ជាតិ
ក្រសួងកសិកម្មស្នើចិនពន្លឿនកិច្ចចរចា នាំចេញ ម្រេច សម្បុកត្រចៀកកាំ និងទុរេន
21, Aug 2022 , 8:29 am        
រូបភាព
ជំនួបរវាង លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និង លោក Zhang Lubiao គណៈប្រតិភូ មជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេសនៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន។ រូបភាពពីទំព័រហ្វេសប៊ុល លោក វេង សាខុន។
ជំនួបរវាង លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និង លោក Zhang Lubiao គណៈប្រតិភូ មជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេសនៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន។ រូបភាពពីទំព័រហ្វេសប៊ុល លោក វេង សាខុន។
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើទៅភាគីចិនឱ្យពន្លឿនការបើកកិច្ចចរចាលក្ខខណ្ឌតម្រូវអនាម័យនិងភូតគាមអនាម័យលើផលិតផលកសិកម្មកម្ពុជាដទៃទៀត ដូចជាម្រេច ទឹកមាត់ត្រចៀកកាំនិងទុរេន។ សំណើរខាងនេះ​​ ធ្វើឡើងនាជំនួប រវាងលោក វេង សាខុន និង លោក Zhang Lubiao គណៈប្រតិភូមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេសនៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន។


នាជំនួបថ្ងៃទី១៨ ខែសីហានោះរដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះ​ ជាមួយភាគីចិន បានឯកភាពបង្កើតក្រុមការងារជំនាញដើម្បីរួមគ្នារៀបចំផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា។ ក្រុមការងារជំនាញនេះផ្ដោតសំខាន់លើ អង្ករ ពោត កៅស៊ូ ដំឡូងមី ចេក ផលិតកម្មសត្វ និងវារីវប្បកម្ម។  
 
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងកសិកម្មក៏បានស្នើដល់ក្រុមការងារជំនាញពីក្រសួងប្រទេសទាំង២ ពិនិត្យពិចារណាជំរុញការធ្វើទំនើបកម្មកសិកម្ម ការបំពេញខ្សែច្រវាក់ផលិតកម្មកសិកម្មគ្រប់ជ្រុងជ្រោយដោយផ្តោតសំខាន់ លើការផ្សាភ្ជាប់អ្នកផលិត វិស័យឯកជន និងទីផ្សារការពង្រឹងការងារដាំដុះ ការកែច្នៃ និងការវេចខ្ចប់ប្រកបដោយគុណភាព សុវត្ថិភាពនិងស្តង់ដា ស្របតាមតម្រូវការ និងតម្រូវចិត្តរបស់អ្នកបរិភោគទាំងក្នុងនិងក្រៅប្រទេស។ក្នុងកិច្ចប្រជុំនោះ លោក វេង សាខុនក៏បានស្នើក្រុមការងារជំនាញបន្ថែមមុខដំណាំមានសក្តានុពលផ្សេងទៀតដូចជា ស្វាយស្វាយចន្ទីក្នុងផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា។ 
 
គួរជ្រម្រាបផងដែរថា ថ្មីៗនេះភាគីចិនបានអនុញ្ញាតឱ្យកម្ពុជានាំចូល ផ្លែស្វាយ ត្រីប្រា ទៅកាន់ប្រទេសខ្លួនខណៈផ្លែមៀននឹងគ្រោងនាំចេញនៅខែសីហា ឆ្នាំ២០២២នេះផងដែរ។
 
ដោយឡែកនៅថ្ងៃទី៨ ខែសីហាវិញ ក្រសួងកសិកម្មក៏បានចុះអនុស្សារណៈយោគយល់គ្នាជាមួយភាគីមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ពីការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់សាធារណរដ្ឋប្រជាមានិតចិផងដែរ៕
 
 
 

Tag:
 ThmeyThmey25
  ក្រសួងកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com