ជាតិ
សេដ្ឋកិច្ច
មន្ត្រីជំនាញប្រាប់ឱ្យប្រយ័ត្នការប្រើប្រាស់កម្មវិធីគេហទំព័រនៅក្នុង Tik Tok
21, Aug 2022 , 8:19 pm        
រូបភាព
កម្មវីធី Tik Tok ។ រូបពី ACCD ។
កម្មវីធី Tik Tok ។ រូបពី ACCD ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (Anti Cycer Crime Department ) បានប្រាប់សាធារណជន ដែលកំពុងប្រើប្រាស់ Tik Tok ឱ្យប្រុងប្រយ័ត្ននឹងកម្មវិធីគេហទំព័រដែលបង្កប់ជាមួយកូដ ដែលអាចលួចយកទិន្នន័យអ្នកប្រើប្រាស់ ។ នេះបើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ នាថ្ងៃទី២០សីហា ។



នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (ACCD) បានដឹងថា កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញកម្មវិធីគេហទំព័រដែលមាននៅក្នុងកម្មវិធី TikTok (in-app browser) មានបង្កប់ជាមួយកូដ JavaScript ដែលអាចទាញយកទិន្នន័យដែលអ្នកប្រើប្រាស់បានវាយបញ្ចូលតាមរយៈក្ដារចុច។
 
ACCD បន្តថា កូដដែលមាននៅក្នុងកម្មវិធី TikTok គឺវាស្មើនឹងការលួចដំឡើងកម្មវិធី keylogger ទៅក្នុងកម្មវិធីគេហទំព័រមួយចំនួន ដែលជនខិលខូចតែងតែប្រើដើម្បីលួចទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់។ កូដនេះអាចលួចយកទិន្នន័យសំខាន់ៗមាន​ដូច​ជា ​លេខ​សម្ងាត់ និងលេខប័ណ្ណឥណទានជាដើម។ នេះជាការលើកឡើងបន្ថែមរបស់ ACCD ។
 
ដូច្នេះដើម្បីជៀសវាងពីការលួចទាញយកទិន្នន័យ ACCD បានប្រាប់ឱ្យអ្នកប្រើប្រាស់បើកតំណភ្ជាប់ទាំងឡាយណាដែលមាននៅក្នុងកម្មវិធី ជាមួយនឹងកម្មវិធីគេហទំព័ររបស់កុំព្យូទ័រ ឬទូរសព្ទមានដូចជា Safari វិញ ព្រោះសូម្បីតែកម្មវិធីគេហទំព័រដែលមាននៅក្នុងកម្មវិធី Facebook និង Instagram ក៏មានបង្កប់មកជាមួយនូវកូដដែលអាចឱ្យពួកគេតាមដានការប្រើប្រាស់របស់លោកអ្នកបានផងដែរ៕
 

Tag:
 ACCD
© រក្សាសិទ្ធិដោយ thmeythmey.com