កីឡាជាតិ
ជាតិ
លោកស្រី ហង់ ស៊ីមន ៖កីឡាករ-កីឡាការិនីរាំកម្ពុជា មានទេពកោសល្យតែខ្វះបទពិសោធន៍
19, Aug 2022 , 11:29 pm        
រូបភាព
អត្តពលិកកម្ពុជា ប្រកួតលើវិញ្ញាសា Standard Dance នៅស៊ីហ្គេមលើកទី៣១ ប្រទេសវៀតណាម
អត្តពលិកកម្ពុជា ប្រកួតលើវិញ្ញាសា Standard Dance នៅស៊ីហ្គេមលើកទី៣១ ប្រទេសវៀតណាម
លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា បញ្ជាក់ថា កីឡាករ កីឡាការិនីរាំកម្ពុជា មានវ័យក្មេងណាស់ បើប្រៀបជាមួយប្រទេសជិតខាង ម្យ៉ាងវិញទៀតការខ្វះបទពិសោធន៍ប្រកួតលើឆាកអន្ដរជាតិ គឺជាចំណុចខ្សោយ សម្រាប់អ្នកទាំងនោះ។ ក្នុងការត្រៀមខ្លួនសម្រាប់ស៊ីហ្គេមនៅកម្ពុជា សហព័ន្ធ គ្រោងបញ្ជូន កីឡាករ៥រូប និងកីឡាការិនី៥រូប ហ្វឹកហាត់នៅប្រទេសចិន នាចន្លោះខែសីហា និងខែកញ្ញា ដើម្បីបំពេញបន្ថែមនូវសមត្ថភាព និងបច្ចេកទេស។

 
ការបញ្ជូនអត្ដពលិកកម្ពុជា ទៅហ្វឹកហាត់នៅប្រទេសចិននោះ គឺដោយសារទីនោះ មានគ្រូដែលមានជំនាញ និងកម្រិតខ្ពស់ ម្យ៉ាងវិញទៀត សហព័ន្ធ ក៏ទទួលបានការគាំទ្រពីសហព័ន្ធកីឡារាំចិន និងសហព័ន្ធកីឡារាំអាស៊ី។ បន្ថែមលើការហ្វឹកហាត់ សហព័ន្ធកីឡារាំកម្ពុជា នឹងជម្រុញឲ្យកីឡាករ កីឡាការិនីរបស់កម្ពុជា ចូលរួមប្រកួតអន្ដរជាតិក្នុងតំបន់ឲ្យបានច្រើន ដើម្បីបន្សាំអត្ដពលិកកម្ពុជា លើទីលានប្រកួត ជាពិសេសការទទួលយកបទពិសោធន៍ប្រកួតជាក់ស្ដែង។ អគ្គលេខាធិការសហព័ន្ធកីឡារាំ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា៖«សហព័ន្ធកីឡារាំអាស៊ី បានសរសើរពីទេពកោសល្យរបស់អត្ដពលិករាំកម្ពុជា អំឡុងពេលប្រកួតស៊ីហ្គេម នៅវៀតណាម ប៉ុន្ដែកីឡាករ កីឡាការិនីកម្ពុជា នៅក្មេង និងមានបទពិសោធន៍តិច។»។ 
 
លោកស្រី ហង់ ស៊ីមន បន្ថែមថា ចំណុចខ្លាំងរបស់អត្ដពលិកកម្ពុជា គឺការចាប់ និងរៀនបានលឿន ហើយមានសមត្ថភាពមិនចាញ់កីឡាករ និងកីឡាការិនីបរទេស ប៉ុន្មានទេ បើទោះជាអ្នកទាំងនោះហ្វឹកហាត់ត្រឹមរយៈពេលខ្លី ក៏ដោយ។ 
 
អគ្គលេខាធិការរូបនេះ​ បានពន្យល់ពីការលំបាកមួយចំនួនក្នុងការហ្វឹកហាត់ ព្រោះចលនា កាយវិការនៃការរាំ ត្រូវរួមផ្សំជាមួយទឹកមុខ បង្ហាញពីអារម្មណ៍ផ្សេងៗគ្នា ទៅតាមចង្វាក់នីមួយៗ។ ឧទាហរណ៍ សម្រាប់ចង្វាក់ Cha Cha ត្រូវធ្វើទឹកមុខសប្បាយ ឬក្រមិចក្រមើម ជាដើម។ ម្យ៉ាងវិញទៀត ការរាំជាមួយដៃ ត្រូវចុះសម្រុងគ្នា និងស៊ីចង្វាក់គ្នា ក៏ជារឿងមួយដែលពិបាកផងដែរ ប្រសិនជាដៃគូមិនយល់ពីគ្នា។
សហព័ន្ធកីឡារាំកម្ពុជា ក៏បានត្រៀម១៤ប្រភេទវិញ្ញាសា សម្រាប់ប្រកួតស៊ីហ្គេមលើកទី៣២ ដោយជឿថា វិញ្ញាសាទាំងនេះ គឺអត្ដពលិកកម្ពុជា អាចសម្រេចបានសមិទ្ធិផលល្អ ក្នុងពេលប្រកួត។ ១៤ប្រភេទវិញ្ញាសានោះមាន ចង្វាក់ Latin Dance និង Standard Dance ១២វិញ្ញាសា និងចង្វាក់ Break Dance មាន២វិញ្ញាសា។
បន្ថែមលើសពីនេះទៀត សហព័ន្ធ មានផែនការច្បាស់លាស់ គឺតម្រូវឲ្យកីឡាករ កីឡាការិនី ហ្វឹកហាត់ដោយផ្ដោតទៅលើវិញ្ញាសា ឬរបាំណា ដែលជាបំណិនរបស់ពួកគេ។ នោះ មានន័យថា អត្ដពលិក ចង្វាក់ Latin Dance ហ្វឹកហាត់តែវិញ្ញាសា Latin Dance និងចង្វាក់ Standard Dance ហ្វឹកហាត់តែ Standard Dance ដើម្បីឲ្យអ្នកទាំងនោះ អាចត្រៀមលក្ខណៈបានគ្រប់គ្រាន់។ 
សហព័ន្ធកីឡារាំកម្ពុជា រំពឹងទុកថា តាមរយៈការបញ្ជូនអត្ដពលិក ទៅហ្វឹកហាត់នៅប្រទេសចិន និងការប្រកួតច្រើនទាំងកម្រិតជាតិ និងអន្តរជាតិ អត្ដពលិកនឹងដណ្ដើមបានមេដាយស៊ីហ្គេម នៅកម្ពុជា៕
 
 

Tag:
 កីឡារាំ
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com