កីឡាជាតិ
ជាតិ
IFMA៖កីឡាករប្រដាល់កម្ពុជា៧រូបប្រកួតវគ្គផ្តាច់ព្រ័ត្រនៅកូឡាឡាំពួនាថ្ងៃនេះ
18, Aug 2022 , 7:59 am        
រូបភាព
កីឡាករ ឡាំង កូស៊ីន (ក្រហម) ប្រកួតជាមួយ Mohamed Omer (ខៀវ)។ រូបCapture ពីIFMA
កីឡាករ ឡាំង កូស៊ីន (ក្រហម) ប្រកួតជាមួយ Mohamed Omer (ខៀវ)។ រូបCapture ពីIFMA
ដោយ៖ហៀក ឆក
 
សម្រាប់កីឡាករប្រដាល់គុនខ្មែរ  រិន ដេវីត ជួប Mund abdul Hakim  សាន រ៉ាគីម ប្រកួតជាមួយកីឡាករថៃ Yodsakorn Anusornprasoet ចំណែក ឃួន ឡាំងកូស៊ីន ជួបEmran Batoori។ កីឡាករ ឈឿង ល្វៃ ជួបMohammed Mahmond រីឯ ខាំ ខ្លានាង ប្រកួតជាមួយ Muhammad Zulfakar Othman និង ហ៊ឹម គឹមរៀង ជួប Imran Hakim ក្នុងព្រឹត្តិការណ៍ International Federation of Mauythai Association(IFMA) ការប្រកួតប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែសីហានេះ នាក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

 
កីឡាករ រិន ដេវីត ជាគូទី១ នៃកីឡាករប្រដាល់គុនខ្មែរកម្ពុជា ត្រូវប្រកួតជាមួយ Mund abdul Hakim លើប្រភេទទម្ងន់ ៦០គីឡូក្រាម។ ដេវីត មុននឹងមកដល់វគ្គនេះ គេបានយកឈ្នះកីឡាករ Hafis Harsan ដោយវាយឲ្យសន្លប់ក្នុងទឹក១ និងឈ្នះស្វ័យប្រវត្តិ បន្ទាប់ពី Hirad Farhadpuor បោះបង់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចំណែក Hakim ប្រកួតដំបូងរបស់គេយកឈ្នះលើកីឡាករ Emran KambizL ដោយពិន្ទុ និងបន្តយកឈ្នះ Muhamad Rashid Bin ដោយវាយឲ្យសន្លប់នៅទឹក២។
 
គូបន្ទាប់ សាន រ៉ាគីម ត្រូវប្រកួតជាមួយកីឡាករថៃ Yodsakorn Anusornprasoet លើប្រភេទទម្ងន់៦៣.៥គីឡូក្រាម។ រ៉ាគីម មុននឹងមកដល់វគ្គនេះ គេបានវាយឲ្យ Salah Abdo Ali ឲ្យបោះបង់ការប្រកួតនៅទឹក២ និងវាយឲ្យកីឡាករ Amirul Ashraf បោះបង់ការប្រកួតនៅទឹក២ ដូចគ្នា។ Yodsakorn មុននឹងមកជួប រ៉ាគីម គេបានយកឈ្នះ Abubakar ដោយពិន្ទុ និងបន្តឈ្នះKasra Elahi ដោយពិន្ទុ។
 
 ចូលដល់គូទី៣ ភុន ពិសិត ត្រូវជួបMuhammad Salimi លើប្រភេទទម្ងន់ ៤៨គីឡូក្រាម។ មុននឹងមកដល់វគ្គនេះ ពិសិត បានផ្តួលកីឡាករម៉ាឡេស៊ី Khairul Azmin ឲ្យសន្លប់ក្នុងទឹក១ និងផ្តួល Haikal Abdullah ឲ្យសន្លប់ក្នុងទឹក១ ដូចគ្នា ខណៈគូប្រកួតរបស់គេ ឈ្នះស្វ័យប្រវត្តិ បន្ទាប់ពីAzim KamalL បោះបង់ការប្រកួត។
 
ឈានដល់គូទី៤ ឃួន ឡាំងកូស៊ីន ប្រកួតជាមួយ Emran Batoori លើប្រភេទទម្ងន់ ៥៧គីឡូក្រាម។ ឡាំងកូស៊ីនជោគជ័យខ្លាំងដោយ៣ប្រកួតរបស់គេឈ្នះShah Bin ដោយពិន្ទុ ឈ្នះHacen Wani ដោយពិន្ទុ និងបន្តឈ្នះ Omer ដោយពិន្ទុ រីឯ Batoori មុនឡើងមកដល់វគ្គគេបានយកឈ្នះ Mokhtat ដោយពិន្ទុ និងឈ្នះ Hou Young ដោយពិន្ទុ។ 
 

