ជាតិ
សង្គមជាតិ
ឪពុកម្ដាយ ដើរតួនាទីសំខាន់ ដើម្បីជួយកុមារជៀសផុតពីការរំលាភបំពានផ្លូវភេទ
20, Aug 2022 , 10:59 pm        
រូបភាព
លោក យុំា ចំរើន នាយកប្រតិបត្តិនៃអង្គការជំហានដំបូងកម្ពុជា។
លោក យុំា ចំរើន នាយកប្រតិបត្តិនៃអង្គការជំហានដំបូងកម្ពុជា។
ដោយ:
ភ្នំពេញ៖ ឪពុកម្តាយ មានតួនាទីសំខាន់ណាស់ នៅក្នុងការសង្កេតអាកប្បកិរិយារបស់កូន ព្រមទាំងជំរុញឱ្យពួកគេក្លាហាន និងហ៊ាននិយាយ ប្រសិនពួកគេរងការរំលោភបំពាន ឬបៀតបៀនផ្លូវភេទ។ លោក ផង់ ចន្ដា ប្រធានគ្រប់គ្រងកម្មវិធីនៃអង្គការជំហានដំបូង លើកឡើងដូច្នេះក្នុងសិក្ខាសាលាស្តីពី «កិច្ចការងារកុមារប្រកបដោយបរិយាប័ន្ន» នៅថ្ងៃទី១៦ ខែសីហា។ សម្រាប់លោក ផង់ ចន្ដា ដើម្បីដឹងពីបញ្ហារបស់កុមារ និងដឹងថាពួកគេជួបបញ្ហាការបៀតបៀនរាងកាយ និងផ្លូវភេទ ឪពុកម្ដាយត្រូវចំណាយពេលវេលាជាមួយកូនៗឱ្យបានច្រើននិងទាមទារភាពអត់ធ្មត់ផងដែរ។

 
អង្គការជំហានដំបូងកម្ពុជា (FIRST STEP CAMBODIA) ដែលធ្វើការពាក់ព័ន្ធពាក់ព័ន្ធនឹងកុមារា ដែលរងគ្រោះដោយការរំលាភបំពានផ្លូវភេទនៅកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី «កិច្ចការងារកុមារប្រកបដោយបរិយាប័ន្ន» នៅថ្ងៃទី១៦ ខែសីហា។ ក្នុងពិធីនេះ លោក ផង់ ចន្ដា ប្រធានគ្រប់គ្រងកម្មវិធីនៃអង្គការជំហានដំបូង បានលើកឡើងថា កុមារា មិនសូវហ៊ាននិយាយប្រាប់ ពីបញ្ហាប្រឈមរបស់ខ្លួន បើពួកគេ បានជួបប្រទះការរំលាភបំពានរាងកាយ និងផ្លូវភេទនោះ។
 
ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហានេះ លោក ផង់ ចន្តា បញ្ជាក់ថា ឪពុកម្ដាយ មានតួនាទីសំខាន់ នៅក្នុងការតាមដាន និងយកចិត្តទុកដាក់ ទៅលើកូនៗ។ យ៉ាងណាក៏ដោយ ការសង្កេតតាមដាននេះ ត្រូវការពេលវេលាយូរ និងទាមទារឱ្យឪពុកម្តាយ ឬអាណាព្យាបាលមានភាពអត់ធ្មត់ផងដែរ។ «គ្រួសារ មានតួនាទីសំខាន់បំផុត ក្នុងការទំនុកបម្រុង ទាំងផ្នែកបញ្ញាស្មារតី
និងសេដ្ឋកិច្ច ឱ្យកុមាររីកលូតលាស់ធំធាត់។ ហើយត្រូវលើកកម្ពស់ ផ្ដល់ចំណេះដឹងដល់សហគមន៍ពីអ្វីដែលជាការរំលាភបំពានផ្លូវភេទ ដើម្បីឱ្យជួយបណ្ដុះបណ្ដលកូនៗ»។ នេះបើតាមលោក ផង់ ចន្ដា ដែលបានបន្ថែមថា កន្លងមក អង្គការជំហានដំបូង បានដឹងករណីរំលោភបំពាននិងបៀតបៀនផ្លូវភេទលើកុមារា ពីឪពុកម្ដាយ និងមិត្តភក្តិរបស់កុមាររងគ្រោះ។


