ជាតិ
សង្គមជាតិ
អាជ្ញាធរបាត់ដំបង ដើរប្រមូលអ្នកញៀនថ្នាំ សតិមិនគ្រប់ និងជនអនាថា យកទៅកែប្រែ ដើម្បីសាងជីវិតថ្មី
21, Aug 2022 , 2:39 pm        
រូបភាព
អាជ្ញាធរបាត់ដំបង ប្រមូលអ្នកញៀនថ្នាំ សតិមិនគ្រប់ និងជនអនាថា យកទៅមណ្ឌល និងបង្រៀនជំនាញ។ រូបភាព៖ រដ្ឋបាលខេត្តបាត់ដំបង
អាជ្ញាធរបាត់ដំបង ប្រមូលអ្នកញៀនថ្នាំ សតិមិនគ្រប់ និងជនអនាថា យកទៅមណ្ឌល និងបង្រៀនជំនាញ។ រូបភាព៖ រដ្ឋបាលខេត្តបាត់ដំបង
ដោយ:
ការប្រមូលជនញៀនថ្នាំ ជនមានសតិមិនគ្រប់ និងជនអនាថា នៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង គឺដើម្បីបញ្ជូនពួកគេឱ្យទៅនៅទីកន្លែងសមរម្យ និងកសាងជីវិតថ្មី ហើយក្រុងបាត់ដំបង ជាចំណុចចាប់ផ្ដើមដំបូងគេនៃការប្រមូលជនទាំងនោះ។ នេះបើតាមការបញ្ជាក់របស់លោក សុខ លូ អភិបាលខេត្តបាត់ដំបង។


លោក សុខ លូ លើកឡើងថា ចំពោះអ្នកញៀនគ្រឿងញៀនខ្លាំង មន្រ្តីជំនាញបញ្ជូនពួកគេទៅមជ្ឈមណ្ឌលជាតិ និងស្តារនីតិសម្បទា នៅស្រុកកែវផុស ខេត្តព្រះសីហនុ។ លោក បន្តថា ចំពោះអ្នកមួយចំនួនទៀត ដាក់នៅមណ្ឌលស្តារនីតិសម្បទាពិភពនៃក្តីសង្ឃឹម ក្នុងស្រុកបវេល ខេត្តបាត់ដំបង និងអ្នកមិនពាក់ព័ន្ធគ្រឿងញៀនគឺ បញ្ជូនទៅមណ្ឌលស្ដារនីតិសម្បទា នៅខេត្តកណ្ដាល។
 
«បញ្ជូនពួកគេទៅមណ្ឌល គឺយកទៅព្យាបាល និងឱ្យរៀនជំនាញ មានជួសជុលម៉ូតូ កង់ ម៉ាស៊ីនត្រជាក់ កាត់សក់ និងជំនាញផ្សេងៗទៀត»។ អភិបាលខេត្តបាត់ដំបង បានប្រាប់បែបនេះ មកកាន់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ រួចបន្តថា ចំពោះការចំណាយ មណ្ឌលជាអ្នករ៉ាប់រង ពេលដែលបញ្ជូនទៅដល់មណ្ឌល។
 
លោក សុខ លូ បានបញ្ជាក់ថា ចាប់ពីខែមករា រហូតដល់បច្ចុប្បន្ន ជនញៀនថ្នាំ ជនមានសតិមិនគ្រប់ និងជនអនាថា គឺអាជ្ញាធរក្រុងបាត់ដំបង ប្រមូលបានប្រមាណ ៣៩៥នាក់។ 
 
បើតាមរដ្ឋបាលខេត្តបាត់ដំបង ការប្រមូលជនខាងលើនេះ គឺធ្វើឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់ពួកគេក្នុងការកសាងជីវិតថ្មី និងដើម្បីរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុងឱ្យបានល្អ មិនប៉ះពាល់ដល់សុវត្ថិភាពប្រជាពលរដ្ឋ ក៏ដូចជាសុវត្ថិភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនានៅក្នុងខេត្តបាត់ដំបង៕
 

Tag:
 សង្គម
  អ្នកញៀនថ្នាំ
  សតិមិនគ្រប់
 ជនអនាថា
© រក្សាសិទ្ធិដោយ thmeythmey.com