ជាតិ
កំពង់ធំ៖ស្រូវជាង ១ម៉ឺនហិកតា ត្រូវបានជន់លិច
21, Aug 2022 , 10:19 am        
រូបភាព
ស្ថានភាពស្រូវ ដែលរងការលិចលង់ដោយសារជំនន់ទឹកភ្លៀងនៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ រូបពី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
ស្ថានភាពស្រូវ ដែលរងការលិចលង់ដោយសារជំនន់ទឹកភ្លៀងនៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ រូបពី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
ភ្នំពេញ៖ ស្រូវប្រមាណ ១,១ម៉ឺនហិកតា ក្នុងខេត្តកំពង់ធំ ត្រូវបានលិចលង់ដោយសារជំនន់ទឹកភ្លៀង។ ក្នុងនោះ ស្រូវចំនួន ៦២០០ហិកតា ត្រូវបានខូចខាតទាំងស្រុង។



ភ្លៀងធ្លាក់ចាប់ពីខែកក្កដា បានប៉ះពាល់ផលដំណាំប្រជាកសិករយ៉ាងខ្លាំង ដែលធ្វើឱ្យការដាំដុះស្រូវវស្សា ថយចុះប្រមាណ៥ ម៉ឺនហិកតា ធៀបនឹងឆ្នាំ២០២១។ ជុំវិញបញ្ហានេះ អាជ្ញាធរ កំពុងទប់ស្ដាត់ និងត្រៀមគ្រាប់ពូជ ដើម្បីស្ដារពេលទឹកស្រកវិញ។
 
លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ធំ បានសារព័ត៌មាន ThmeyThmey25 ថា លោក មានក្ដីបារម្ភពីផលប៉ះពាល់ដំណាំ និងសុវត្ថិភាពរបស់ពលរដ្ឋកាន់តែខ្លាំង ដោយសារភ្លៀងនៅតែបន្តធ្លាក់ស្ទើររាល់ថ្ងៃ ស្របពេលទឹកស្ទឹងសែន ក៏ហក់ឡើងគួរឱ្យបារម្ភដែរ ។ ចំពោះមុខ អាជ្ញាធរពាក់ព័ន្ធ ក៏បានត្រៀមទីទួលសុវត្ថិភាព ដើម្បីជម្លៀសពលរដ្ឋ នៅពេលជំនន់ទឹកភ្លៀងឡើងខ្លាំង។

ស្ថានភាពស្រូវ ខូចខាតដោយសារជំនន់ទឹកភ្លៀង។ រូបពី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

លោក វណ្ណារិទ្ធ បានអះអាងថា៖ «យើងបានត្រៀមលក្ខណៈរួចរាល់ហើយ គឺកន្លែងដែលយើងអាចដាំស្ដារឡើងវិញបាន។ យើងនឹងចែកពូជស្រូវដល់ពួកគាត់(កសិករ)។ កន្លែងដែលគ្មានលទ្ធភាពស្ដារឡើងវិញ យើងនឹងចែកជាពូជដំណាំផ្សេងៗវិញ ដើម្បីឱ្យដាំដុះបង្កើនជីវភាពរស់នៅរបស់គាត់»។ 
 
តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិម ចាប់ពីថ្ងៃទី១៧ ដល់២៣សីហា កម្ពុជានឹងទទួលឥទ្ធិពលពី ដែលធ្វើឱ្យខេត្តមួយចំនួនប្រឈមជន់លិច ដោយសារជំនន់ទឹកភ្លៀង ជាពិសេសខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង រតនគិរី  ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តឧត្ដរមានជ័យ៕  



 
 
 

Tag:
 កសិកម្ម
  ស្រូវ
  ជំនន់ទឹកភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com