ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីទេសចរណ៍ ជំរុញឱ្យស្ថាប័នពាក់ព័ន្ធពង្រឹងជំនាញផ្នែកអក្ខរកម្មឌីជីថល
20, Aug 2022 , 5:19 pm        
រូបភាព
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលពង្រឹងជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២៕
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលពង្រឹងជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២៕
សៀមរាប៖ សមាគមទេសចរណ៍កម្ពុជា (CATA) បានប្រកាសបើកវគ្គបណ្ដុះបណ្ដាលពង្រឹងជំនាញមគ្គុទ្ទេសក៍ទេសចរណ៍ ការីទេសចរណ៍ និងផ្នែកបដិសណ្ឋារកិច្ច នៅខេត្តសៀមរាប ក្នុងបំណងរំលឹកជំនាញពួកគេឡើងវិញ ក្រោយផ្អាកសកម្មភាពដោយសារបញ្ហាជំងឺកូវីដ-១៩។ ក្នុងនោះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏ឱ្យស្ថាប័នពាក់ព័ន្ធ គិតគូរ ពង្រឹងបន្ថែមផងដែរនូវផ្នែកអក្ខរកម្មឌីជីថល ដែលលោករដ្ឋមន្រ្តីយល់ថា វាមានសារសំខាន់សម្រាប់ជំនាញនាពេលអនាគត។

 
ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលពង្រឹងជំនាញដល់មគ្គុទ្ទេសក៍ និងបុគ្គលិកក្រុមហ៊ុន ទីភ្នាក់ងារទេសចរណ៍ និងសណ្ឋាគារ ក្នុងខេត្តសៀមរាប នារសៀលថ្ងៃទី១៩ ខែសីហា រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានកោតសរសើរចំពោះវគ្គនេះ ពិសេសការផ្ដល់ហិរញ្ញប្បទានគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពង្រឹងធនធនានមនុស្សក្នុងវិស័យទេសចរណ៍។ សម្រាប់លោករដ្ឋមន្រ្តី ការបណ្ដុះបណ្ដាលនេះគឺចំយុទ្ធសាស្រ្ដដែលក្រសួងបានគិតគូរ ព្រោះថាវិស័យមួយនេះ ត្រូវការជាចាំបាច់សម្រាប់អ្នកដែលមានជំនាញពិតប្រាកដ។
 
បន្ថែមពីនេះ លោក ថោង ខុន ក៏សុំឱ្យស្ថាប័នពាក់ព័ន្ធ ជួយពង្រឹងបន្ថែម និងបង្រៀនផ្នែកអក្ខរកម្មឌីជីថល ដល់អ្នកក្នុងវិស័យទេសចរណ៍ផងដែរ ដ្បិតថាជំនាញនេះសំខាន់ណាស់ ជាផ្នែកមួយនៃជីវិត និងត្រូវជាមួយស្ថានភាពក្នុងដំណាក់កាលថ្មីនេះ។ «បច្ចុប្បន្ន គេបុក(កក់) តាមអនឡាញទាំងអស់ បើយើងមិនចេះអត់កើត គួរបង្រៀនជំនាញនេះឱ្យខ្លាំង ដូចសម្ដេចថា មន្រ្តីណាមិនចេះឌីជីថល គាត់មិនតែងតាំងទេ»។ 
 
ប្រធានមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ជា កុកហុង គិតត្រឹមពាក់កណ្ដាលខែ សីហា ឆ្នាំ២០២២ មូលនិធិអភិវឌ្ឍន៍ជំនាញបានដើរតួសំខាន់ក្នុងការភ្ជាប់រវាងវិស័យឯកជន និងវិស័យសាធារណ  និងបានផ្ដល់ថវិកាសហហិរញ្ញប្បទានដល់ដៃគូ សហប្រតិបត្តិការពាក់ព័ន្ធ សរុបជិត៤លានដុល្លារអាមេរិក ស្មើនឹង៩៤គម្រោង ដែលមានសិក្ខាកាមសរុបជាង៧ពាន់នាក់ ក្នុងនោះស្រ្ដី៤៤ភាគរយ។
 
