាព និងប្រយុទ្ធប្រឆាំងជំងឺឆ្លង។ 
 
«នេះ ជាពេលមានវិបត្តិសុខភាពសកល។ នេះក៏ជាពេលវេលាដ៏អស្ចារ្យសម្រាប់មូលនិធិរបស់​យើងពង្រឹងភាពជាដៃគូជាមួយកូរ៉េខាងត្បូង ផ្តល់គំនិតល្អៗសម្រាប់ជាយុទ្ធសាស្ត្រថ្មីៗ និង​ធនធានជាច្រើនទៀតដើម្បីជួយអ្នកដែលត្រូវការជំនួយ»។ លោក Bill Gates បានថ្លែងបែបនេះ​ក្នុងសុន្ទរកថានៃកិច្ចប្រជុំរដ្ឋសភាក្រុងសេអ៊ូល។ 
 
មុនពេលថ្លែងសុន្ទរកថា មហាសេដ្ឋីពិភពលោករូបនេះ បានជួបជាមួយប្រធានរដ្ឋសភាកូរ៉េ​ខាង​ត្បូង លោក Kim Jin-pyo និងសមាជិកសភាផ្សេងទៀត ដែលពួកគេពិភាក្សាអំពីរបៀប​ពង្រីក​កិច្ចសហប្រតិបត្តិការផ្នែកសុខភាព និងព័ត៌មានលម្អិតអំពីអ្វីដែលលោក Bill Gates មើល​ឃើញ​ថាជាតួ​នាទីសម្រាប់កូរ៉េខាងត្បូងក្នុងវិស័យសុខាភិបាលពិភពលោក។
 
ក្នុងអំឡុងកិច្ចពិភាក្សា លោក Gates បានអំពាវនាវឱ្យបង្កើនជំនួយទៅក្រុមដែលជួយកែលម្អ​ស្ថានភាពសុខភាពនៅក្នុងប្រទេសក្រីក្រ និងការពារជំងឺរាតត្បាត ហើយបានស្នើឱ្យកូរ៉េខាង​ត្បូងបង្កើនជំនួយអន្តរជាតិរបស់ខ្លួន ១,៣ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)។ សមាជិកសភាកូរ៉េខាងត្បូងសន្យាថា នឹងដើរតួនាទីឈានមុខគេឆ្លើយតបទៅនឹងជំងឺរាតត្បាតសកល និងបានឯកភាពគ្នាបង្កើនជំនួយដោយចូលរួមក្នុងមូលនិធិ CEPI ចាប់ពីឆ្នាំ២០២៣។ 
 
មូលនិធិ CEPI គឺជាក្រុមសម្ព័ន្ធមិត្តផ្ដល់ជំនួយនិងសម្របសម្រួលកិច្ចការទប់ស្កាត់ការរីករាលដាលជំងឺ​ឆ្លង។ វាជាមូលនិធិដែលធ្វើការជាមួយស្ថាប័នសាធារណៈ ឯកជន សប្បុរសជន និងសង្គម​ស៊ីវិល ដើម្បីបង្កើតវ៉ាក់សាំងប្រឆាំងនឹងជំងឺរាតត្បាតនាពេលអនាគត។
 
គួរបញ្ជាក់ថា មហាសេដ្ឋី Bill Gates នៅថ្ងៃទី១៦ ខែសីហា បានជួបជាមួយប្រធានាធិបតីកូរ៉េ​ខាងត្បូង លោក យូន សុកយ៉ល ផងដែរ។ លោក យូន បានថ្លែងអំណរគុណដល់មូលនិធិ Bill & Melinda Gates ដែលជួយដល់កិច្ចការផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកូរ៉េខាងត្បូង និងចង់បង្កើតកិច្ចសហប្រតិបត្តិការជាមួយមូលនិធិ លោក Gates ដើម្បីរួមចំណែកលើក​កម្ពស់សុខភាពប្រជាជនពិភពលោក ស្របពេលខ្លួនកំពុងអភិវឌ្ឍបច្ចេកវិទ្យាទំនើបផ្នែកសុខា​ភិបាលក្នុងស្រុក៕ 
 

Tag:
 កូរ៉េខាងត្បូង
  សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com