ជាតិ
អ្នកជំនាញ៖ ភ្ញៀវអន្តរជាតិ នឹងចូលមកសៀមរាបច្រើននៅខែតុលា
21, Aug 2022 , 11:39 am        
រូបភាព
ភ្ញៀវទេសចរជនជាតិថៃ បានមកទស្សនាប្រាសាទបន្ទាយស្រី កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២។ រូបថត៖ ឈន សុផាត
ភ្ញៀវទេសចរជនជាតិថៃ បានមកទស្សនាប្រាសាទបន្ទាយស្រី កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២។ រូបថត៖ ឈន សុផាត
ដោយ:
អាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាប បានបើកដំណើរការឡើងវិញស្ទើរពាក់កណ្ដាលហើយគិតត្រឹមខែកក្កដាឆ្នាំ២០២២នេះ។ ការបើកដំណើរការឡើងវិញនេះស្របតាមតម្រូវការទេសចរផ្ទៃក្នុង និងទេសចរអន្តរជាតិពីតំបន់អាស៊ាន និងអឺរ៉ុប។ ចំណែកទេសចរអន្តរជាតិ ក៏បានដើរកម្សាន្តនៅខេត្តមួយនេះជាបន្តបន្ទាប់ ក្រោយពេលក្រុមហ៊ុនអាកាសចរណ៍សឹង្ហបុរី និងថៃបានបើកជើងហោះហើរឡើងវិញក្នុងខេត្តសៀមរាប។

 
រយៈពេល៧ខែនៃឆ្នាំ២០២២ ខេត្តសៀមរាបទទួលបានទេសចរជាង ១លាននាក់ ក្នុងនោះទេសចរអន្តរជាតិ ៨៣ ៨៥៤នាក់។ ភ្ញៀវទេសចរទាំងនេះ បានធ្វើឱ្យប្រតិបត្តិករទេសចរណ៍ ក្នុងខេត្តសៀមរាបមានលទ្ធភាពបើកអាជីវកម្មរបស់ខ្លួនឡើងវិញ។ មូលដ្ឋានទេសចរណ៍ចំនួន ៥៤៨កន្លែងបានកំពុងដំណើរការក្នុងខេត្តសៀមរាប។ ទិន្នន័យនេះស្មើនឹង  ៤៦ភាគរយនៃអាជីវកម្មទេសចរណ៍សរុបក្នុងខេត្តសៀមរាប ដែលមានចំនួន ១ ១៨៧កន្លែង។ 
 
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា លើកឡើងថា ថ្វីបើចំនួនអាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាប ទើបដំណើរការឡើងវិញប្រហែលពាក់កណ្ដាល តែវាហាក់ច្រើនជាងតម្រូវការទេសចរ។ ការណ៍នេះធ្វើឱ្យអាជីវកម្មទេសចរណ៍មួយចំនួនមិនមានភ្ញៀវឡើយ។ ប៉ុន្តែលោកស្រីរំពឹងថា នាខែតុលាខាងមុខ ខេត្តសៀមរាបនឹងមានកំណើនទេសចរឡើងវិញ។


 លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា  (រូបខាងឆ្វេង) ។ រូបថត៖ ហ្វេសប៊ុក ឆាយ ស៊ីវលីន

«យើងមើលឃើញថាភ្ញៀវកើន គ្រាន់តែនៅមានកម្រិត។ ទោះបីប្រតិបត្តិករទេសចរណ៍ត្រឡប់មកវិញជាង ៤០ភាគរយ ក៏នៅតែច្រើនជាងតម្រូវការភ្ញៀវបច្ចុប្បន្ន។ ពិបាកនឹងនិយាយដែរ ព្រោះពេលយើងបើកឡើងវិញចំរដូវភ្លៀង ដែលរដូវភ្ញៀវអត់ដើរ។ ប៉ុន្តែយើងឃើញការកក់មានច្រើននៅខែតុលា»។ នេះជាការបញ្ជាក់របស់លោកស្រី ឆាយ ស៊ីវលីន។
 
អ្នកជំនាញទេសចរណ៍រូបនេះមើលឃើញថា ទេសចរណ៍ក្នុងខេត្តសៀមរាបងើបឡើងយឺតបន្តិត ព្រោះភ្ញៀវកើនឡើងនៅមានកម្រិតពេក។ ប៉ុន្តែការងើបឡើងយឺតនេះជាអត្ថប្រយោជន៍មួយសម្រាប់ បុគ្គលិកក្នុងវិស័យទេសចរណ៍បានពង្រឹងជំនាញរបស់ពួកគេឡើងវិញ។
 
ជាមួយគ្នានោះ លោក រស់ សាយ នាយកគ្រប់គ្រងសណ្ឋាគារ វិរតន៍ (Viroth’s Hotel) ប្រាប់សារព័ត៌មានThmeyThmey25ថា សណ្ឋាគាររបស់លោកមានភ្ញៀវជាប្រចាំ ប៉ុន្តែមិនទាន់អាចស្មើនឹងមុនជំងឺកូវីដ-១៩ឡើយ។ ជាប្រចាំ សណ្ឋាគារ វិរតន៍ មានភ្ញៀវស្នាក់នៅប្រមាណ ៧បន្ទប់ ដែលភាគច្រើនជាភ្ញៀវទេសចរពីអឺរ៉ុប ហើយជាភ្ញៀវទេសចរដែលទើបមកកម្ពុជាលើកដំបូង។ 
 

