ជាតិ
សង្គមជាតិ
រដ្ឋាភិបាល តែងតាំងអគ្គស្នងការរង៥នាក់ទៀត
21, Aug 2022 , 1:09 pm        
រូបភាព
លោកស្រីឧត្តមសេនីយ៍ទោ រស់ ច័ន្ទសោភា ស្ថិតក្នុងចំណោមនគរបាលជាន់ខ្ពស់៥រូបដែលទើបត្រូវបានតែងតាំងជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ រូបពីនាយកដ្ឋានបុគ្គលិក
លោកស្រីឧត្តមសេនីយ៍ទោ រស់ ច័ន្ទសោភា ស្ថិតក្នុងចំណោមនគរបាលជាន់ខ្ពស់៥រូបដែលទើបត្រូវបានតែងតាំងជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ រូបពីនាយកដ្ឋានបុគ្គលិក
ភ្នំពេញ៖ ដោយមានសំណើពីសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន បានសម្រេចដំឡើងនគរបាល៥រូបទៀត ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ការដំឡើងឋានៈដល់នគរបាលទាំងនេះ ធ្វើឡើងតាមរយៈអនុក្រឹត្យ ដែលចេញនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។



នគរបាលជាន់ខ្ពស់ទាំង៥រូប ដែលត្រូវបានផ្ទេរឲ្យទៅកាន់តំណែងជាអគ្គស្នងការរង គឺ លោកឧ​ត្ត​ម​សេនីយ៍​ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន, លោកឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា, លោកឧ​ត្ត​ម​សេនីយ៍​ទោ លន់ សុផាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ, លោកឧ​ត្ត​ម​សេនីយ៍​ទោ កឹង ឃន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង, និងលោកស្រីឧ​ត្ត​ម​សេនីយ៍​ទោ រស់ ច័ន្ទសោភា អនុប្រធាននាយកដ្ឋានបុគ្គលិក។  
 
យោងតាមអនុក្រឹត្យ នៅមាននគរបាល២រូបទៀត ដែលត្រូវបានតែងតាំងឲ្យកាន់តំណែងថ្មី គឺលោកស្រីឧ​ត្ត​ម​សេនីយ៍​ទោ ស៊ីម ផាណុំ ស្នងការរងនៃស្នងការដ្ឋានភ្នំពេញ ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានប្រឆាំងការជូញដូរមនុស្ស និងការពារអនីតិជន ជំនួសលោក ជីវ ផល្លី និងលោកឧ​ត្ត​ម​សេនីយ៍​ទោ សុខ នីត្យា អនុប្រធាននាយកដ្ឋានកណ្ដាល សន្តិសុខ ត្រូវបានតែងតាំងប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ជំនួសលោក ជា ពៅ។ ចំពោះតំណែងជាស្នងការខេត្តក្រចេះ និងតំណែងជាស្នងការខេត្តស្វាយរៀង គេ មិនទាន់ដឹងថា បានទៅលើអ្នកណាឡើយ ដ្បិតក្នុងអនុក្រឹត្យ ពុំបានបញ្ជាក់។ 
 
សូមបញ្ជាក់ថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២០មក អគ្គស្នងការរង មាន១៩រូប ខណៈលោក នេត សាវឿន ជាអគ្គស្នងការ។ ពីឆ្នាំ២០២០ ដល់បច្ចុប្បន្ន បើចំនួនអគ្គស្នងការរង១៩រូបនេះ គ្មានការប្រែប្រួល ដូច្នេះអគ្គស្នងការរងសរុប ឡើងដល់២៤រូបហើយ ដោយបូកបញ្ចូលអគ្គស្នងការរងថ្មីទាំង៥រូបខាងលើ ដែលទើបត្រូវបានតែងតាំង។ 
 
សារព័ត៌មានថ្មីៗ បានហៅទូរស័ព្ទទៅលោក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសុំឲ្យលោក ផ្តល់តួលេខជាក់លាក់អំពីតំណែងអគ្គស្នងការរង តែប្រព័ន្ធទូរស័ព្ទរបស់លោក មិនអាចហៅចូល៕   
 

Tag:
 អគ្គស្នងការរង
  នគបាលជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com