ជាតិ
សង្គមជាតិ
អាជ្ញាធរជាតិអប្សរា នឹងរៀបចំព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅពាក់កណ្តាលខែធ្នូ
20, Aug 2022 , 8:19 pm        
រូបភាព
កម្មវិធីសាសនាមួយដែលរៀបចំនៅក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅបរិវេណមុខប្រាសាទភ្នំបាខែង នៅឆ្នាំ២០២១។
កម្មវិធីសាសនាមួយដែលរៀបចំនៅក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅបរិវេណមុខប្រាសាទភ្នំបាខែង នៅឆ្នាំ២០២១។
សៀមរាប៖ អាជ្ញាធរជាតិអប្សរា គ្រោងរៀបចំព្រឹត្តិការណ៍រំលឹកគុណអង្គរលើកទីពីរ នៅពាក់ខែធ្នូ ឆ្នាំ២០២២។ ការប្រកាសនេះ​គឺធ្វើឡើងបន្ទាប់ពីជោគជ័យពិធីរំលឹកគុណអង្គរលើកមួយ កាលពីឆ្នាំ២០២១។

 
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាគ្រោងរៀបចំព្រឹត្តិការណ៍រំលឹកគុណអង្គរ ដែលជាព្រឹត្តិការណ៍វប្បធម៌ដ៏ធំដែល​ស្រដៀងព្រឹត្តិការណ៍អង្គរសង្រ្កាន្តនោះ នៅចុងឆ្នាំ២០២២។  លោកបាននិយាយដូច្នេះ៖ «ភាពជោគជ័យនៃកម្មវិធីនេះ[លើកទីមួយ]គឺល្អប្រសើរ ទើបយើងសម្រេចចិត្តរៀបចំបន្តទៀត។  ក្នុងនោះដែរ [យើង]មិនត្រឹមធ្វើកិច្ចសាសនាអរគុណបុព្វបុរសគ្រប់ជំនាន់ទេ គឺបង្ហាញកម្មវិធីវប្បធម៌ជាច្រើន ទាំងរូបី និងអរូបី»។ 
 
បើតាមលោក ឡុង កុសល ក្រៅពីព្រឹត្តិការណ៍ដ៏ធំនេះហើយនោះ  អាជ្ញាធរជាតិអប្សរា ក៏នឹងត្រៀមរៀបចំព្រឹត្តិការណ៍ពិព័រណ៌ម្ហូបអាហារពិភពលោក ដែលមានក្រុមហ៊ុនដ៏ធំរបស់ប្រទេសបារាំង ចូលរួម ផងដែរ។ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរារូបនេះបានបញ្ជាក់ថា៖  «នេះជាពេលវេលាមិនត្រឹមបង្ហាញពីបេតិកភណ្ឌទេ តែថែមទាំងបង្ហាញម្ហូបអាហាររបស់ខ្មែរ ផងដែរ»។ 
 
សូមជម្រាបថា​ កាលពីឆ្នាំ២០២១ ព្រឹត្តិការណ៍រំលឹកគុណអង្គរ ត្រូវបានធ្វើឡើងក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែធ្នូ ។ ក្នុងនោះ គឺមានកម្មវិធីដាច់ដោយឡែកពីគ្នាចំនួន៣ ដោយទីមួយ គឺជាកម្មវិធីសាសនា ទីពីរ ជាស្ដង់ពិព័រណ៍ និងទីបី ជាកម្មវិធីសម្ដែងសិល្បៈនាពេលល្ងាច ដែលរៀបចំនៅបរិវេណមុខប្រាសាទអង្គរវត្ត ភ្នំបាខែង បរិវេណមុខព្រះលានជល់ដំរី និងប្រាសាទព្រះពិធូរ៕ 
 
 
 

Tag:
 រំលឹកគុណអង្គរ
  វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com