ជាតិ
ទេសចរទៅសៀមរាប អាចចូលកម្សាន្តសួនរុក្ខជាតិអង្គរដោយឥតគិតថ្លៃ
22, Aug 2022 , 9:29 am        
រូបភាព
រូបភាពពីផេកហ្វេសប៊ុកសួនរុក្ខជាតិអង្គរ
រូបភាពពីផេកហ្វេសប៊ុកសួនរុក្ខជាតិអង្គរ
«សួនរុក្ខជាតិអង្គរ» ជារមណីយដ្ឋានរុក្ខជាតិ ស្ថិតក្នុងក្រុងសៀមរាប មានរុក្ខជាតិជាង៥០០ប្រភេទ និងសត្វជាច្រើនផងដែរ។ អាជ្ញាធរជាតិអប្សរារៀបចំ «សួនរុក្ខជាតិអង្គរ» នេះរៀបចំឡើងក្នុងគោលដៅអភិរក្សរុក្ខជាតិកម្រក្នុងស្រុក និងបង្ហាញទេសចរឱ្យបានស្គាល់ផងដែរ។ សួននេះបានសម្ពោធកាលពីថ្ងៃទី១៩ ខែឧសភា​ ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរទាំងអស់អាចចូលទស្សនាកម្សាន្តដោយឥតគិតថ្លៃ ដល់បំណាច់ឆ្នាំ២០២២នេះ។



«សួនរុក្ខជាតិអង្គរ» មានទីតាំងស្ថិតនៅតាមបណ្ដោយរុក្ខវិថីព្រះសីហនុ (ហ្សាលដឺហ្គោល Charles De Gaulle) ទល់មុខសាលាបឋមសិក្សាអនុវត្តន៍គរុកោសល្យ ក្រុងសៀមរាប ខេត្តសៀមរាប។ សួននេះរៀបចំឡើងលើផ្ទៃដីជាង១៥ហិកតា មានរុក្ខជាតិរាប់ម៉ឺនដើមជាង៥០០ប្រភេទ ដែលភាគច្រើនជារុក្ខជាតិក្នុងស្រុក។
  

រូបភាពពីផេកហ្វេសប៊ុកសួនរុក្ខជាតិអង្គរ

ដំបូងឡើយសួននេះមានឈ្មោះថាជា «សួនគ្រឿងទេស» ដ្បិតអាជ្ញាធររៀបចំសម្រាប់ដាំបន្លែ ផ្លែឈើ និងរុក្ខជាតិដែលជាគ្រឿងទេសចម្រុះប្រភេទនៅទីនោះ។ ក្រោយមកនៅឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរាក៏ពង្រីកការរៀបចំ ដោយបន្ថែមការដាំដុះរុក្ខជាតិចម្រុះប្រភេទ មានផ្កា ដើមឈើតូច-ធំជាច្រើន ការចិញ្ចឹមសត្វមួយចំនួន ហើយក៏ប្ដូរមកជា«សួនរុក្ខជាតិអង្គរ» វិញ។
 
បច្ចុប្បន្ន «សួនរុក្ខជាតិអង្គរ» បានក្លាយជារមណីយដ្ឋានរុក្ខជាតិ ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្តខេត្តសៀមរាប ក្រៅពីការទស្សនាប្រាង្គប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ។ អាជ្ញាធរជាតិអប្សរា រំពឹងថា «សួនរុក្ខជាតិអង្គរ» នេះនឹងរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ និងអភិរក្សរមណីយដ្ឋានអង្គរផងដែរ។
 
លោក មាឃ បូរ៉ា អ្នកគ្រប់គ្រងសួនរុក្ខជាតិអង្គរ បានអះអាងថា ក្រៅពីគយគន់សម្រស់រុក្ខជាតិជាង៥០០ប្រភេទ ក្នុងសួនរុក្ខជាតិអង្គរក៏មានសួនសត្វ កន្លែងផ្ដល់ចំណីសត្វ និងការបាញ់ព្រួញសម្រាប់ភ្ញៀវទេសចរលេងកម្សាន្តផងដែរ។ លោក បូរ៉ា បញ្ជាក់ទៀតថា ចំពោះភ្ញៀវទេសចរទៅកម្សាន្តក្នុងសួនរុក្ខជាតិអង្គរ ត្រូវគោរពតាមលក្ខខណ្ឌមួយចំនួនដូចជា ហាមយកប្លាស្ទិក សត្វចិញ្ចឹម និងហាមជាន់លើស្មៅជាដើម។ 
  

រូបភាពពីផេកហ្វេសប៊ុកសួនរុក្ខជាតិអង្គរ

«ចំពោះលក្ខខណ្ឌយើងហាមភ្ញៀវយកប្លាស្ទិកចូល ព្រោះដើម្បីរួមចំណែកកាត់បន្ថយសំរាមប្លាស្ទិកនៅទីតាំងធម្មជាតិ។ មួយទៀតយើងក៏ហាមពួកគាត់ (ទេសចរ) យកសត្វចិញ្ចឹមចូល ព្រោះដើម្បីរក្សាសណ្ដាប់ធ្នាប់ និងរុក្ខជាតិនានាក្នុងសួន និងមានលក្ខខណ្ឌមួយចំនួនទៀតដូច ហាមបេះផ្កា ហាមជាន់ស្មៅជាដើម»។ នេះជាការលើកឡើងរបស់លោក មាឃ បូរ៉ា អ្នកគ្រប់គ្រងសួនរុក្ខជាតិអង្គរ។ សួនរុក្ខជាតិអង្គរនេះ បើកទទួលភ្ញៀវទេសចរចាប់ពីថ្ងៃអង្គារ៍ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៦ល្ងាច។
 
លោក បញ្ជាក់ថា សួនរុក្ខជាតិអង្គរបើកទទួលទេសចរជារៀងរាល់ថ្ងៃ លើកលែងតែថ្ងៃចន្ទ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៦ល្ងាច៕
 

រូបភាពពីផេកហ្វេសប៊ុកសួនរុក្ខជាតិអង្គរ


Tag:
 សួនរុក្ខជាតិអង្គរ
 សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com