 
អង្គការជំហានដំបូង បានសិក្សាស្រាវជ្រាវ នៅក្នុងតំបន់គោដៅចំនួន២ គឺរាជធានីភ្នំពេញ និងខេត្តសៀមរាប។ នៅក្នុងតំបន់គោលដៅទាំង២នេះ សកម្មភាពអប់រំណែនាំដល់ អាណាព្យាបាលរបស់កុមារ ការចងក្រងជាក្លិបយុវជន និងចងក្រងឪពុកម្ដាយគំរូ ត្រូវបានរៀបចំឡើង ដើម្បីឱ្យពួកគេអាចកត់សម្គាល់បានថា កុមារនៅក្នុងសហគមន៍ ទទួលរងសម្ពាពីការរំលាភបំពានផ្លូវភេទ និងអាកប្បកិរិយាផ្លូវភេទបែបគ្រោះថ្នាក់។ លើសពីនេះ ការបណ្តុះបណ្តាល ក៏ត្រូវរៀបចំឡើងសម្រាប់មន្រ្តី និងអាជ្ញាធរមូលដ្ឋានផងដែរ  ដើម្បីបង្កើនការការពារការរំលាភបំពានផ្លូវភេទលើកុមារា ឱ្យកាន់តែមានប្រសិទ្ធភាព។
 
លោក យ៉ាំ ចំរើន នាយកប្រតិបត្តិនៃអង្គការជំហានដំបូងកម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ ២០១៥ អង្គការ UNICEFបានចុះស្រាវជ្រាវតាមខ្នងផ្ទះរបស់ពលរដ្ឋ  និងបានរកឃើញថា មានកុមារា ៥,៦ភាគរយ ធៀបនឹងកុមារី ៥,៤ភាគរយ បានរងនូវការរំលាភបំពានផ្លូវភេទ។  បើតាមលោក  យ៉ាំ ចំរើន ការរំលាភបំពានផ្លូវភេទមាន២ទម្រង់ គឺការរំលាភបំពានដោយផ្ទាល់ និងមិនផ្ទាល់។ ចំពោះការរំលាភមិនផ្ទាល់ គឺការថតរូបកុមារ យកបង្ហោះតាមបណ្ដាញសង្គម ឬលក់ និងលួចមើលកុមារងូតទឹក ដើម្បីសម្រេចបំណងផ្លូវភេទជាដើម។ ការរំលាភបំពានដោយផ្ទាល់ គឺការបោសអង្អែល ស្ទាបក្នុងទម្រង់បៀតបៀនរាងកាយ ដើម្បីសម្រេចបំណងផ្លូវភេទ។ ស្របពេលដែលបញ្ហានៃការរំលោភបំពានលើកុមារា បានកើតឡើងជាយូរមកហើយនោះ បណ្ដាញអង្គការដែលធ្វើការងារពាក់ព័ន្ធនឹងកុមារាដែលរងការរំលាភបំពានផ្លូវភេទ ក៏មានតិចតួចដែរ ដូចជានៅកម្ពុជា ហ្វីលីពីន និងឈីលីប៉ុណ្ណោះ។
 
«បញ្ហានៃការរំលាភបំពានលើកុមារា បានកើតឡើងយូរហើយ មិនមែនមានតែនៅកម្ពុជាទេ។ បើនៅប្រទេសឥណ្ឌាវិញ គេបានរកឃើញកុមារា ៦០ភាគរយ និងនៅចិន មានចន្លោះពី ២០ ទៅ៤០ភាគរយ ដែលបានរងអំពើរំលាភបំពានផ្លូវភេទ»។ លោក យុំា ចំរើន អះអាងដូច្នេះ រួចបន្តថា បច្ចុប្បន្នអង្គការរបស់ខ្លួន បានផ្ដល់សេវាទាំងមនុស្សធំ និងកុមារ សរុបចំនួន ៤៣២ករណី នៅក្នុងតំបន់គោលដៅចំនួន ២គឺរាជធានីភ្នំពេញ និងសៀមរាប។ ក្នុងចំណោមនោះ ៣៧៥ករណី ជាកុមាររងគ្រោះ ក្នុងនោះកុមារា ៧០ភាគរយ និង៣០ភាគរយ ជាកុមារី៕
 

 លោក ផង់ ចន្ដា ប្រធានគ្រប់គ្រងកម្មវិធីនៃអង្គការជំហានដំបូង។
 
 
 

Tag:
 រំលាភបំពានផ្លូវភេទ
 កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com