អន្តរជាតិ
លោក ណាជីប ត្រូវតុលាការកំពូលសម្រេចឱ្យជាប់ពន្ធនាគារ១២ឆ្នាំក្នុងសំណុំរឿងពុករលួយ
23, Aug 2022 , 5:59 pm        
រូបភាព
អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកណាជីប រ៉ាហ្សាក់។ រូបភាព៖ AP
អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកណាជីប រ៉ាហ្សាក់។ រូបភាព៖ AP
តុលាការកំពូលម៉ាឡេស៊ី នៅថ្ងៃទី២៣ ខែសីហា បានតម្កល់សេចក្តីសម្រេចរបស់តុលាការជាន់ទាប ដែលបានកាត់ទោសឱ្យអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកណាជីប រ៉ាហ្សាក់ ជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំជុំវិញសំណុំរឿងពុករលួយ។

 
អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ នៅក្នុងឆ្នាំ២០២០ ត្រូវបានតុលាការជាន់ទាប កាត់ទោសឱ្យជាប់ពន្ធនាគារ១២ឆ្នាំ និងផ្ដល់សំណងជិត ៤៧លានដុល្លារទាក់ទិននឹងបទចោទការបំផ្លាញទំនុកចិត្ត រំលោភអំណាច និងលាងលុយខុសច្បាប់ប្រមាណ ១០លានដុល្លារ ដែលទទួលបានពីក្រុមហ៊ុន​ SRC International ដែលជាផ្នែកមួយនៃមូលនិធិរដ្ឋ 1MDB។ 
 
យ៉ាងណាមិញ លោក ណាជីប ត្រូវស្ថិតនៅក្រៅឃុំមួយរយៈ បន្ទាប់ពីដាក់ពាក្យបណ្តឹងតវ៉ាទៅតុលាការកំពូលនៅក្នុងខែមេសាកន្លងទៅ ខណៈដែលតុលាការឧទ្ធរណ៍បានតម្កល់តុលាការជាន់ទាប។ 
 
យ៉ាងណាមិញ​ តុលាការសហព័ន្ធម៉ាឡេស៊ី ដែលជាតុលាការកំពូល បានសម្រេចតម្កល់សាលក្រមរបស់តុលាការជាន់ទាប និងបញ្ជាឱ្យចាប់ផ្តើមឃុំខ្លួនលោកណាជីបនៅក្នុងពន្ធនាគាររយៈពេល១២ឆ្នាំ។ 
 
«បណ្តឹងតវ៉ាទាំងនេះ គឺត្រូវច្រានចោល ហើយសាលក្រម និងការកាត់ទោស (របស់តុលាការជាន់ទាប) មានសុពលភាព»។ លោកស្រី Tengku Maimun Tuan Mat ប្រធានតុលាការកំពូលម៉ាឡេស៊ី បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីសម្រេចមួយ ដោយបន្តថា ការកាត់ទោសកន្លងមក គឺមិនហួសហេតុឡើយ។ 
 
បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការកំពូល លោកណាជីបនឹងត្រូវជាប់ពន្ធនាគារភ្លាមៗ ហើយលោកនឹងក្លាយជាអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីទីមួយ ដែលត្រូវបានសម្រេចឱ្យជាប់ពន្ធនាគារ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។ 
 
មុនតុលាការកំពូលតម្កល់សេចក្តីសម្រេចរបស់តុលាការជាន់ទាប លោកណាជីបបានស្នើសុំផ្លាស់ប្តូរប្រធានតុលាការកំពូល លោកស្រី Tengku Maimun Tuan Mat ពីគណៈចៅក្រមផង ប៉ុន្តែត្រូវបរាជ័យ។ ហេតុផលផ្លាស់ប្តូរនេះ គឺដោយសារស្វាមីរបស់លោកស្រី Tengku Maimun Tuan Mat បានបង្ហោះសាររិះគន់លើបណ្តាញសង្គម Facebook​ នៅក្នុងឆ្នាំ២០១៨ ទាក់ទិននឹងការដឹកនាំរបស់លោកណាជីប។ 
 
មិនតែប៉ុណ្ណោះ លោកណាជីបក៏បានស្នើសុំពន្យារពេលលើនីតិវិធីនៃបណ្តឹងតវ៉ារយៈពេល ២ខែទៀត ដើម្បីឱ្យមេធាវីថ្មីរៀបចំសំណុំរឿងតវ៉ា ហើយថែមទាំងហៅខ្លួនឯងជាជនរងគ្រោះនៃភាពអយុត្តិធម៌ថែមទៀត៕
 

Tag:
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com