 លោក រស់ សាយ នាយកគ្រប់គ្រងសណ្ឋាគារវិរតន៍

លោក រស់ សាយ បញ្ជាក់ដូច្នេះ៖ «សម្រាប់សន្ទុះភ្ញៀវមាន២-៣សប្តាហ៍ចុងក្រោយ។ ប៉ុន្តែបើធៀបមុនកូវីដ-១៩ប្រហែល ៥០ភាគរយប៉ុណ្ណោះ។ ការកក់កើនឡើងច្រើនពីភ្ញៀវក្រៅប្រទេស ជាពិសេសភ្ញៀវមកពីអឺរ៉ុប។ ហើយអ្វីដែលខ្ញុំសម្គាល់គឺជាទេសចរដែលដើរកម្សាន្តនៅកម្ពុជាលើកដំបូង។ ទេសចរ៨០ ទៅ៩០ភាគរយ ថានេះជាលើកដំបូង ដែលគាត់មកកម្ពុជា និងសៀមរាប»។
 
ជុំវិញស្ថានភាពទេសចរណ៍ក្នុងខេត្តសៀមរាបនេះ លោក ពីយ៉ូត ដាវីដហ្សាយា (David-Jaya PIOT) ប្រធានសមាគមសណ្ឋាគារខេត្តសៀមរាបថា រយៈពេល៧ខែនេះ អាជីវកម្មទេសចរណ៍ដែលបើកឡើងវិញភាគច្រើនជាសណ្ឋាគារតូចៗ និងទទួលទីផ្សារទេសចរអឺរ៉ុប។ ចំណែកសណ្ឋាគារធំៗ បើកឡើងវិញតិចតួចប៉ុណ្ណោះ ព្រោះទេសចរជនជាតិចិនមិនទាន់មានកំណើនក្នុងប្រទេសកម្ពុជា ឬខេត្តសៀមរាបឡើយ។
 
យ៉ាងណាមិញលោក ពីយ៉ូត ដាវីដហ្សាយា (David-Jaya PIOT) អះអាងថា សណ្ឋាគារដែលបើកដំណើរការឡើងវិញទាំងនោះមិនទាន់អាចទទួលបានប្រាក់ចំណេញច្រើនឡើយ ដោយពួកគេគ្រាន់តែបើកដើម្បីដំណើរការអាជីវកម្មតែប៉ុណ្ណោះ។ 
 
«មកដល់ឥឡូវឱ្យតែគាត់(ម្ចាស់សណ្ឋាគារ)ទប់ទល់ការចំណាយបានគឺល្អណាស់ហើយ មិនបាច់និយាយថាទទួលបានប្រាក់ចំណេញទេ។ ខ្ញុំសង្ឃឹមថានៅចុងឆ្នាំនេះឬដើមឆ្នាំក្រោយអាចនឹងមានល្អប្រសើរ។ តែរកស៊ីក្នុងវិស័យទេសចរណ៍ឥឡូវពិបាកស្មានណាស់ សូម្បីក្រុមហ៊ុនអាកាសចរណ៍ក៏ពិបាកស្មានដែរ»។ នេះជាការបន្ថែមរបស់លោក ពីយ៉ូត ដាវីដហ្សាយា (David-Jaya PIOT)។
 

សណ្ឋាគារក្នុងខេត្តសៀមរាប ដែលបានបិតដំណើរការ

ប្រធានសមាគមសណ្ឋាគារប្រចាំខេត្តសៀមរាបរូបនេះ បន្តថា សណ្ឋាគារធំៗមួយចំនួន ដែលទទួលទេសចរបែបប្រណីត(High Class) នឹងអាចបើកដំណើរការបន្ថែមនៅកញ្ញា ឬខែតុលាខាងមុខ។ ដោយឡែកសណ្ឋាគារដែលទទួលទេសចរជនជាតិចិន មិនទាន់មានគម្រោងបើកឡើងវិញនោះទេ។
 
ជុំវិញស្ថានភាពទេសចរណ៍ក្នុងខេត្តសៀមរាប លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ស្នើឱ្យប្រតិបត្តិករទេសចរណ៍ទាំងអស់ពង្រឹងសមត្ថភាពបដិសណ្ឋារកិច្ច និងផលិតផលទេសចរណ៍របស់ខ្លួនឡើងវិញ ព្រោះពួកគេបានឃ្លាតឆ្ងាយពីការងារនេះប្រមាណ២ឆ្នាំហើយ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។
 
«ទីផ្សារទេសចរណ៍ឥឡូវត្រូវការប្រកួតប្រជែងខ្លាំង។ សេវាទេសចរណ៍មិនអាចប្រហែសបានទេ ត្រូវតែផ្ដល់សេវាប្រកបដោយគុណភាព ព្រោះពេលងើបឡើងវិញទីផ្សារទេសចរណ៍ចង្អៀត។ ចង្អៀតយ៉ាងមិច អ្នកមានលុយធ្លាប់ដើរកម្សាន្តមិនមានច្រើនទៀតទេ អាចមកជាអ្នកប្រជុំ និងអ្នកធ្វើអាជីវកម្ម។ បើមានទេសចរ គឺជាអ្នកមានហើយទៅកាន់គោលដៅ ដែលល្បីល្បាញ ដូចជាអង្គរវត្តរបស់យើង»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ថោង ខុន។
 
បន្ថែមពីនេះ លោក ថោង ខុន សន្និដ្ឋានថា ខេត្តសៀមរាបនឹងអាចមានទេសចររហូតដល់ ២,២លាននាក់ នៅឆ្នាំ២០២២នេះ។ ក្នុងនោះ ទេសចរអន្តរជាតិ អាចមានរហូតដល់ជិត ២៤ម៉ឺននាក់៕
 


លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍

Tag:
 ThmeyThmey25
  ខេត្តសៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com