ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន៖ ក្រោយឱ្យលុយ សាន្ត ប៊ុនធឿន ជាង១៨ម៉ឺនដុល្លារទិញផ្ទះ ខ្ញុំខកចិត្តតែម្ដង!
23, Aug 2022 , 11:08 am        
រូបភាព
សម្ដេច ហ៊ុន សែន បង្ហើបពីអារម្មណ៍ខកចិត្ត ដែលបានផ្ដល់ថវិកាឱ្យលោក សាន្ត ប៊ុនធឿន អ្នកល្បីតាមបណ្ដាញសង្គមហ្វេសប៊ុក យកទៅទិញផ្ទះមួយកន្លែង។ សម្ដេចនិយាយនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី របស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នាព្រឹកថ្ងៃទី២៣ សីហា ។


 
ផ្ទះលោក សាន្ត ប៊ុនធឿន ទិញនោះ មានតម្លៃ១៨ម៉ឺនដុល្លារ ដែលជាថវិការបស់សម្ដេច ហ៊ុន សែន។ ក្រោយឱ្យលុយលោក សាន្ត ប៊ុនធឿន ទិញផ្ទះហើយ សម្ដេច ហាក់មានអារម្មណ៍ខកចិត្តយ៉ាងខ្លាំង។ 
 
ថ្លែងចំពោះមុខសាស្ត្រាចារ្យ និងបញ្ញវន្តជាង៣ពាន់នាក់ ប្រមុខរដ្ឋាភិបាល បាននិយាយដូច្នេះថា៖« សាន្ត ប៊ុនធឿន នៅផ្ទះជួលទេ។ សាន្ត ប៊ុនធឿន បានលុយហ្នឹង ទៅទិញផ្ទះ ១៨ម៉ឺនដុល្លារ។ ក្រោយពីសាន្ត ប៊ុនធឿន បានផ្ទះ ខ្ញុំខកចិត្តតែម្ដង! តែខ្ញុំនៅតែអនុគ្រោះឱ្យ សាន្ត ប៊ុនធឿន»។
 
មូលហេតុដែលសម្ដេច ហ៊ុន សែន ខកចិត្តនឹងលោក សាន្ត ប៊ុនធឿន ដោយសារចាងហ្វាងកាសែតមួយនេះ បានបង្ហាញភាពក្អេងក្អាងរបស់ខ្លួន ដោយប្រកាសថា មិនជំពាក់លុយអ្នកណា និងផ្លាស់ប្ដូរជីវិតថ្មី ដោយរស់នៅផ្ទះធំទ្រនំខ្ពស់ លាចាកផ្ទះជួល តាមរយៈតែងជាបទចម្រៀងច្រៀងកម្សាន្ត ក្រោយសម្ដេចផ្ដល់ថវិកាជួយកន្លងមក។ មិនតែប៉ុណ្ណោះលោក សាន្ត ប៊ុនធឿន ក៏បានជេរប្រមាថមេប៉េអឹមខេត្តព្រះសីហនុម្នាក់ ដែលសម្ដេច ចាត់ទុកជាទង្វើរមិនគួរគប្បី។
 
«មុនដំបូង(សាន្ត ប៊ុនធឿន) តែងចម្រៀងមួយបទ លាហើយផ្ទះជួល ។តែវាមិនអីទេ។ ប៉ុន្តែទៅឡាយវីដេអូថា អញអត់ជំពាក់អ្នកណាមួយរៀល តែពីមុនជំពាក់គេ។ ចុះចាំបាច់ទៅនិយាយអ៊ីចឹងធ្វើអី? បន្ទាប់មកទៅជេរមេប៉េអឹមខេត្តព្រះសីហនុ ។ ខ្ញុំក៏ទៅប្រាប់ថា ធឿន អើយធឿន ! ធឿនឯងធ្វើអ៊ីចឹង មិនត្រូវទេ ទៅជេរមេប៉េអឹម ។ ត្រូវ សុំទោសគេភ្លាមទៅ។ ក៏(សាន្ត ប៊ុនធឿន) សុំទោសទៅ»។ នេះជាការរៀបរាប់របស់សម្ដេច ហ៊ុន សែន ដែលមើលឃើញកំហុសលោក សាន្ត ប៊ុនធឿន ជាច្រើនដង មុននឹងឈានដល់ការដកតួនាទីអង្គភាពកងអង្គរក្សរបស់សម្តេច កាលពីថ្ងៃទី២១ សីហា។
 
ក្រៅពីដកតួនាទីលោក សាន្ត ប៊ុនធឿន នេះ សម្ដេច ហ៊ុន សែន ក៏បានដកលោក ហ៊ត ប៊ូ ហៅអធិរាជមហាសាច់ ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ តាមសំណើរបស់លោក ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្សផងដែរ។

អត្ថបទទាក់ទង

 
បើតាមប្រមុខរដ្ឋាភិបាល ការដកបុគ្គលទាំងពីរនេះចេញពីក្របខណ្ឌ ដោយសារពួកគេពូកែប្រើពាក្យជេរប្រមាថ ដូច្នេះដើម្បីកុំឱ្យប៉ះពាល់ដល់ស្ថាប័ន។ ជាពិសេសកុំឱ្យមានពាក្យរិះគន់ថា ពួកគេអះអាងនៅក្បែរសម្ដេច ហើយក្អេងក្អាងហ៊ានជេរប្រមាថអ្នកដទៃ៕
 

Tag:
 សម្ដេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com