ជាតិ
សង្គមជាតិ
ករណីស្លាប់បុរសម្នាក់ពេលចាប់ខ្លួន៖ តុលាការ ឃុំអាវុធហត្ថ៣រូប ពីបទមនុស្សឃាតដោយអចេតនា
23, Aug 2022 , 10:34 pm        
រូបភាព
បន្ទប់សវនាការនៃសាលាដំបូងខេត្តកំពង់ធំ (រូបពីទំព័រហ្វេសប៊ុកអយ្យការ និងសាលាដំបូងខេត្តកំពង់ធំ)
បន្ទប់សវនាការនៃសាលាដំបូងខេត្តកំពង់ធំ (រូបពីទំព័រហ្វេសប៊ុកអយ្យការ និងសាលាដំបូងខេត្តកំពង់ធំ)
ភ្នំពេញ៖ តុលាការខេត្តកំពង់ធំសម្រេចឃុំខ្លួនកងរាជអាវុធហត្ថ៣រូប ជាបណ្ដោះអាសន្ន ពីបទមនុស្សឃាតដោយអចេតនា​ ដើម្បីស៊ើបអង្កេតបន្ថែមទៀត ពាក់ព័ន្ធនឹងករណីចុះបង្ក្រាបល្បែងស៊ីសងមួយកន្លែង ដែលបណ្ដាលឲ្យអនុភូមិម្នាក់ស្លាប់។



លោក សាយ វាសនា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមថា ចៅក្រមស៊ើបសួរ បានបញ្ជូនកងរាជអាវុធហត្ថទាំង៣រូប ទៅឃុំខ្លួននៅពន្ធនាគារ កាលពីថ្ងៃទី១៨សីហា ឆ្នាំ២០២២ ពីបទមនុស្សឃាតដោយអចេតនា។ អ្នកនាំពាក្យរូបនេះ ឲ្យដឹងដែរថា ករណីនេះចៅក្រមស៊ើបសួរ កំពុងស្វែងរកយុត្តិធម៌ឲ្យគ្រប់ភាគី ខណៈកងរាជអាវុធហត្ថទាំង៣រូប បានលើកឡើងថា ការសម្រេចរបស់តុលាការមានភាពអយុត្តិធម៌សម្រាប់ពួកគេ។

«កម្លាំងកងរាជអាវុធហត្ថ៣រូបនោះ ត្រូវចៅក្រមបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ពីបទមនុស្សឃាតដោយអចេតនា តាមមាត្រា២០៧ នៃក្រមព្រហ្មទណ្ឌ…»។ នេះជាការបញ្ជាក់របស់លោកព្រះរាជអាជ្ញារង សាយ វាសនា។

កងរាជអាវុធហត្ថ៣រូបនេះ រួមមាន លោក លុយ តាំងឈួយ ប្រធានអង្គភាពនគរបាលយុត្តិធម៌ លោក សៅ សិរីវុឌ្ឍ ជំនួយការអង្គភាពនគរបាលយុត្តិធម៌ និងលោក សុខ ម៉េងហុង នាយការិយាល័យព្រហ្មទណ្ឌ។ កាលពីថ្ងៃទី៧សីហា ប្រតិបត្តិការរបស់កងរាជអាវុធហត្ថខេត្តកំពង់ធំ នៅកន្លែងលេងល្បែងជល់មាន់តាមអនឡាញ បានបណ្តាលឲ្យអនុភូមិវ័យ៤៧ឆ្នាំម្នាក់ស្លាប់។

ក្រុមមន្រ្តី ដែលចុះទៅស្រាវជ្រាវ សន្និដ្ឋានជាបឋមថា ការខ្វះអ៊ុកស៊ីសែន ពេលត្រូវបានបញ្ជូនចូលទៅក្នុងរថយន្ត គួបផ្សំនឹងសុខភាពមិនសូវល្អ ជាមូលហេតុចម្បង ដែលនាំឲ្យបុរសនោះបាត់បង់ជីវិត។ គ្មានសញ្ញាណា ដែលក្រុមស្រាវជ្រាវរកឃើញថា គាត់ បាត់បង់ជីវិតដោយសារកងរាជអាវុធហត្ថសង្កត់ក ឬប្រើហិង្សាឡើយ៕

អត្ថបទទាក់ទង
 

Tag:
 ស្លាប់ពលរដ្ឋពេលចុះបង្ក្រាប
© រក្សាសិទ្ធិដោយ thmeythmey.com