ជាតិ
យុវជនសកម្ម សេវាល្អ
កំពត៖ មណ្ឌលសុខភាពព្រៃឃ្មុំ បានផ្តល់ការពិនិត្យផ្ទៃពោះ និងសម្រាល ដល់ស្ត្រីប្រមាណ ១៦​០នាក់ក្នុងមួយខែ
20, Aug 2022 , 6:29 pm        
រូបភាព
: ក្នុងមួយខែៗ ​មានស្ត្រីដែលបានទៅពិនិត្យផ្ទៃពោះ ពី ១៤០ ទៅ១៥០នាក់ ​ និងសម្រាលពី ២០ ទៅ៣០នាក់ នៅមណ្ឌលសុខភាពព្រៃឃ្មុំ ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត​។
: ក្នុងមួយខែៗ ​មានស្ត្រីដែលបានទៅពិនិត្យផ្ទៃពោះ ពី ១៤០ ទៅ១៥០នាក់ ​ និងសម្រាលពី ២០ ទៅ៣០នាក់ នៅមណ្ឌលសុខភាពព្រៃឃ្មុំ ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត​។
ដោយ៖ ណី ស្រីពៅ 
 
ស្រុកទឹកឈូ, កំពត៖  មណ្ឌលសុខភាពព្រៃឃ្មុំ ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត បានផ្តល់សេវាពិនិត្យសុខភាព ដល់ពលរដ្ឋពី​៨០០ នាក់ ទៅ១ ០០០នាក់ ក្នុងមួយខែៗ។ ក្នុងចំណោមពលរដ្ឋដែលមកទទួលសេវាសុខភាពនៅមណ្ឌលសុខភាពនោះ ​មានស្ត្រីដែលបានទៅពិនិត្យផ្ទៃពោះ មានពី ១៤០ ទៅ១៥០នាក់ ​ និងសម្រាលពី ២០ ទៅ៣០នាក់។ នេះបើតាម លោក លី ប៊ុណ្ណារិទ្ធ ប្រធាន មណ្ឌលសុខភាពព្រៃឃ្មុំ។ 

 
បើតាមប្រធានមណ្ឌលសុខភាពរូបនេះ ស្ត្រីដែលផ្ទៃពោះ មានការយល់ដឹងច្រើន អំពីការថែទាំសុខភាព ក្នុងអំឡុងពេលពពោះ និងក្រោយសម្រាល។ មូលហេតុគឺ ការយកចិត្តទុកដាក់ និងណែនាំពីក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាព និងការអប់រំកន្លងមក ពីអ្នកស្ម័គ្រចិត្តសុខភាពភូមិ និងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ នៅក្នុងឃុំផងដែរ។ លោក លី ប៊ុណ្ណារិទ្ធិ បញ្ជាក់ដូច្នេះ រួចបន្តពន្យល់ថា​៖ «ស្ត្រីមានផ្ទៃពោះ គាត់មានការយល់ដឹងអំពីសេវា និងប្រសិទ្ធភាព នៃការផ្តល់សេវានៅមណ្ឌលសុខភាព។ គាត់មកប្រើប្រាស់សេវា មានការល្អប្រសើរ»។ 
 

មណ្ឌលសុខភាពព្រៃឃ្មុំ ដែលស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត ផ្តល់សេវាសុខភាពដល់ពលរដ្ឋចន្លោះ៨០០-១ ០០០នាក់ ជារៀងរាល់ខែ។

ទោះជាស្ត្រីមានផ្ទៃពោះភាគច្រើន មានការយល់ដឹងពីការថែទាំសុខភាព និងការតាមដានសុខភាពទារក ក៏លោក លី ប៊ុណ្ណារិទ្ធិ អះអាងថា ករណីខកខាន ឬយឺវយ៉ាវក្នុងការមកពិនិត្យផ្ទៃពោះដែរ។ ចំពោះករណីនេះ ប្រធានមណ្ឌលសុខភាព អះអាងថា គ្រូពេទ្យនឹងទាក់ទងទៅពលរដ្ឋដោយផ្ទាល់ តាមរយៈលេខទូរសព្ទ ឬបណ្តាញផ្សេងៗ ឬទាក់ទងទៅមន្ត្រីស្ម័គ្រចិត្តសុខភាពភូមិ ជាដើម។ លោក លី ប៊ុណ្ណារិទ្ធិ បញ្ជាក់ដូច្នេះ៖ «យើងមានវិធានការយើង បើគាត់(មកពិនិត្យផ្ទៃពោះ) មិនទៀងទាត់នេះ យើងអាចផ្តាំអ្នកស្ម័គ្រឃុំយើង ឬលេខទូរសព្ទដែលយើងសុំពីគាត់បាន។ យើងទំនាក់ទំនងទៅ។ មួយទៀត គឺយើងផ្តោតទៅលើ ក្រុមកិច្ចការនារី និងកុមារនៅឃុំយើង ដែលទទួលបន្ទុកខាងហ្នឹង យើងផ្តាំតាមគាត់ ឬគាត់បញ្ជាទៅមេភូមិ។ តែភាគច្រើន យើងទូរសព្ទរកគាត់ ឬក៏តាមរយៈ(បណ្តាញ) អ្វីដែលយើងធ្វើបាន»។
 
ក្នុងនាមជាប្រធានមណ្ឌលសុខភាព បន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋ នៅក្នុងឃុំ ឱ្យមកទទួលសេវាពិនិត្យផ្ទៃពោះ និងសម្រាលនៅមណ្ឌលសុខភាព ខណៈដែល​ការ​ចំណាយថ្លៃសេវា ​អស់តិច។ មិនតែប៉ុណ្ណោះ នៅមណ្ឌលសុខភាពព្រៃឃ្មុំ មានគ្រូពេទ្យគ្រប់គ្រាន់ និងមានពេទ្យប្រចាំការផ្តល់សេវាដល់ពលរដ្ឋ ២៤ម៉ោង លើ២៤ ម៉ោង។  
 
 
សូមបញ្ជាក់ថា មណ្ឌលសុខភាពនេះ មានគ្រូពេទ្យ​ចំនួន ១០នាក់ ​រង់ចាំផ្តល់សេវាពិគ្រោះជំងឺ និងព្យាបាលជូនពលរដ្ឋប្រមាណ ១,៩ម៉ឺននាក់មកពីភូមិសាស្ត្រឃុំថ្មី ឃុំព្រៃឃ្មុំ និងឃុំត្រពាំងធំ៕
 
 
(​វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 មណ្ឌលសុខភាព
  សុខាភិបាល
  សេវាសាធារណៈ
  កំពត
  លី ប៊ុណ្ណារិទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com