អន្តរជាតិ
លោក វីដូដូ សាទរកិត្តិនាមឥណ្ឌូណេស៊ីលើឆាកអន្តរជាតិ
16, Aug 2022 , 11:29 pm        
រូបភាព
លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី ជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី៣០ ខែមិថុនា។ រូបភាព៖ AFP
លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី ជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី៣០ ខែមិថុនា។ រូបភាព៖ AFP
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ នៅថ្ងៃទី១៦ ខែសីហា បានសាទរការកើនឡើងនៃកិត្តិនាមរបស់ឥណ្ឌូណេស៊ីនៅលើឆាកអន្តរជាតិ រួមទាំងស្នើធ្វើជាអ្នកសម្របសម្រួលសន្តិភាពជាថ្មីរវាងរុស្ស៊ី និងអ៊ុយក្រែន។

 
ក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិពីគោលនយោបាយ និងបញ្ហាផ្សេងៗ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានថ្លែងពីភាពជោគជ័យជាច្រើន ក្នុងការទប់ស្កាត់វិបត្តិសុខភាព អតិផរណា និងបញ្ហាដែលដរចេញពីសង្រ្គាមនៅអ៊ុយក្រែន។ ទន្ទឹមនេះ មេដឹកនាំរូបនេះ ថែមទាំងសាទរពីការកើនឡើងនៃកិត្តិនាមរបស់ឥណ្ឌូណេស៊ីនៅលើឆាកអន្តរជាតិផង។ 
 
«នៅក្នុងឆ្នាំ២០២២ យើងជាប្រធានផ្លាស់វេននៃកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០(G20)។ ឆ្នាំក្រោយ យើងបានធ្វើជាប្រធានផ្លាស់វេនអាស៊ានជាថ្មី»។ លោក វីដូដូ បានបញ្ជាក់បែបនេះទៅកាន់ប្រជាជាតិខ្លួន មួយថ្ងៃមុនខួបឯករាជ្យជាតិរយៈពេល ៧៧ឆ្នាំ ដោយបន្តថា នេះបង្ហាញពីភាពជោគជ័យនៃភាពជាអ្នកដឹកនាំសកលរបស់ឥណ្ឌូណេស៊ី។ 
 
ក្នុងនាមជាប្រធានផ្លាស់វេននៃក្រុមប្រទេស G20 ឥណ្ឌូណេស៊ីបានចូលរួមសកម្មនៅក្នុងកិច្ចការអន្តរជាតិ។ នៅចុងខែមិថុនាកន្លងទៅ លោកវីដូដូ បានធ្វើទស្សនកិច្ចនៅអ៊ុយក្រែន និងរុស្ស៊ី ហើយថែមទាំងផ្តល់សំណើធ្វើជាប្រទេសសម្របសម្រួលឱ្យមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែនជួបគ្នាថែមទៀត ដើម្បីជជែកពីការចរចាសន្តិភាព។ 
 
ទាក់ទិននឹងសង្រ្គាមនៅអ៊ុយក្រែនបែបនេះ លោកវីដូដូ ក្នុងសុន្ទរកថាដដែលនោះ បានលើកឡើងជាថ្មីថា ឥណ្ឌូណេស៊ីអាចជាអ្នកសម្របសម្រួលសម្រាប់សន្តិភាពរបស់អ៊ុយក្រែន និងរុស្ស៊ី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters៕
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com