ជាតិ
សង្គមជាតិ
ខេត្តសៀមរាបមានសំរាម៦០០តោន ជាប្រចាំថ្ងៃ
21, Aug 2022 , 5:19 pm        
រូបភាព
កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ហ្គាអ៊ែរ កំពុងប្រមូលសំរាមនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។
កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ហ្គាអ៊ែរ កំពុងប្រមូលសំរាមនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។
សៀមរាប៖ បញ្ហាសំរាម នៅតែជាចំណោទសំខាន់សម្រាប់ក្រសួងបរិស្ថាន ដើម្បីដោះស្រាយ។ បច្ចុប្បន្ន នៅមានពលរដ្ឋមួយចំនួននៅតែបោះ និងដុតសំរាមចោលដែលបង្កគ្រោះថ្នាក់ដល់បរិស្ថាន។ សម្រាប់ខេត្តសៀមរាប គឺមានសំរាមយ៉ាចហោចណាស់៦០០តោន ត្រូវបានបង្កើតឡើងជារៀងរាល់ថ្ងៃ​ពីពលរដ្ឋរស់នៅក្នុងខេត្តនេះ ដែលមានជាង១លាននាក់។

 
ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប លោក ស៊ុន គង់ បានឱ្យដឹងថា ពលរដ្ឋក្នុងតំបន់ទីប្រជុំជនខេត្តសៀមរាប ផលិតសំរាមពី៩០០ក្រោម​ ទៅ១,២គីឡូក្រាម និងអ្នកនៅជនបទឆ្ងាយ វិញផលិតសំរាម ប្រមាណ​៣០០ក្រោម ក្នុងមួយនាក់។ លោកបានបញ្ជាក់ដូច្នេះ៖« តាមការគុណគូរជាទូទៅ ខេត្តសៀមរាបដែលមានពលរដ្ឋជាង១លាននាក់នេះ អាចផលិតសំរាមប្រចាំថ្ងៃជិត ៦០០តោន»។ 
 
បើតាម លោក ស៊ុន គង់ ក្នុងចំណោមសំរាមទាំងនោះ គឺមានសំរាមអាចកែច្នៃបានជាង១០០តោន និងសំរាមជាង២០០តោនទៀត ត្រូវបានបោះចោលនៅតាមដីទីសាធារណៈ និងដីទំនេរ ឬហូរតាមទឹក។ល។ 
 
បច្ចុប្បន្ន ខេត្តសៀមរាបមានទីលានចាក់សំរាម ២កន្លែង ដែលស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង។ ក្នុងនោះ មានមួយកន្លែងមានទំហំជិត ៨ហិកតា ដែលវិនិយោគដោយក្រុមហ៊ុន ហ្គាអ៊ែរ (Gaea) និងមួយកន្លែងទៀត ទីលានមួយទៀតវិនិយោគដោយក្រុមហ៊ុន ស៊ិនទ្រី។
 
តាមការបញ្ជាក់ពីប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ទីលានទាំងនោះជាទីលានចំហ និងមិនទាន់ផ្តោតលើលក្ខណៈបច្ចេកទេសទេ ទើបតែថ្មីៗនេះ ក្រសួងពាក់ព័ន្ធ កំពុងសិក្សារៀបចំទីតាំងចាក់សំរាមថ្មីមួយកន្លែងទៀត ដែលមានបច្ចេកទេស ស្ដង់ដារ និងអនាម័យ ដែលមានទីតាំងនៅស្រុកប្រាសាទបាគង ក្រោមការគាំទ្រពីធនាគារពិភពលោក។ ប៉ុន្តែទីលានចាក់សំរាមមួយនេះ មិនអាចកំណត់ដាក់ឱ្យដំណើរការនៅពេលណាឡើយ។ 
 
លើដំណោះស្រាយបញ្ហាសំរាមនេះ ក្រសួងបរិស្ថាន តាមរយៈមន្ទីរ បានផ្តល់ឡដុតសំរាមចំនួន៤ដល់មូលដ្ឋានខេត្តសៀមរាប ដែលទី១នៅឃុំខ្នងធំ (ភ្នំគូលែន) នៅស្រុកស្វាយលើ ស្រុកសូទ្រនិគម និងចុងក្រោយនេះនៅស្រុកក្រឡាញ់  ។ ឡទាំងនោះមានសមត្ថភាពដុតសំរាមបានពី២ទៅ១២តោនក្នុងមួយថ្ងៃ។
 
បើតាមរដ្ឋលេខាធិការក្រសួងបរិស្ថាន លោ​ក នេត្រ ភក្រ្ដា បច្ចុប្បន ក្នុងចំណោមសំរាម១០០ភាគ គឺតែ៦០ទៅ៧០ភាគរយប៉ុណ្ណោះ ដែលយកទៅចាក់នៅទីលានសំរាម។ ដោយឡែក​ សំរាមប្រមាណ៤០ ទៅ៥០ភាគរយ នៅរាយប៉ាយតាមផ្លូវសាធារណៈ បោះចូលតាមប្រភពទឹក ដែលបង្កជាការបំពុលបរិស្ថាន។ ទន្ទឹមគ្នានេះ ក្រសួងបរិស្ថានកំពុងជំរុញ នូវការគ្រប់គ្រងសំរាមបានឱ្យល្អ តាមរយៈការរៀបចំទីលានចាក់សំរាមឱ្យបានគ្រប់កន្លែងនៅទីប្រជុំជន,  ការប្រមូលសំរាមឱ្យបានច្រើនដង និងគ្រប់គ្រងឱ្យបានល្អពីការប្រមូលសំរាមនៅកន្លែងផលិត រួមទាំងករញែកសំរាមបន្ថែមទៀតតាមប្រភេទ ដើម្បីងាយស្រួលគ្រប់គ្រង និងកែច្នៃធ្វើជាជីកំប៉ុស ឬកែច្នៃផ្សេងៗ៕
 
 

Tag:
 សំរាម
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com