សមាគមទេសចរណ៍កម្ពុជា បានទទួលហិរញ្ញប្បទានពី SDF ក្នុងទំហំទឹកប្រាក់សរុបជិត ៥០ម៉ឺនដុល្លារ ដើម្បីបណ្ដុះបណ្ដាលពង្រឹងជំនាញផ្នែកទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ និងផ្នែកបដិសណ្ឋារកិច្ច ដល់សិក្ខាកាមសរុបជាង ១,១០០នាក់។  
 
ប្រធានសមាគមទេសចរណ៍កម្ពុជា អ្នកស្រី ឆាយ ស៊ីវលីន បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលខាងលើនេះធ្វើឡើងក្នុងបំណង ដើម្បីពង្រឹងជំនាញដែលមានស្រាប់ និងរំលឹកឡើងវិញសម្រាប់បុគ្គលិកទេសចរណ៍ និងមគ្គុទ្ទេសក៍ដែលផ្អាកការងារ និងបាត់បង់ការងារដោយសារបញ្ហាកូវីដ-១៩។ លោកស្រីបន្ថែមថា ចែកជាផ្នែក៣ ដែលរួមមាន បុគ្គលិកបម្រើការផ្នែកសណ្ឋាគារ និងភោជនីយដ្ឋាន ចំនួន៧០០នាក់ ផ្នែកទីភ្នាក់ងារ និងការីទេសចរណ៍ ចំនួន១៧៥នាក់ និងផ្នែកមគ្គុទ្ទេសក៍ទេសចរណ៍ ចំនួន២០០នាក់។ ដើម្បីធានាការបណ្តុះបណ្តាលជំនាញ គម្រោងបានធ្វើការ បណ្តុះបណ្តាលគ្រូបង្គោលចំនួន៤៩រូប ដោយភ្នាក់ងារប្រឹក្សាយោលបល់ជំនាញទេសចរណ៍អេធីភី (ATP Consultant) ដើម្បីចូលរួមអនុវត្តការបណ្តុះបណ្តាលទៅកាន់សិក្ខាកាម ក្នុងរយៈពេលចាប់ពី ខែសីហា ដល់ខែតុលា ឆ្នាំ២០២២។ នេះជាការបញ្ជាក់បន្ថែមពីប្រធានសមាគមទេសចរណ៍កម្ពុជា។


 លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា  ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលពង្រឹងជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២៕

ពិសេសសម្រាប់វគ្គបណ្ដុះបណ្ដាលនេះ ក្រៅពីទទួលបានការសិក្សាហើយ សិក្ខាកាមទាំងអស់ និងទទួលការឧបត្ថម្ភកំឡុងពេលរៀនចប់ផងដែរ។ សិក្ខាកាមផ្នែកបដិសណ្ឋារកិច្ចដែលមាន៨ផ្នែក ទទួលការបណ្ដុះបណ្ដាលចំនួន៨០ម៉ោង ពួកគេទទួលការឧបត្ថម្ភ៦០ម៉ឺនរៀល។ ចំណែកមគ្គុទ្ទេសក៍ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ និងការីទេសចរណ៍ មានរយៈពេល៣០ម៉ោង និងទទួលប្រាក់ឧបត្ថម្ភ ២៤ម៉ឺនរៀល។
 
គួរបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ ជាមួយសមាគមទេសចរណ៍កម្ពុជា និងគាំទ្រផ្នែកបច្ចេកទេសដោយទីភ្នាក់ងារប្រឹក្សាយោលបល់ជំនាញទេសចរណ៍អេធីភី (ATP Consultant) និងស៊ីអេចធី (CHT) ដែលបានទទួលជំនួយថវិការពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមរយៈមូលនិធិអភិវឌ្ឍន៍ជំនាញ។ វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងនៅសណ្ឋាគារ ស្ដារីអង្គរ៕
 

ក្រុមមគ្គុទ្ទេសក៍ និងជាសិក្ខាកាមចូលរួម ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលពង្រឹងជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២៕


Tag:
 ទេសចរណ៍
  អក្ខរកម្មឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com