អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាម៉េរិក កូរ៉េខាងត្បូង និងជប៉ុនធ្វើសមយុទ្ធការពារមីស៊ីលរួមគ្នានៅ​កោះហាវ៉ៃ
17, Aug 2022 , 8:29 am        
រូបភាព
រូបភាព៖ AP
រូបភាព៖ AP
កងទ័ពជើងទឹកអាម៉េរិក កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន និងកងទ័ពជើងទឹកកូរ៉េ​ខាងត្បូង បានរួមគ្នាធ្វើសមយុទ្ធការពារមីស៊ីលនៅលើកោះហាវ៉ៃ កាលពីសប្ដាហ៍មុន។ នេះ​បើតាមការបញ្ជាក់របស់មន្ទីរបញ្ចកោណនៅថ្ងៃទី១៥ ខែសីហា។

 
សមយុទ្ធការពារមីស៊ីលរវាងអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន ជាសមយុទ្ធរួមគ្នាលើកដំបូង​គិតតាំងពីឆ្នាំ២០១៧ ក្រោយទំនាក់ទំនងរវាងក្រុងសេអ៊ូល និងតូក្យូបានធ្លាក់ចុះដល់ចំនុច​ទាបបំផុត ដោយសារជម្លោះប្រវត្តិសាស្ត្រកាលពីពេលជប៉ុនគ្រប់គ្រងឧបទ្វីបកូរ៉េ។ យ៉ាងណា​មិញ ក្រោយប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល ចូលកាន់តំណែង លោកបានប្ដេជ្ញា​ពង្រឹងទំនាក់ទំនងជាមួយជប៉ុនឡើងវិញ និងជំរុញសម្ព័ន្ធភាពជាមួយអាម៉េរិកឱ្យកាន់តែស៊ី​ជម្រៅដោយបង្កើនការធ្វើសមយុទ្ធរួមគ្នា ដើម្បីរារាំងកូរ៉េខាងជើង។ 
 
តាមសេចក្ដីថ្លែងការណ៍របស់មន្ទីរបញ្ច​កោណ សមយុទ្ធ​រួមរវាងប្រទេសទាំងបី បានចាប់ពី​ថ្ងៃទី៨ ដល់ថ្ងៃទី​១៤ ខែសីហា នៅលើកោះហាវ៉ៃ ក្នុងគោលបំណងឆ្លើយតបទៅនឹងបញ្ហាប្រ​ឈម​ដែលបង្កឡើងដោយកូរ៉េខាងជើង និងការពារសន្តិសុខរួម ព្រមទាំងពង្រឹងសណ្តាប់ធ្នាប់​អន្តរ​ជាតិដោយផ្អែកលើច្បាប់។ 
 
ទាក់ទិននឹងភាគីកូរ៉េខាងត្បូង ការចូលរួមក្នុងសមយុទ្ធត្រីភាគីដឹកនាំដោយអាម៉េរិកនេះ ជា​រឿងដែលចិនប្រឆាំង។ កន្លងមកក្រុងប៉េកាំងបានជំរុញឱ្យ​កូរ៉េខាងត្បូងបន្តប្រកាន់គោល​នយោបាយ «បីមិន» របស់រដ្ឋាភិបាលចាស់ សំដៅលើការមិនដាក់ពង្រាយប្រព័ន្ធការពារ​មីស៊ីល (THAAD) បន្ថែម និងគ្មានការរួមបញ្ចូលប្រព័ន្ធការពារមីស៊ីលក្នុងតំបន់ដែលដឹក​នាំដោយអាម៉េរិក ហើយគ្មានសម្ព័ន្ធភាពយោធាត្រីភាគីជាមួយអាម៉េរិក និងជប៉ុន។ យ៉ាងណា​មិញ ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថាគោល​នយោបាយនោះមិនមែនជាកិច្ចព្រមព្រៀង​ផ្លូវការទេ។ 
 
ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃទី១៦ ខែសីហាបានបញ្ជាក់ថា កងទ័ពរបស់ខ្លួននឹង​បន្តហ្វឹកហ្វឺនផ្ទាល់ជាមួយទ័ពអាម៉េរិកចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ខណៈ​ខ្លួនបានផ្អាកធ្វើសមយុទ្ធយោធារួមគ្នាជាមួយអាម៉េរិកយូរមកហើយ។​
 
គួរបញ្ជាក់ថា អាម៉េរិក និងកូរ៉េខាងត្បូងបានកាត់បន្ថយការធ្វើសមយុទ្ធយោធារួមគ្នាក្នុងប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ដោយសារការរីករាលដាលជំងឺកូវីដ-១៩ និងដើម្បីកាត់បន្ថយភាពតានតឹង​ជាមួយកូរ៉េខាងជើង ដែលតែងចោទប្រកាន់ការធ្វើសមយុទ្ធរបស់កូរ៉េខាងត្បូងថាជាការហាត់​សមសម្រាប់ឈ្លានពាន៕
 

Tag:
 អាម៉េរិក កូរ៉េខាងត្បូង ជប៉ុន កូរ៉េខាងជើង ចិន
© រក្សាសិទ្ធិដោយ thmeythmey.com