អន្តរជាតិ
ប្រមុខ UN ទទូចឱ្យពង្រឹងការឯកភាពជាសកលឡើងវិញ ដើម្បីធានាសន្តិសុខសមូហភាព
23, Aug 2022 , 7:29 pm        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស។ រូបភាព៖ AFP
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស។ រូបភាព៖ AFP
ស្របពេលពិភពលោក កំពុងប្រឈមការគំរាមកំហែងជាច្រើនដូចជាភេរវកម្ម ការធ្វើរដ្ឋប្រហារ និងសង្រ្គាម អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី២២ ខែសីហា បានអំពាវនាវឱ្យមានការឯកភាពជាសកលសម្រាប់សហប្រតិបត្តិការ ក្នុងការធានាសន្តិសុខសមូហភាព រួមទាំងការងាររបស់អង្គការសហប្រជាជាតិ។​

 
ខណៈពេលពិភពលោកកំពុងដើរចេញពីជំងឺឆ្លងសកលកូវីដ-១៩ បញ្ហាជាច្រើនដូចជាសង្រ្គាមនៅអ៊ុយក្រែន វិបត្តិស្បៀងអាហារ ការកើនឡើងតម្លៃទំនិញ បញ្ហាភូមិសាស្រ្តនយោបាយ និងសិទ្ធិមនុស្សជាដើម បានកើតមានជាបន្តបន្ទាប់។ ទាក់ទិននឹងបញ្ហាទាំងនេះ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងថា សន្តិសុខសមូហភាព ទាមទារឱ្យប្រទេសទាំងអស់ចេះក្តាប់យកឱកាស ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងរួមគ្នាដោះស្រាយ តាមរយៈកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការ។ 
 
«យើងត្រូវការការពង្រឹងការឯកភាពជាសកលឡើងវិញសម្រាប់សហប្រតិបត្តិការ ដើម្បីធានាសន្តិសុខសមូហភាព រួមទាំងការងាររបស់អង្គការសហប្រជាជាតិ»។ ប្រមុខUN បានថ្លែងបែបនេះ នៅក្នុងសុន្ទរកថានៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជុំវិញ «ការថែរក្សាសន្តិភាពអន្តរជាតិ និងសន្តិសុខ៖ លើកតម្កើងសន្តិសុខរួមតាមរយៈកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិ» នៅថ្ងៃទី២២ ខែសីហា។ 
 
ក្នុងកិច្ចប្រជុំដដែលនេះ លោក ហ្គូតេរ៉េស បានបន្តថា បញ្ហាភូមិសាស្រ្តនយោបាយ ការខ្វែងគំនិតគ្នារបស់មហាអំណាច និងអស្ថិរភាព បានកម្រិតសមត្ថភាពក្នុងការឆ្លើយតបប្រកបដោយសមូហភាព ខណៈបញ្ហាសិទ្ធិមនុស្ស និងនីតិរដ្ឋ កំពុងស្ថិតក្រោមការវាយប្រហារ ហើយប្រទេសមួយចំនួន កំពុងខ្វះទំនុកចិត្តទៅវិញទៅមក។
 
បើតាមប្រមុខអង្គការសហប្រជាជាតិ ប្រព័ន្ធអន្តរជាតិជាច្រើន កំពុងស្ថិតក្រោមបញ្ហាប្រឈមដូចជា សង្រ្គាមតាមប្រព័ន្ធអ៊ីនធឺណិត ភេរវកម្ម និងការគំរាមពីអាវុធនុយក្លេអ៊ែរជាដើម។ មិនតែប៉ុណ្ណោះ ប្រមុខUN ក៏បានជំរុញឱ្យរដ្ឋកាន់កាប់អាវុធនុយក្លេអ៊ែរ កុំប្រើប្រាស់អាវុធប្រភេទនេះ និងឆ្ពោះទៅរកពិភពលោក ដែលគ្មានអាវុធនុយក្លេអ៊េរ។ ត្រង់ចំណុចនេះ លោក ហ្គូតេរ៉េស បានសង្កត់ធ្ងន់ថា អនាគតរបស់មនុស្សជាតិ គឺស្ថិតក្នុងដៃប្រជាជនជំនាន់នេះ៕ 
 

Tag:
 UN
© រក្សាសិទ្ធិដោយ thmeythmey.com