អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ីចោទអ៊ុយក្រែនថា បានសម្លាប់កូនស្រីមនុស្សជំនិតលោក ពូទីន តែអ៊ុយក្រែនប្រកែក
23, Aug 2022 , 4:29 pm        
រូបភាព
ទិដ្ឋភាពនៅកន្លែងផ្ទុះរថយន្តដែលសម្លាប់កូនស្រីមនុស្សជំនិតប្រធានាធិបតីរុស្ស៊ី។ រូបថត AFP
ទិដ្ឋភាពនៅកន្លែងផ្ទុះរថយន្តដែលសម្លាប់កូនស្រីមនុស្សជំនិតប្រធានាធិបតីរុស្ស៊ី។ រូបថត AFP
សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានចោទអង្គភាពសម្ងាត់អ៊ុយក្រែនថា បានសម្លាប់​កូនស្រី​របស់​លោក Alexander Dugin ដែលជាអ្នកជាតិនិយមជ្រុលរុស្ស៊ីម្នាក់ និងជាជំនិតរបស់ប្រធានាធិបតី វ៉្លាឌីមៀ ពូទីន។ អ៊ុយក្រែន បានច្រានចោលការចោទនេះ ហើយតបទៅវិញថា ការចោទប្រកាន់នេះជា​ការ​ឃោសនារឿងមិនពិតតែប៉ុណ្ណោះ។

 
កញ្ញា Daria Dugina​ ដែលជាកូនស្រីរបស់អ្នកជាតិ​​និយមជ្រុលរុស្ស៊ី Alexander Dugin បានស្លាប់​នៅ​ថ្ងៃទី២០ ខែសីហាក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកក្នុងឡានដែលនាងកំពុងបើកបរ។ លោក Dugin ជា​បញ្ញាវន្ត និងអ្នកវិភាគនយោបាយ​រុស្ស៊ីដ៏សំខាន់មួយរូប និងជាជំនិតរបស់​ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ហើយលោកក៏គាំទ្រលើទ្រឹស្តីពង្រីកទឹកដីរុស្ស៊ី និងការក្ដោបយកទឹកដី អ៊ុយក្រែន​ផង​ដែរ។
 
ក្នុងសេចក្ដីថ្លែងការណ៍មួយ អង្គភាពចារកម្មសម្ងាត់រុស្ស៊ី (FSB) បានទម្លាក់កំហុសនេះលើស្ត្រី ជនជាតិអ៊ុយក្រែនម្នាក់កើតនៅឆ្នាំ១៩៧៩ ដែលត្រូវបានបង្ហាញឈ្មោះ រូបថត និងព័ត៌មា​ន​នៅ​លើ​គេហទំព័រព័ត៌មានរុស្ស៊ី។ រុស្ស៊ីក៏បានអះអាងថា ស្ត្រីរូបនោះពាក់ព័ន្ធ​ជាមួយសេវា​សន្តិសុខ​អ៊ុយក្រែន​ហើយចោទស្ត្រីរូបនោះថា ជាសមាជិកកងវរសេនាតូច Azov ដែលជាអង្គភាពមួយ​នៃ​កងទ័ព​អ៊ុយក្រែន ដែលរុស្ស៊ីបានកំណត់ជាក្រុមភេរវករ។
 
បើតាម FSB ស្ត្រីដែលជាជនសង្ស័យ បានទៅដល់រុស្ស៊ីក្នុងខែកក្កដា ហើយបានចំណាយ​ពេល​មួយ​ខែ​រៀបចំការវាយប្រហារនេះ។​ ក្រោយការវាយប្រហារ ស្ត្រីរូបនោះ​ក៏​បាន​ភៀស​ខ្លួន​ទៅ​អេស្តូនី​។ ទីភ្នាក់ងារ​សារព័ត៌មានរុស្ស៊ី TASS រាយការណ៍ថា ភ្នាក់ងារអនុវត្តច្បាប់របស់​រុស្ស៊ីបានដាក់​ស្ត្រីនោះ​នៅក្នុងបញ្ជីជន​សង្ស័យដែលត្រូវចាប់ខ្លួន ហើយក្រុងមូស្គូក៏កំពុងស្វែងរកការធ្វើបត្យាប័នរបស់ស្ត្រីនោះផងដែរ។
 
ជាការឆ្លើយតប កងកម្លាំង Azov បានអះអាងថា ស្ត្រីរូបនោះមិនដែលធ្វើជាសមាជិករបស់ខ្លួនឡើយ ហើយ Azov ក៏មិនមានជាប់ពាក់ព័ន្ធអ្វីនឹងការវាយប្រហារនោះដែរ។ បន្ថែមពីនេះ ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយក្រែនលោក Mykhailo Podolyak បានហៅការចោទប្រកាន់របស់ រុស្ស៊ីជាការ​ឃោសនារឿ​ង​មិន​ពិត។
 
ចំពោះការស្លាប់របស់កញ្ញា Dugina លោក ពូទីន បានចាត់ទុកថាជាអ្នកស្នេហាជាតិ​ និងបុគ្គល​មួយ​រូប​ដ៏ក្លាហាន ហើយលោកបានហៅការសម្លាប់នេះថា ជាទង្វើដ៏អាក្រក់ និងឃោរឃៅផងដែរ។ 
 
កញ្ញា Dugina ដែលជាអ្នកសារព័ត៌មាន និងជាអ្នកអត្ថាធិប្បាយនៅលើទូរទស្សន៍រដ្ឋរុស្ស៊ី បានគាំទ្រ​យ៉ាងខ្លាំងចំពោះសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែនដែលទីក្រុងមូស្គូហៅថា ប្រតិបត្តិការ​យោធា​ពិសេស​។ កញ្ញា Dugina ក៏មានភាពល្បីល្បាញដោយសារការបញ្ចេញមតិផ្នែកនយោបាយទាក់ទងនឹងរុស្ស៊ី និងគាំទ្រផលប្រយោជន៍របស់លោកពូទីន។
 
ដោយឡែក ក្រសួងមហាផ្ទៃអេស្តូនី​ បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ផ្សេងមួយថា​ ពួកគេអាច​ចែករំលែកព័ត៌មានពីបុគ្គលណាមួយដែលចេញ ឬចូលប្រទេសរបស់ខ្លួនក្នុងតែករណីដែលកំណត់​ដោយច្បាប់តែប៉ុណ្ណោះ។ អេស្តូនីក៏បានលើកឡើងថាចំពោះការចោទប្រកាន់របស់ FSB មិន​បាន​បំពេញ​តាមលក្ខខណ្ឌច្បាប់នោះឡើយ៕
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com