កីឡាករ ឈឿង ល្វៃ (ខៀវ) ឈ្នះដោយស្វ័យប្រវត្តិ។ រូប Capture ពីIFMA

គូទី៥ ខ្លាកំណាចកំពង់ធំ ឈឿង ល្វៃ ត្រូវប្រកួតតទល់នឹងកីឡាករMohammed Mahmond លើប្រភេទទម្ងន់៧១គីឡូក្រាម។ ២ប្រកួតកន្លងមក ល្វៃ បានផ្តួលTogbakoly Gamou ឲ្យសន្លប់ក្នុងទឹក២ និងឈ្នះស្វ័យប្រវត្តិដោយគូប្រកួតរបស់គេ Reza Kambiz បោះបង់ការប្រកួត។ ចំណែក Mahmond មុននឹងឡើងមកជួប ល្វៃ គេបានផ្តួលគូតស៊ូ Mohd Manaf ឲ្យសន្លប់ក្នុងទឹក១ និងឈ្នះ Muhammad Erfan ដោយពិន្ទុ។ 
 
ខាំ ខ្លានាង ជួបប្រកួតជាមួយ Muhammad Zulfakar Othman លើប្រភេទទម្ងន់ ៥១គីឡូក្រាម។ ខ្លានាង មុននឹងមកដល់វគ្គនេះ គេបានផ្តួល Abus Enae ឲ្យសន្លប់ក្នុងទឹក១ ខណៈគូប្រកួតរបស់គេឈ្នះ Muhd Hasma ដោយវាយឲ្យសន្លប់ក្នុងទឹក១ និងបន្តឈ្នះ Mohammad Hazami ដោយពិន្ទុ។
 
ចំណែកគូចុងក្រោយ ហ៊ឹម គឹមរៀង ត្រូវប្រកួតជាមួយImran Hakim លើប្រភេទទម្ងន់ ៥៤គីឡូក្រាម។ គឹមរៀង ផ្តួលEmir Azrul ក្នុងទឹក២ និងយកឈ្នះ Che Wan Abdullah ដោយពិន្ទុ។ 
 
ជាមួយគ្នានេះដែរប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក តែម ម៉ឺន និយាយលើកទឹកចិត្តដល់កីឡាករ និងសំណូមពរដល់ប្រជាជនកម្ពុជាជួយគាំទ្រដល់វិស័យប្រដាល់នៅកម្ពុជាដើម្បីត្រៀមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។
 
«វាជាមោទនភាពណាស់ដែលកីឡាករកម្ពុជាយើងបានចូលរួមប្រកួតនៅលើសង្វៀនលក្ខណៈអន្តរជាតិដែលជាង១០០ប្រទេសចូលរួមទូទាំងពិភពលោក។ វាពិតណាស់ហើយក្នុងការបង្ហាញនូវកិត្តិយសមុខមាត់ប្រទេសកម្ពុជារបស់យើង»។ លោកតែម ម៉ឺន ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមដូច្នេះ។
 
លោកបានបន្ថែមថា៖«នេះគឺការធ្វើបានល្អរបស់សហព័ន្ធ អ៊ីចឹង!យើងសូមចូលរួមអបអរសាទរទាំងអស់គ្នា គិតជាលទ្ធផល ស្នាដៃគឺយើងទទួលបានខ្ពស់វាពិតមែនហើយប្រទេសចូលរួមជាច្រើនមកប្រកួតជាមួយយើង យើងឈ្នះរហូត នោះហើយគឺការបង្ហាញនូវការពិត អ៊ីចឹង!ក៏សូមយើងទាំងអស់គ្នាទស្សនិកជនដែលស្រលាញ់វិស័យកីឡាប្រដាល់គុនខ្មែរទាំងអស់គ្នាអបអរសាទរ ហើយគាំទ្រលើកទឹកចិត្តទាំងអស់គ្នា»។
 
គួបញ្ជាក់ថា កីឡាករប្រដាល់គុនខ្មែរទាំង ៧រូបនឹងប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ក្នុងកម្មវិធីពានរង្វាន់ IFMA World Mauythai Grand Slam 2022 នាទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៕
 

Tag:
 ប្រដាល់
  IFMA
© រក្សាសិទ្ធិដោយ thmeythmey.com